សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ខេត្តព្រៃវែង
May 31, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច បានធ្វើរបាយការណ៍គោរពជូនអង្គពិធីឱ្យដឹងថា វត្តបឹងដោល ស្ថិតនៅភូមិបឹងដោល បានកសាងឡើងក្នុងរជ្ជកាលព្រះបាទនរោត្តម នៅឆ្នាំ១៨៩០ ស្ថិតលើដីទួលចាស់មួយកន្លែងដែលមានទំហំជិត ២ហិចតា ដោយចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ មន្ត្រីរាជការសម័យនោះ ដោយមាន ភិក្ខុ ព្រះនាម ចឺម ជាអ្នកដឹកនាំកសាងដំបូង។  បន្តមកទៀត នៅឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត វត្តនេះត្រូវបានពួកខ្មែរក្រហម យកធ្វើជាកន្លែងផ្សំថ្នាំឱសថបុរាណ រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទក៏រៀបចំបង្កើតឡើងវិញនៅឆ្នាំ១៩៨៥ ដោយបាននិមន្តភិក្ខុព្រះនាម ពូនង ប៊ុនម៉េង និមន្តមក ពីកម្ពុជាក្រោម ជាព្រះចៅអធិការវត្ត ចាប់ពីឆ្នាំ១៩៨៥ រហូតឆ្នាំ ១៩៨៨ បានជួសជុលសមិទ្ធផលចាស់ៗ។ 

លោកអភិបាលស្រុកព្រះស្ដេចបានបន្ថែមថា ដោយសារព្រះវិហារមុនមានសភាពចាស់ទ្រុឌទ្រោម ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តបានសម្រេចរុះរើ និងកសាងព្រះវិហារថ្មីឡើងវិញ នៅខែមីនា ឆ្នាំ២០១៩ ដែលមានទំហំទទឹង ៩,៧៥ម៉ែត្រ បណ្ដោយ ១៨.៧០ ម៉ែត្រ និងដងទង់មួយគូរ កំពស់២៥ម៉ែត្រ ហើយរួចរាល់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៣នេះ ចំណាយថវិកាគិតជាដុល្ល អស់ចំនួន ២៧៩,៥៥០ដុល្លារ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងសម្រេច បាននូវសមិទ្ធផលនានាជាច្រើន និងបានថ្លែងអំណរគុណចំពោះក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង និងសប្បុរសជនដែលបាន បរិច្ចាគនូវធនធានជាច្រើនក្នុងការចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋានខេត្តព្រៃវែង។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម និងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនស្របតាមពាក្យស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍»។

ទន្ទឹមនោះដែរ សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តឱ្យជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ «បីកុំ មួយរាយការណ៍» ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប នឹងទប់ស្កាត់បានទាន់ពេលវេលា។

លើសពីនេះទៀត សម្ដេចក្រឡាហោម បានណែនាំដល់អជ្ញាធរមូលដ្ឋាន ដែលមានសមត្ថកិច្ចទាំងអស់ឱ្យបន្តលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និង អនុវត្តឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនមានការរើសអើងនិន្នាការនយោបាយ ប្រកបដោយយុត្តិធម៌ និងសុចរិតភាព៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ