សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧
March 22, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងពាក់ព័ន្ធ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើរបាយការណ៍សង្ខេបបូកសរុបលទ្ធផលប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ ជូនគណៈអធិបតី និងអង្គពិធីទាំងមូលជ្រាបថា ក្នុងឆ្នាំ២០២២ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៦.៣៩០ករណី ឃាត់ខ្លួន ១៥.០០២នាក់ ក្នុងនោះ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១៤.៩១៩,៤៧គីឡូក្រាម។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា នៅកម្ពុជា ពួកឧក្រិដ្ឋជនគ្រឿងញៀនបានឆក់ឱកាសផ្លាស់ប្ដូររូបភាព វិធីសាស្ត្រ និងឧបាយកលថ្មីៗ ក្នុងការដឹកជញ្ជូនគ្រឿងញៀន ដែលភាគច្រើនមានប្រភពមកពីតំបន់ត្រីកោណមាស ឆ្លងកាត់ ប្រទេសកម្ពុជាតាមផ្លូវគោក ផ្លូវទឹក (ព្រំដែនឡាវ-កម្ពុជា) តាមបញ្ញើប្រៃសណីយ៍ និងតាមដែនសមុទ្រ នៃប្រទេសកម្ពុជា ដើម្បីនាំចេញបន្តទៅប្រទេសទី៣ផង និងមួយផ្នែកទៀតលួចលាក់ចរាចរជួញដូរនៅក្នុងស្រុកផងដែរ។ ថ្មីៗនេះ ក៏ពិនិត្យឃើញថា ពួកឧក្រិដ្ឋជនគ្រឿងញៀនមួយចំនួន បានលួចកែច្នៃផលិត សារធាតុញៀននៅតាមភូមិសាស្ត្រអំណោយផលនៃបណ្តាខេត្តមួយចំនួន ដោយបន្លំជ្រកក្រោមស្លាក រោងចក្រ ឬសិប្បកម្ម សហគ្រាស និងខ្លះទៀតលួចកែច្នៃនៅតាមខុនដូរ ក្នុងបូរី ឬដីចំការជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសេចក្តីរាយការណ៍អំពីផែនការ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ថា អាជ្ញាធរជាតិ នឹងបន្តចាត់តាំងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រមទាំងចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ ដោយផ្អែកតាម គោលការណ៍រួម និងវិធានការទាំង៥ ដែលបានកំណត់ក្នុងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ឱ្យដឹងថា ជាមួយគ្នានេះ អាជ្ញាធរជាតិ នឹងបំពេញបន្ថែមនូវកិច្ចការអាទិភាពមួយចំនួនក្នុងវិធានការអនុវត្តច្បាប់ ក៏ដូចជាសកម្មភាពត្រួតពិនិត្យ គ្រប់គ្រងសារធាតុគីមី (នាំចូល ការធ្វើសន្និធិ(សន្សំទុក) ការចែកចាយ និងការប្រើប្រាស់) ដើម្បីធ្វើការទប់ស្កាត់ឱ្យបាននូវសកម្មភាពឆក់ឱកាសប្រើប្រាស់សារធាតុគីមីទាំងនោះ ជាពិសេសការយកទៅប្រើប្រាស់ជាសារធាតុផ្សំផលិតសារធាតុញៀន។

បន្ថែមពីនេះដែរ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថ្លែងការកោតសរសើរចំពោះសមត្ថកិច្ច ក្នុងខិតខំប្រឹងប្រែងអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់ថវិកាសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមាន សម្ដេចក្រឡាហោម ដឹកនាំចង្អុលបង្ហាញលើកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងទៅ។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា សម្ដេច សូមឯកភាពចំពោះការវាយតម្លៃអំពីស្ថានភាព និងលទ្ធផលប្រតិបត្តិការ អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងការលើកទិសដៅអនុវត្តបន្ត ដែលបានរៀបចំ និងរាយការណ៍ដោយលេខាធិការដ្ឋាន ពិសេសសូមគាំទ្រទាំងស្រុង ចំពោះផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ របស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដោយស្មោះ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត កងកម្លាំង អនុវត្តច្បាប់គ្រប់ប្រភេទ ដែលបានយកអស់កម្លាំងកាយចិត្ត គំនិត ប្រាជ្ញា និងបទពិសោធន៍ ដើម្បីចាត់តាំង និងអនុវត្តប្រកបដោយឆន្ទៈមោះមុត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាលឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

លើសពីនេះ សម្ដេចក្រឡាហោម បានបន្ថែមថា សមិទ្ធផលជាទីមោទកៈនេះ មិនត្រឹមតែជាសក្ខីកម្មឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការពារនូវធនធានមនុស្ស និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប៉ុណ្ណោះទេ គឺថែមទាំងបានឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មុតស្រួចរបស់កម្ពុជា ក្នុងការរួមចំណែកទប់ស្កាត់ កាត់បន្ថយឥទ្ធិពលប្រកបដោយគ្រោះថ្នាក់ ដែលបណ្តាលមកពីបទល្មើសគ្រឿងញៀននៅក្នុងតំបន់ និងសកលលោកផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ