សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំសេចក្តីណែនាំស្តីពីការពង្រឹងចលនាប្រជាការពារ 
June 06, 2023    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើសេចក្តីណែនាំស្តីពីការពង្រឹងចលនាប្រជាការពារ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក និងអ្នកមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងអំពីសាវតានៃការបង្កើតចលនាប្រជាការពារ ចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៩ ក្រោយការដួលរលំទាំងស្រុងនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ព្រមទាំងនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា កាលពីឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងអំពីកត្តាសំខាន់របស់ប្រជាការពារក្នុងការចូលរួមលើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព ផាសុខភាព និងសុខដុមរមនា។

នាឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីសេចក្តីណែនាំស្តីពីការពង្រឹងចលនាប្រជាការពារគោរពជូន សម្តេចក្រឡាហោម និងអង្គប្រជុំជ្រាបដោយឯកឧត្តមមានប្រសាសន៍លើកឡើងថា យុទ្ធនាការបំផុសចលនាមហាជនដើម្បីចូលរួមការពារសន្តិសុខមាតុភូមិហៅថា “ចលនាប្រជាការពារ” ក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍វិធានការនានាជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍន៍កិច្ចដំណើរការនៃចលនាប្រជាការពារនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាបានសន្តិសុខ សុវត្ថិភាពសហគមន៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សន្តិបណ្ឌិត ក៏បានធ្វើបទបង្ហាញអំពីវិធានទូទៅស្ដីពីការកសាងប្រជាការពារ ដែលមានដូចជា គោលការណ៍ជាមូលដ្ឋាននៃចលនាប្រជាការពារ, អំពីការបំផុសចលនា និងផ្សព្វផ្សាយអប់រំ, ភារកិច្ចរបៀបរបបធ្វើសកម្មភាព និងសិទ្ធរបស់ប្រជាការពារ, ការកសាងចាត់តាំងកម្លាំងប្រជាការពារ, ការរៀបចំយន្តការដឹកនាំ គ្រប់គ្រងចលនាប្រជាការពារ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់អង្គប្រជុំត្រូវជជែក ពិភាក្សា ផ្លាស់ប្តូរយោបល់អោយបានផុលផុស ផ្តល់ជាធាតុចូលបន្ថែមទៀត ដើម្បីធ្វើឱ្យសេចក្តីណែនាំស្តីពីការពង្រឹងចលនាប្រជាការពារនេះ អាចអនុវត្តទៅប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ