ក្រសួងមហាផ្ទៃ​ បដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានអនឡាញ The Cambodia Daily
December 06, 2023    អ្នកទស្សនា :

ក្រសួងមហាផ្ទៃ​ បដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ The Cambodia Daily ដែលបានចុះផ្សាយអត្ថបទមួយក្រោម ចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត....។ ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យ និងការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាពិសេសក្នុងចេតនា ធ្វើឱ្យចុះខ្សោយឥទ្ធិពលរបស់ថ្នាក់ដឹកនាំ ដែលជាកម្លាំងថ្មីបន្តវេនប្រកបដោយសក្តានុពល នៃ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ព័ត៌មានអុចអាលដ៏អសីលធម៌នេះ មិនមែនទើបកើតមាននាពេលនេះទេ ប៉ុន្តែផ្ទុយទៅវិញ ការផ្សព្វផ្សាយបែបនេះ ធ្លាប់ត្រូវបានក្រុមជ្រុលនិយមមួយចំនួនប្រឌិតឡើង ដើម្បីបង្កអរិភាពក្នុង ជួរមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាហូរហែមកហើយ តាំងពីដើម ទស្សវត្សឆ្នាំ៨០។ ឆ្លងតាមប្រវត្តិសាស្ត្រជាក់ស្តែង និងច្រំដែលៗជាច្រើនទស្សវត្សកន្លងមក ឃើញថា ចេតនា ញុះញង់បំបែកបំបាក់ដ៏គួរឱ្យស្អប់ខ្ពើមនេះ ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន មកលើមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ពុំដែលទទួលផលតាមមហិច្ឆតារំពឹងទុករបស់ ពួកគេម្តងណាឡើយ។ ផ្ទុយទៅវិញ គំនិតបំបែកបំបាក់ដ៏អគតិក្នុងចេតនាទុច្ចរិតនេះ បានផ្តល់ឱ្យក្រុម​របស់ខ្លួនឯងវិញ នូវការរលំរលាយ បែកបាក់ និងខ្ចាត់ខ្ចាយ រហូតមកដល់បច្ចុប្បន្ន៕

ដោយ៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល​ និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ