សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមពិធីសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១០៧
March 09, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១០៧"ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ" ដែលបានរៀបចំដោយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ។ ទិវានារីអន្តរជាតិនេះមានអ្នកចូលរួមពីរដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃបណ្តាអគ្គនាយកដ្ឋាន ដែលជានារី ប្រមាណ១២០០នាក់។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានឡើងមានមតិស្វាគមន៍ និងអានព្រះរាជសារ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងសរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គោរពជូនសម្តេចក្រឡាហោម និងអង្គពិធីទាំងមូលជ្រាបថា៖ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានផ្ញើសារអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនានេះ ដោយសូមឱ្យកូនចៅជាមាតាបិតាទាំងអស់ប្រឹងប្រែងលើកកម្ពស់សីលធម៌ វប្បធម៌អហិង្សា នៅក្នុងគ្រួសារតាមរយៈការអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន ការប្រើអំពើហិង្សា ដោយរួមគ្នាការពារសន្តិភាព សណ្តាប់ធ្នាប់ល្អ ដើម្បីរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត។

លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានអានរបាយការណ៍ ស្តីពីស្ថានភាពស្រ្តី នៅក្រសួងមហាផ្ទៃ គោរពជូនសម្តេចក្រឡាហោម និងអង្គពិធីទាំងមូលជ្រាបផងដែរថា៖ ក្នុងឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានតម្លើងថ្នាក់តួនាទី និងឋានន្តរស័ក្តិមន្ត្រីជាស្រ្តី ជូនមន្ត្រីមានចំនួនសរុប ១,០៩២រូប ក្នុងនោះមានៈ ក្របខណ្ឌមន្ត្រីរដ្ឋបាលស៊ីវិលជាន់ខ្ពស់មានស្ត្រី១៩រូប ស្មើនឹង១២,២៥% ក្របខណ្ឌមន្ត្រីក្រមការមានស្រ្តី៩៤រូប ស្មើនឹង២៤,៥៦% ក្របខណ្ឌមន្ត្រីលេខាធិការរដ្ឋបាល មានស្ត្រី១២៤រូប ស្មើនឹង ២៦,៣៨% ក្របខណ្ឌមន្ត្រីអនុរក្សពន្ធនាគារ មានចំនួន ២១រូប ស្មើនឹង ៧,៩៨%។

ក្នុងពិធីនេះ សម្តេចក្រឡាហោម បានមានមតិដោយសេចក្តីសោមនស្សរីករាយ ដែលបានមកជួបជុំថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី ក្នុងឱកាសមីទ្ទីញអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ” នាឱកាសនេះ។ ពាក់ព័ន្ធនឹងប្រធានបទនៃទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ” សម្តេចបានគូសបញ្ជាក់ថា សន្តិភាព និងការអភិវឌ្ឍន៍ គឺជាពាក្យដែលងាយស្រួលនិយាយ ប៉ុន្តែគឺជាកម្មវត្ថុដែលមិនងាយសម្រេចបាន ហើយដែលគ្រប់ជាតិសាសន៍ក្នុងសកលលោកតែងតែប្រាថ្នាចង់បាន។ ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំគ្រប់បែបយ៉ាង ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពនៃសន្តិភាព ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សង្គមជាតិ ដែលកាតព្វកិច្ចនេះក៏ទាមទារឱ្យមានការចូលរួមពីគ្រប់កម្លាំងចលករក្នុងសង្គម រួមទាំងកម្លាំងស្រ្តីផងដែរ។ សម្រាប់អនាគតទៅមុខ សន្តិភាពនៅតែជាកត្តាគន្លឺះ និងជាមូលដ្ឋានគ្រឺះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍន៍ជាតិ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំថែរក្សាឱ្យបានគង់វង្ស និងស្ថិតស្ថេរជាដាច់ខាត ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។

ជាចុងបញ្ចប់ សម្តេចក្រឡាហោម បានជូនពរអង្គមីទ្ទីញទាំងមូលជួបតែសេចក្តីសុខ និងសុខភាពល្អ ដើម្បីរួមគ្នាជួយដល់ស្ថាប័ន និងសង្គមជាតិកុំបីអាក់ខានឡើយ។  បន្ទាប់មសម្តេចបានជូនបាច់ផ្កាដល់លោកជំទាវ ញ៉ែម សាខន ភរិយាសម្តេច លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ ជូ ប៊ុនអេង និងលោកជំទាវ ជួញ សុឆៃ ព្រមទាំងជូនតំណាងមន្ត្រីរាជការនារីនូវថវិកាចំនួន ១០០,០០០រៀល ក្នុងម្នាក់ៗទៀតផង៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ