សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
March 21, 2023    អ្នកទស្សនា :

នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ រដ្ឋមន្ដ្រីក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

 

នាឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើរបាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម និងអង្គពិធីទាំងមូលថា គណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រក នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបន្តការងារតាមគោលការណ៍ដឹកនាំរបស់ គណៈបញ្ជាការយុទ្ធនាការ ក្នុងការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងឈានទៅបំផ្លាញអង្គការចាត់តាំង ឧក្រិដ្ឋជនគ្រឿងញៀន ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ទាំងក្នុងតំបន់ អនុតំបន់ ពិសេសសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនគ្រប់ប្រភេទ ឆ្លងកាត់តំបន់ព្រំដែន។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី លើកឡើងថា ឆ្នាំ២០២២ ករណីបទល្មើសគ្រឿងញៀនធំៗ ដែលសមត្ថកិច្ចស្រាវជ្រាវ និងរឹបអូសបានចំនួនជាង ១៤តោន ស្មើនឹង៣១៨% បើប្រៀបធ្រៀបឆ្នាំកន្លងទៅ គឺជាទំហំមួយច្រើនលើសលុបដែលយើងគ្រប់គ្នាមានការព្រួយបារម្ភជាខ្លាំង។ ឯកឧត្តម បន្ដថា ឆ្នាំ២០២២ សរុបតួរលេខអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនមានចំនួន ២ ២,២១៣នាក់ កើនឡើង ៥,៩៤៩នាក់ បើប្រៀបធៀប ឆ្នាំ២០២១ ។ ជនសង្ស័យសរុប ឃាត់ខ្លួន ១៥,០០២នាក់ ស្មើនឹង ១០៧.៣២% ប្រៀបធៀបនឹងឆ្នាំ២០២១។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ កម្ពុជានៅបន្តរងគ្រោះលេីករណីចរាចរគ្រឿងញៀន ឆ្លងកាត់កម្ពុជាទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ ពិសេសគឺ​ ករណី​រក្សាទុក កែច្នៃផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រទេស ក្នុងនោះ ករណីកែច្នៃ ផលិតគ្រឿងញៀនប្រភេទកេតាមីន ករណីរក្សាទុក និងជួញដូរគ្រឿងញៀន ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តមួយចំនួន តែងកើតមានឡើងជាបន្តបន្ទាប់នៅតាមអគារខុនដូរ បុរី លំនៅដ្ឋាន ផ្ទះជួល និងទីតាំងដី ឃ្លាំងជួលជាដេីម។

សម្ដេចក្រឡាហោម បន្ដថា ទន្ទឹមនេះក៏មានភស្តុតាងជាក់ស្ដែងអំពីការវេចខ្ចប់គ្រឿងញៀនក្នុងគោលបំណងនាំចេញទៅក្រៅប្រទេសតាមច្រកព្រំដែនកម្ពុជា-វៀតណាម និងការដឹកជញ្ជូន ចេញតាមច្រកសមុទ្រកម្ពុជាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។ ជាមួយនេះ សារធាតុគីមី ដែលអាចផ្សំជាគ្រឿងញៀនជាច្រើនរយតោន រួមទាំង ឧបករណ៍ សម្ភារ កែច្នៃផលិត និងវេចខ្ចប់មួយចំនួនធំ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃើញ បង្ក្រាប និងរឹបអូសបានដោយជោគជ័យ។

សម្ដេចក្រឡាហោម បន្ថែមថា បញ្ហាទាំងអស់នេះ អាចធ្វើការកត់សម្គាល់បានជារួម ទាំងក្នុងក្របខ័ណ្ឌ សកល តំបន់ និងកម្ពុជា ដូចជា ៖ និន្នាការ នៃការចរាចរជួញដូរ និងការលួចលាក់កែច្នៃផលិតគ្រឿងញៀន ខុសច្បាប់ នៅតែជាបញ្ហាប្រឈមខ្ពស់ ជាពិសេស កលល្បិច វិធីសាស្ត្រ និង បច្ចេកទេស នៃការដឹកជញ្ជូន ការចែកចាយ ការកែច្នៃ ផលិតគ្រឿងញៀន របស់ពួកឧក្រិដ្ឋជន មានអង្គការចាត់តាំងច្បាស់លាស់ មានទ្រង់ទ្រាយធំ និងមានលក្ខណៈកាន់តែស្មុគ្រស្មាញខ្លាំងឡើង។

លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា ការអនុវត្តវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបការចរាចរ ការជួញដូរខុសច្បាប់ឆ្លងកាត់ព្រំដែននូវគ្រឿងញៀន និងសារធាតុគីមីដែលអាចផ្សំជា គ្រឿងញៀន នៅមានការខ្វះចន្លោះ និងការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំ ក្នុងប្រទេសនីមួយៗពុំទាន់បានគ្រប់ជ្រុងជ្រោយ និង មានប្រសិទ្ធភាពនៅឡេីយ។ សម្ដេច បន្ដថា អត្រានៃតម្រូវការប្រើប្រាស់គ្រឿងញៀនមានការកើនឡើង ជាកត្តាសត្យានុម័តតែមួយគត់ ដែលនាំឲ្យមានទីផ្សារជួញដូរ និងការកែច្នៃផលិត ផ្គត់ផ្គង់ កាន់តែធំ និងរីករាលដាលគ្រប់ទីកន្លែង។​

សម្តេចក្រឡាហោម​ បានគូសបញ្ជាក់បន្ថែមថា​ ពាក់ព័ន្ធនឹងបញ្ហាដែលបានលេីកឡេីងក៏ដូចជា ដើម្បីដោះស្រាយរាល់ចំណុចអសកម្ម មួយចំនួន របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងអង្គសន្និបាត​ ជាពិសេស ដើម្បីបង្កើនប្រសិទ្ធភាពការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០២៣ ក៏ដូចជាការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្ត​អោយកាន់តែមានប្រសិទ្ធភាព​ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សម្តេចបានគាំទ្រទាំងស្រុង ចំពោះទិសដៅ ដែលអង្គសន្និបាតបានដាក់ចេញសម្រាប់ឆ្នាំ២០២៣ និងសម្រាប់ជាទស្សនៈវិស័យក្នុងការអនុវត្តនៅបណ្តាឆ្នាំជាបន្តទៀត។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏ធ្វើការណែនាំ ចំពោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង-ស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនរាជធានី-ខេត្ត និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ រៀបចំ និងអនុវត្តការងារតាមវិស័យ និងតាមជំនាញរបស់ខ្លួន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនបន្ថែមទៀត៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ