សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ
March 21, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨របស់ក្រសួងមហាផ្ទៃ។ ក្នុងពិធីបើកនោះមានការអញ្ជើញចូលរួមពី គណៈអធិបតី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជានថ្នាក់នៃក្រសួងមហាផ្ទៃ ទាំងក្របខ័ណ្ឌនគរបាលជាតិ រដ្ឋបាលស៊ីវិល និងក្របខ័ណ្ឌពន្ធនាគារ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធនានា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារឆ្នាំ២០១៧ ដែលក្រសួងសម្រេចបាន និងលើកទិសដៅផែនការការងារអនុវត្តសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ គោរពជូនសម្តេចក្រឡាហោម និងអង្គសន្និបាតទាំងមូលជ្រាប។

សម្តេចក្រឡាហោម បានមានមតិស្វាគមន៍ សំណេះសំណាលថា សន្និបាតឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ យើងនឹងរួមគ្នាធ្វើការបូកសរុប វាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០១៨ លើកិច្ចការនានាស្ថិតក្នុងសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក្នុងនោះរួមទាំងចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្តិភាព” និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផងដែរ។

សម្តេចក្រឡាហោម បានបន្តរទៀតថា ក្នុងនាមរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងនាមសម្តេចផ្ទាល់ សូមសម្តែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រសួង ស្ថាប័ននានា ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលដឹកនាំ អនុវត្ត និងផ្តល់នូវការគាំទ្រយ៉ាងសកម្ម ដល់ក្រសួង ក្នុងការសម្រេចបានសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០១៧ ដែលជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលពី៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានគូសបញ្ជាក់បន្ថែមអំពីសមិទ្ធផលលេចធ្លោមួយចំនួន ដែលយើងប្រឹងប្រែងរួមគ្នាសម្រេចបានក្នុងឆ្នាំ២០១៧ កន្លងទៅនេះ ក្នុងនោះរួមមាន៖

-  ឆ្នាំ២០១៧​ កន្លងទៅនេះប្រទេសជាតិយើងនៅតែបន្តររក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សារធារណៈក្នុងសង្គមទាំងមូលបានល្អប្រសើរទោះបីសភាពការសន្តិសុខក្នុងតំបន់ និងពិភពលោកមានការប្រែប្រួលវិវត្តន៍ស្មុកស្មាញ បណ្តាលមកពីការរីករាលដាលនៃសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ហើយផ្ទៃក្នុងប្រទេសមជ្ឈដ្ឋានមួយចំនួន បានខិតខំប្រឹងប្រែងធ្វើសកម្មភាពបំភ្លៃបំប៉ោងការពិតក្នុងសង្គម អុចអាលញ៉ុសញ៉ុងប៉ុនប៉ងឲ្យមានចលនាវឹកវរក្នុងសង្គមយ៉ាងណាក្តី។ ក្រសួងមហាផ្ទៃផ្អែកតាមទួនាទីសមត្ថកិច្ចរបស់ខ្លួន ដែលកំណត់ដោយច្បាប់ និងដោយមានកិច្ចសហការគាំទ្រ និងការចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវប្រមូលភស្តុតាង ទាំងអង្គហេតុ ទាំងអង្គច្បាប់ ដើម្បីចាត់វិធានការស្របតាមគោលការនីតិរដ្ឋចំពោះគណបក្សនយោបាយមួយដែលបានឃុបឃឹតជាមួយមជ្ឈដ្ឋានខ្លះ ក្នុងការរៀបចំអនុវត្តគម្រោងផែនការជាប្រព័ន្ធដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ក្នុងរូបភាពបដិវត្តពណ៍។ ទទឹមនេះកងកម្លាំងនគរបាលជាតិ បានសហការណ៍ជាមួយកងយុទ្ធពលខេមរៈភូមិន្ទ និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោយជាតិរក្សាការពារបានយ៉ាងគត់ម៉ត់ នូវបូរណភាពទឹកដី អធិបតេយ្យជាតិ​ និងសន្តិសុខសណ្តាប់ធ្នាប់ តាមដំបត់ព្រំដែនបានយ៉ាងល្អប្រសើរ។

-​ ស្របជាមួយនេះកងកម្លាំងនគរបាលជាតិ ដោយមានកិច្ចសហការ នូវការចូលរួមពីកម្លាំងមានសមត្ថកិច្ចនានា និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ រួមគ្នាលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងសភាពការ និងខិតខំរួមគ្នាបង្ការ ទប់ស្កាត់បង្រ្កាបបទល្មើសនានាក្នុងសង្គមដោយប្រើប្រាស់វិធានការជំនាញ និងវិធានការមហាជនតាមរយះការជម្រុញអនុវត្តជាប្រចាំនូវគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ជាហេតុធ្វើឲ្យបទល្មើសឧក្រិដ្ឋបន្តថយចុះ ប្រមាណ១៤% បើប្រៀបនឹងឆ្នាំ២០១៦ ហើយលទ្ធផលនៃការបង្ក្រាបបទល្មើសនានាមានកំរិតខ្ពស់ជាងឆ្នាំមុនៗ ទាំងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ និងបទល្មើសមួយចំនួនទៀត។

- យើងបានខិតខំប្រឹងប្រែងរួមគ្នាបំពេញការងារ និងទទួលខុសត្រូវស្របតាមច្បាប់ ដើម្បីគាំទ្រដល់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឲ្យប្រព្រឹត្តទៅដោយជោគជ័យក្នុងលក្ខណសេរីត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពស្របតាមគោលការលទ្ធិប្រជាធិបតេយ្យ។

-​ ដើម្បីបន្តជម្រុញដំណើរការលទ្ធិប្រជាធិបតេយ្យ នូវការលើកកម្ពស់សិទ្ធិសេរីភាពការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ ក្រសួងមហាផ្ទៃបានខិតខំសម្របសម្រួលពង្រឹង និងគាំទ្រដំណើរការចុះបញ្ជី នូវការធ្វើសម្មភាពរបស់សមាគមន និងអង្គការមិនមែនរាជរដ្ឋាភិបាល និងគណបក្សនយោបាយស្របតាមច្បាប់ជាធរមាន។

- ការអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងលើកទី២ របស់រាជរដ្ឋាភិបាល ក៏សម្រេចសមិទ្ធផលគួរឲ្យកត់សម្គាល់ ទាំងក្នុងការងារផ្សព្វផ្សាយអប់រំ ការងារអនុវត្តច្បាប់ ការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នជាតិ អន្តរជាតិ រួមទាំងការពង្រឹងយន្តការពង្រឹងពិនិត្យគ្រឿងញៀនក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

- សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយក្នុងសង្គម ត្រូវបានយកចិត្តទុកដាក់រៀបចំកែលម្អជាបន្តបន្ទាប់ និងអនុវត្តព្រមៗគ្នាជាប្រចាំ ទាំងការជំរុញលើកកម្ពស់ការយល់ដឹងដល់អ្នកប្រើប្រាស់ផ្លូវផង ការរឹតបន្តឹងការអនុវត្តន៍ច្បាប់ និងការរៀបចំ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ឲ្យស្របតាមស្ថានភាពជាក់ស្តែងផង ដែលបានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តកាត់បន្ថយប្រមាណជិត៥%ក្នុងឆ្នាំ២០១៧។

- ការគ្រប់គ្រងជនអន្តោប្រវេសន្ត​ សម្រេចបានសមិទ្ធផលគួរឲ្យគត់សម្គាល់ តាមរយះខិតខំប្រឹងប្រែង លើកកម្ពស់ការគ្រប់គ្រងការចេញចូលមកព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើការបំពាក់បន្ថែមឧបករណ៍អេឡិចត្រូនិច ដើម្បីកត់ត្រាទិន្នន័យចេញចូល និងតាមដានគ្រប់គ្រងមុខសញ្ញានានា ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងការស្នាក់នៅ និងការបំពេញការងាររបស់ជនអន្តោប្រវេសន្តស្របតាមច្បាប់អន្តោប្រវេសន៍និងច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។ ទទឹមនេះ ដំណើរការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកាន់កាប់ប្រើប្រាស់ កំពុងដំណើរការដោយរលូន។

- ការផ្តល់សេវារដ្ឋបាលលើការងារអត្តសញ្ញាណកម្ម បាននឹងកំពុងផ្តល់ភាពងាយស្រួលដល់ការទទួលសេវារបស់ប្រជាពលរដ្ឋ តាមរយៈការខិតខំរៀបចំ និងកែងសម្រួលក្របខ័ណ្ឌគតិយុត្ត ការពង្រីកគោលដៅផ្តល់សេវា ការជំរុញបង្កើតប្រព័ន្ធគ្រប់គ្រងនិនុ្នន័យ និងប្រព័ន្ធផ្តល់-ទទួលសេវាតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព៌ត័មាន ដោយខិតខំពង្រីកនិងលើកកម្ពស់ប្រសិទ្ធភាពការងារអត្តសញ្ញាណកម្ម ស្របតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម។

- ក្នុងការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្រសួងបាន និងកំពុងខិតខំយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពអង្គភាពដែលជាអង្គប្រតិបត្តិការហិរញ្ញវត្ថុ និងការបង្កើនកម្រិតយល់ដឹងដល់មន្ត្រីជំនាញ សម្រាប់ត្រៀមអនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធីពេញលេញ នៅក្នុងឆ្នាំ២០១៨ ដោយបានរៀបចំវគ្គបំប៉នជំនាញជាច្រើនវគ្គ ដើរទន្ទឹមនឹងការកំណត់លក្ខណៈសម្បត្តិរបស់អង្គភាពមួយចំនួនជាអង្គភាពថវិកាដើម្បីអនុវត្តអង្គភាពថវិកាចាប់ពីឆ្នាំ២០១៨ នេះទៅ។

- ចំពោះកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏បានខិតខំរួមគ្នាសម្រេចបានសមិទ្ធផលធំៗជាច្រើនរួមចំណែកអនុវត្ត បញ្ចប់នូវផែនការអនុវត្តដំណាក់កាលទី២ នៃកម្មវិធីជាតិ ឬហៅកាត់ថា ផអ៣ ទី២ ដែលផ្តោតសំខាត់ទៅលើការលើកកម្ពស់ ការគ្រប់គ្រងកិច្ចដំណើរការកែទម្រង់ការជំរុញឲ្យមានភាពកាន់តែប្រសើរឡើងនូវការងារគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ការលើកកម្ពស់ស្វ័យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឈន៍ធនធានមនុស្ស ការជំរុញការផ្ទេរមុខងារ និងធនធាន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និងការជំរុញការធ្វើវិមជ្ឈការហិរញ្ញវត្ថុ។

- ការផ្តល់សេវាសាធារណៈតាមការិយាល័យច្រកចេញចូលតែមួយ ត្រូវបានលើកកម្ពស់ និងពង្រីកជាបន្តបន្ទាប់ និងកាន់តែទទួលបានការគាំទ្រពីសាធារណជនគ្រប់មជ្ឈដ្ឋាន។ ជាពិសេសការរៀបចំបង្កើតការរិយាល័យច្រកចេញចូលតែមួយនៅថ្នាក់រាជធានីខេត្ត ទូទាំងប្រទេស ដែលនឹងដាក់ឲ្យដំណើរការនៅដើមត្រីមាសទី២ ឆ្នាំ២០១៨ នេះតទៅ។

សម្តេចក្រឡាហោម មានបន្ថែមទៀតថា ក្រៅពីសមិទ្ធផលសំខាន់ៗខាងលើនេះ អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ក៏ខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលនានា ជាច្រើនពាក់ព័ន្ធនិងការគ្រប់គ្រងពន្ធនាគារ ការចុះធ្វើអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ការងារភស្តុភារនិងហិរញ្ញវត្ថុ ការគ្រប់គ្រងនិងអភិវឌ្ឈធនធានមនុស្សទាំងរដ្ឋបាលស៊ីវិល​ និងនគរបាលជាតិ។

សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមទៀតថា ទទឹមសមិទ្ធផលខាងលើនេះ យើងក៏នឹងជួបប្រទះបញ្ហាប្រឈម ដែលតម្រូវឲ្យមានវិធានការដោះស្រាយឲ្យបានសមស្របនិងទាន់ពេលវេលា ដើម្បីរួមគ្នាសម្រេចឲ្យបានជោគជ័យនូវការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា។

ជាចុងបញ្ចប់ សម្តេចក្រឡាហោម បានជូនពរដល់អង្គសន្និបាតទាំងមូលជួបប្រទះនឹងពុទ្ធពរទាំង០៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកសន្និបាតចាប់ពីពេលនេះតទៅ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ