សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធីបតីដឹកនាំកិច្ចប្រជុំឣន្តរក្រសួង ដើម្បីពិនិត្យ ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
March 27, 2023    អ្នកទស្សនា :

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ជាច្រើនរូបទៀត។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា លិខិតស្នាមនានាត្រូវធ្វើឡើងដើម្បីបង្រួម និងសង្ខេបព័ត៌មានអំពីការកើត ទិន្នន័យអត្តសញ្ញាណបុគ្គល បណ្តុំទិន្នន័យជីវមាត្រ អាពាហ៍ពិពាហ៍ សុខាភិបាល និងលិខិតបញ្ជាក់មរណភាពជាដើម។

សម្តេចក្រឡាហោម មានប្រសាសន៍ ឱ្យដឹងថា កន្លងមកទាក់ទងនឹងបទបញ្ញាតិ្តនៃការចុះបញ្ជីស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបាននឹងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ នៅមានភាពរប៉ាត់រប៉ាយ ដែលបង្កការលំបាកក្នុងការទទួលបានព័ត៌មានជាក់លាក់ ច្បាស់លាស់ និងមិនទាន់មានភាពគ្រប់គ្រាន់ ដែលពុំទាន់ឆ្លើយតបទៅនឹងសភាពការណ៍នាពេលបច្ចុប្បន្ន។ ដោយមើលឃើញពីការរីកចម្រើន និងតម្រូវការចាំបាច់នេះ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះឡើង។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានសម្តែងការកោតសរសើរចំពោះក្រុមការងារអន្តរក្រសួងដែលបានចូលរួមសហការ និងអនុវត្តតាមការណែនាំនានាចាប់តាំងពីដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ដំបូង រហូតដល់បញ្ចប់សេចក្តីព្រាងច្បាប់ដោយជោគជ័យ ដែលបានធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្តល់ធាតុចូលសំខាន់ៗ រហូតសម្រេចបានជារួមសេចក្តីព្រាងច្បាប់នេះមាន១៣ជំពូក និង១៨២មាត្រា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអនុត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីខ្លឹមសារសំខាន់ៗនៃជំពូកនីមួយៗ គោរពជូនសម្តេចក្រឡាហោម និងអង្គពិធីបានជ្រាប។ ទន្ទឹមនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះអាចថាជាកិច្ចប្រជុំអន្តរក្រសួងចុងក្រោយ មុននឹងដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច។ បន្ថែមពីនេះទៀត សម្តេចក្រឡាហោម ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងដើម្បីស្រាវជ្រាវ និងតាក់តែងច្បាប់នេះឡើង។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអនុត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មាន១៣ជំពូក និង១៨២មាត្រា ដែលរៀបចំឡើងដើម្បីកំណត់អំពីវិធាន និងនីតិវីធីដែលទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការរៀបចំស្ថិតិអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល និងការរៀបចំ និងការគ្រប់គ្រងបញ្ជីប្រជាជនដើម្បី ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ