ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្ដេចក្រឡាហោម ស ខេង នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
March 21, 2023    អ្នកទស្សនា :

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី ១៨-២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ក្នុងស្មារតីដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងភាគីទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ជាមួយគ្នានោះ ភាគីនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានឯកភាពយកចិត្តទុកដាក់អនុវត្តកិច្ចការសំខាន់ៗមួយចំនួនរួមមាន៖

-បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរ សំដៅរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងសហការ បង្កលក្ខណៈសមស្របដល់ពលរដ្ឋចេញ-ចូល ស្របច្បាប់ តាមច្រកទ្វារព្រំដែនដើម្បីធ្វើធុរកិច្ចទេសចរណ៍ និងសួរសុខទុក្ខគ្រួសារ រួមចំណែកជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

-បង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស អំពើរត់ពន្ធជួញដូរមនុស្សឆ្លងដែន សកម្មភាពជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតមាននៅតាមតំបន់ព្រំដែន។

-បន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងសហការដោះស្រាយបញ្ហានានាដោយសន្តិវិធី ផ្អែកលើគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែនអំពីបទប្បញ្ញត្តិព្រំដែន ដើម្បីចៀសវាងការធ្វើសកម្មភាព ឬបង្កបាតុភាពអសកម្មផ្សេងៗ នាំឱ្យប៉ះពាល់ដល់ស្ថានភាពដើមនៅតំបន់មិនទាន់កំណត់ខណ្ឌសីមា។

-បន្តកិច្ចសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ នៅព្រះរាជាណាចក្រកម្ពុជា និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងឆ្នាំ២០២៣ និងបណ្តាឆ្នាំខាងមុខឱ្យប្រព្រឹត្តទៅដោយជោគជ័យ។

ទន្ទឹមនឹងនោះ ផ្អែកលើមូលដ្ឋាននៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ភាគីទាំងពីរក៏បាន សម្តែងការអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗ ដែលប្រសូត្រចេញពីទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ជាពិសេស សមិទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែន ដែលក្លាយជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ និងជាកេរ្តិ៍ដំណែលដ៏មានតម្លៃសម្រាប់ប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការរក្សាបានរឹងមាំនូវសុខសន្តិភាព ស្ថិរភាព និងដំណើរការស្ដារសេដ្ឋកិច្ចសង្គម បន្ទាប់ពីការបើកដំណើរការប្រទេសឡើងវិញ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ