ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការផ្ទេរការផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ ក្នុងរាជធានីភ្នំពេញ
December 04, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានអញ្ជើ្ញញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការផ្ទេរការផ្ដល់សេវារដ្ឋបាល ដោយអនុវត្តតាមយន្តការច្រកចេញចូលតែមួយ ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងប្រធានមន្ទីរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានមានប្រសាសន៍ ស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះ ព្រមទាំងបានជម្រាបអំពីសាវតារមួយចំនួនពាក់ព័ន្ធនឹងការងារប្រតិភូកម្មការផ្ដល់សេវារដ្ឋបាល គោលនយោបាយ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ តែងតែយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែច្រើនឡើងៗក្នុងគោលបំណង ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពក្នុងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចក្នុងការបន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ជាមួយគ្នានេះ យុទ្ធសាស្ត្របញ្ចកោណបានបន្ថែមបញ្ចកោណទី៥ ដែលផ្ដោតលើការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល ដែលបានផ្ដល់អាទិភាពលើការកសាងរដ្ឋាភិបាលឌីជីថលតាមរយៈការធ្វើឌីជីថលភាវូបនីយកម្មការងារ ការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែកៀកកិតងាយស្រួល និងកាន់តែប្រសើរឡើងថែមទៀត។

បន្ថែមពីនេះ ឯកឧត្តម ឃ្លាំង ហ៊ួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងនាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា
អាជ្ញាធររាជធានីភ្នំពេញគ្រប់លំដាប់ថា្នក់នឹងចូលរួមក្នុងកិច្ចការផ្ដល់សេវាជូនប្រជាពលរដ្ឋនេះ ដោយឥតលក្ខខណ្ឌ។ ឯកឧត្តម អភិបាលរង បានបញ្ជាក់បន្ថែមថា នៅក្នុងរបត់នៃសង្គមលទ្ធិប្រជាធិបតេយ្យ គឺប្រជាពលរដ្ឋជាធំ តាមរយៈក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានរដ្ឋបាល បានយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យកំណែទម្រង់មួយនេះ ទៅដល់ថ្នាក់ក្រោមជាតិ និងយកទៅអនុវត្តបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

បន្ថែមលេីសពីនោះដែរ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំ និងដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ គឺមានគោលបំណងប្រមូលផ្ដុំឯកសារសេវារដ្ឋបាលឱ្យមកនៅកន្លែងតែមួយតាមវិធីសាស្ត្រសាមញ្ញប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ដោយធ្វើយ៉ាងណាឱ្យការិយាល័យច្រកចេញចូលតែមួយបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ កាន់បន្ថយការិយាល័យធិបតេយ្យ មិនផ្ដល់ភាពស្មុគស្មាញក្នុងការផ្ដល់សេវាដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងថែមទៀត៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ