ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសក្រុមការងារហ្វេសប៊ុកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
December 06, 2023    អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសការកែសម្រួលសមាសភាពក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គស្នងការរង ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កិច្ចប្រជុំថ្ងៃនេះគឺធ្វើឡើងដើម្បីក្រុមការងារតាមដានការដោះស្រាយសំណូមពរ មតិយោបល់របស់ប្រជាពលរដ្ឋក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ទំព័រហ្វេសប៊ុកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​, និងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ពីសកម្មភាព លទ្ធផលការងារ និងបញ្ហាប្រឈម ដោយបានលើកឡើងថា កន្លងមក ក្រុមការងារបានផ្សព្វផ្សាយការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅក្នុងទំព័រហ្វេសប៊ុក ព្រមទាំងបានដកស្រង់សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិតជ្រាប និងស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់។ ឯកឧត្តមបានបន្ថែមថា កិច្ចការងារនេះគឺពិតជាមានសារៈសំខាន់ ដែលទាមទារឲ្យមានទំនួលខុសត្រូវខ្ពស់ ដើម្បី​ដោះស្រាយកង្វល់របស់ពលរដ្ឋ កាត់បន្ថយភាពអសកម្មរបស់មន្ត្រី ពន្លឿនការបម្រើសេវាសាធារណៈ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកកាន់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងលទ្ធផលការងារដែលសម្រេចបានកន្លងមក ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានថ្លែងនូវការកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានជាផ្លែផ្កា ស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលកិច្ចការងារនេះពិតជាមានតម្លៃ និងទទួលបានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ឯកឧត្តមសន្តិបណ្ឌិតបានជំរុញឱ្យក្រុមការងារដែលបានកែសម្រួលនេះនឹងបន្តសហការគ្នាបង្កើនការអនុវត្តការងារឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសបន្តសហការដោះស្រាយ សំណូមពររបស់ប្រជាពលរដ្ឋ ហើយពន្លឿននូវការដោះស្រាយបញ្ហាដែលនៅសេសសល់ផងដែរ។

គួរជម្រាបថា ក្រុមការងារនេះត្រូវបានបង្កើតឡើងចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ និងបានកែសម្រួលសមាសភាពក្រុមការងារចំនួន៤លើករួចមកហើយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងារឱ្យកាន់តែទូលំទូលាយ ហើយសម្រាប់ការកែសម្រួលក្រុមការងារចុងក្រោយនេះ មានឯកឧត្តម ជា សុគន្ធា ជារដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្តម ឧត្តមសេនីយ៍ឯក អាត់ បូនី ជាប្រធានក្រុមការងារ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ