ឯកឧត្តម ប៊ុន ហុន អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពនៃសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សពាក់ព័ន្ធសមត្ថកិច្ចក្រសួងមហាផ្ទៃ
December 05, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារនៃសេចក្ដីសម្រេចលេខ៥៣៩២សរស ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីពីការបង្កើតក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សពាក់ព័ន្ធសមត្ថកិច្ចក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ ទីប្រឹក្សា អនុប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គស្នងការរង អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃមួយចំនួន ដែលជាអនុប្រធាន និងសមាជិក-សមាជិកាផងដែរ។

ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារ បានមានប្រសាសន៍ថា ការងារសិទ្ធិមនុស្សគឺជាការងារសម្រាប់ជាតិទាំងមូល ដែលតម្រូវឲ្យមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកជួយដល់កិច្ចការងារនេះ។ ក្នុងន័យនេះ សម្រាប់ក្រុមការងារក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនេះ ត្រូវប្ដេជ្ញាចិត្តរួមគ្នាប្រមូលព័ត៌មានពាក់ព័ន្ធពីអង្គភាពរៀងៗខ្លួន និងមានការឯកភាពគ្នាលើព័ត៌មានដែលប្រមូលបាន ដើម្បីឆ្លើយតបទៅកាន់គណៈកម្មាធិការសិទ្ធមនុស្ស ក្រសួង ស្ថាប័ននានា ឱ្យបានទាន់ពេលវេលា និងធានាអំពីវឌ្ឍនភាពនៃការគោរពសិទ្ធិមនុស្សរបស់កម្ពុជា។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ការងារឆ្លើយតបក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនេះ គឺទាមទារឲ្យមានការប្តេជ្ញាចិត្តខ្ពស់រួមគ្នាទទួលខុសត្រូវ និងមានការឯកភាពគ្នា ពោលគឺធ្វើយ៉ាងណាឲ្យការផ្តល់ព័ត៌មាននោះលក្ខណៈគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់។

បន្ថែមពីនេះ កិច្ចប្រជុំនាថ្ងៃនេះក៏មានការពិភាក្សាទៅលើរបៀបរបបការងារផងដែរ ដោយឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានស្នើសុំឱ្យអង្គភាពពាក់ព័ន្ធមានការយោគយល់ទៅលើការចរាចរឯកសារតាមលក្ខណៈឌីជីថល​ ដែលអាចសម្រួលដល់ការផ្ដល់ធាតុចូល​ ឆ្លើយតប និងអនុវត្តការងារបានទាន់ពេលវេលា៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ