លោកជំទាវ ឌុច ដាណា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកណ្តាល
December 07, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ឌុច ដាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកណ្តាល សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អគ្គនាយករង គណៈប្រតិភូសវនកម្មផ្ទៃក្នុង លោក លោកស្រី នាយក/នាយករងរដ្ឋបាល រដ្ឋបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានការិយាល័យ ប្រធានផ្នែក និងឃុំ/សង្កាត់ ក្រោមចំណុះរដ្ឋបាលខេត្តកណ្តាលជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារជាបន្តបន្ទាប់នៅរដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះរដ្ឋបាលខេត្ត ដែលបានចំណាយពេលវេលា កម្លាំង ប្រាជ្ញា និងស្មារតីក្នុងការចូលរួមអនុវត្តសកម្មភាពការងារប្រចាំថ្ងៃនៅតាមបណ្តាទីចាត់ការ និងអង្គភាពក្រោមចំណុះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

បន្ថែមពីនេះ លោកជំទាវ ក៏បានបញ្ជាក់ផងដែរអំពីគោលបំណងសំខាន់នៃការចុះធ្វើការងារសវនកម្មនៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីធ្វើឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដំណើរប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។

ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានលើកឡើងពីអនុសាសន៍ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពីការកែទម្រង់លើការងារគ្រប់វិស័យដោយផ្តោតសំខាន់លើការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព គណនេយ្យភាព និងសុចរិតភាព ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងជនជាប់ឃុំ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ជាកិច្ចបញ្ចប់ លោកជំទាវ អនុរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម អភិបាល អភិបាលរងខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញតួនាទី បម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងសហការ សម្របសម្រួលជាមួយប្រតិភូសវនកម្មផ្ទៃក្នុង ធ្វើឱ្យដំណើរការធ្វើសវនកម្មសម្រាប់ការិយបរិច្ចេទ២០២២ ប្រកបទៅដោយភាពរលូន និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រសិទ្ធពរជូនមន្ត្រី ពាក់ព័ន្ធទាំងអស់ក្នុងអង្គពិធី សូមឱ្យសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ពិសេសសូមឱ្យសម្រេចបានគ្រប់ភារកិច្ចទាំងអស់ ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ប្រគល់ជូន៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ