ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ដដល់គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា
May 30, 2023    អ្នកទស្សនា :

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក្នុងសាលផ្នែកបុរស ដែលទើបបញ្ចប់បេសកកម្មចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយទទួលបានមេដាយប្រាក់ ជាកំណត់ត្រាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទះកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក្នុងនាមឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សូមផ្ដាំផ្ញើសាកសួរសុខទុក្ខ កោតសរសើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលបានចូលរួមអបអរសាទរ និងកោតសរសើរដោយស្មោះចំពោះ ថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក ក្រុមកីឡាបាល់ទះ ក្នុងសាលផ្នែកបុរស ដែលទទួលបានមេដាយប្រាក់ ជាប្រវត្តិសាស្ដ្របាល់ទះកម្ពុជា ក្នុងការប្រកួតកីឡាស៉ីហ្គេម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា រឿងរ៉ាវភ្ញាក់ផ្អើលធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ និងប្រជាពលរដ្ឋកម្ពុជានឹកស្មានមិនដល់ចំនួន២ គឺទី១៖ កាលពីស៉ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក្រុមកីឡាបាល់ទះកម្ពុជា ទទួលបានមេដាយសំរិទ្ធ និងទី២៖ ក្នុងការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រុមកីឡាបាល់ទះកម្ពុជា ទទួលបានមេដាយប្រាក់។ ជោគជ័យរបស់ក្រុមបាល់ទះកម្ពុជា គឺដោយសារថ្នាក់ដឹកនាំសហព័ន្ធ ការប្ដេជ្ញាចិត្ត និងកិច្ចសហការល្អរបស់កីឡាករ។

ក្នុងឋានៈជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា នៅពេលកីឡាបាល់ទះកម្ពុជា ទទួលបានមេដាយសំរិទ្ធ និងមេដាយប្រាក់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ ប៉ុន្ដែឯកឧត្តម នាយឧត្តមសេនីយ៍ បង្ហាញមហិច្ឆតាខ្ពស់ដើម្បីឈានទៅដណ្ដើមមេដាយមាស នៅពេលអនាគត។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងបន្តថា ដើម្បីឈានទៅដណ្ដើមមេដាយមាស ទាមទារឱ្យថ្នាក់ដឹកនាំ និងក្រុមកីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែង ដោយមិនភ្លេចនូវការឧបត្ថម្ភផ្សេងៗនោះឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បន្ថែមថា បច្ចុប្បន្នកីឡាករបាល់ទះកម្ពុជាគ្រប់ៗរូប បានក្លាយជា idol របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយពួកគាត់ផ្ដល់ក្ដីស្រលាញ់ និងចូលចិត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា កីឡាករម្នាក់ៗត្រូវតែខិតខំប្រឹងប្រែងហ្វឹកហាត់ ប៉ុន្ដែមិនមែនហ្វឹកហាត់រហូតនោះទេ ពោលត្រូវបែងចែកកាលវិភាគច្បាស់លាស់ ដោយត្រូវមានពេលសម្រាប់សម្រាកផងដែរ។

គួរជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានផ្តល់ថវិកាលើកទឹកចិត្តដល់គ្រូបង្វឹក និងក្រុមកីឡាករ ចំនួន ២០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២,០០០ដុល្លារ និងម៉ូតូម្នាក់មួយគ្រឿងផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បន្ថែមថា រង្វាន់នេះជារឿងមួយផ្នែកនោះទេ ប៉ុន្ដែអ្វីដែលជារឿងសំខាន់នោះ គឺជាមោទនភាពសម្រាប់ជាតិទាំងមូល៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ