សម្តេចក្រឡាហោម​ ស​ ខេង​ បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ 
February 27, 2018    អ្នកទស្សនា :

រសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨  ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុក ក្រុង ខណ្ឌ និងស្នងការនគរបាលរាជធានី ខេត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានមានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលសកម្មភាពការងារក្នុងនៃសន្និបាត គោរពជូនគណៈអអិបតី និងសម្តេចក្រឡាហោម ជ្រាប ដូចខាងក្រោម៖
១.ការងារគ្រប់គ្រងជនអន្តោប្រវេសន៍ៈ មានចំនួន ៤៦,៧៧៦គ្រួសារ មនុស្សចំនួន១៧៦,៨១២នាក់(ស្រី៧៩,៧២៨នាក់) ក្នុងនោះជនបរទេសកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ចំនួន២០,២១៨គ្រួសារ មនុស្ស៧៣,៣៧៩នាក់(ស្រី៣៥,៨៨៨នាក់) មានសញ្ជាតិ០៥ សៀវភៅស្នាកនៅ ១៨,៥៨០ក្បាល សៀវភៅគ្រួសារ ២,១៧៧ក្បាល សំបុត្រកំណើត ១១,៣៣៦ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ២៤១ច្បាប់ អត្តសញ្ញាណប័ណ្ណ៦,៧២២ប័ណ្ណ លិខិតឆ្លងដែនខ្មែរ ៦៣២ក្បាល និងប័ណ្ណសម្គាល់កម្មសិទ្ធិអចលនទ្រព្យ ៤១ប័ណ្ណ
២. ការងារជំនាញអនុវត្តនីតិវិធីនិងដំណោះស្រាយៈ ឃាត់ខ្លួននិងបណ្តេញចេញជនបរទេសខុសច្បាប់សរុបចំនួន ១,៨៨៥នាក់(ភាគច្រើនវៀតណាម ចិន នីហ្សេរីយ៉ា ឥណ្ឌា តៃវ៉ាន់ កូរេខាងត្បូង អង់គ្លេស អាមេរិក ហ្វីលីពីន...) ទទួលស្គាល់ជនបរទេសចំនួន ៧,០០៩នាក់និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១,៨៩៣នាក់ក្នុង០៦រាជធានី ខេត្ត និងគ្រប់គ្រងពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍មកពីអាមេរិកក្នុងឆ្នាំ២០១៧ ចំនួន៥៧២នាក់(ស្រី១៤នាក់) ផាកពិន័យជនបរទេសធ្វើការគ្មានប័ណ្ណការងារ ១,៣៨៩នាក់ គិតជាប្រាក់ស្មើនឹង ៦៩៤,៥០០,០០០រៀល...ជាដើម។

សម្តេចក្រឡាហោម បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់សមាជិក សមាជិកានៃអង្គសន្និបាតថា សម្តេចសូមឯកភាព កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ព្រមទាំងសមត្ថកិច្ចជំនាញទាំងអស់ ក្នុងការបំពេញភារកិច្ចដោយយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ការងារដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃដាក់ជូនឱ្យអនុវត្ត។

សម្តេចក្រឡាហោម បានបន្តទៀតថា បើមន្ត្រីណាអនុវត្តផ្ទុយខុសពីគោលការណ៍របស់រដ្ឋាភិបាល ហើយមន្ត្រីនោះនៅតែបន្តធ្វើឯកសារមិនប្រក្រតីជូនជនបរទេសត្រូវតែមានទោសជាធរមាន។ ម្យ៉ាងទៀតចំពោះករណីជនបរទេសដែលមកធ្វើការនៅតាមបណ្តាក្រុមហ៊ុនឯកជននានាក្នុងកម្ពុជា ដែលមិនមានប័ណ្ណការងារ បើពិនិត្យឃើញត្រូវតែពិន័យតាមហ្នឹង តែករណីខ្លះទៀតលើសពីនោះត្រូវបណ្តេញចេញពីកម្ពុជាតែម្តង(ធ្វើខុសច្បាប់)។

ជាចុងបញ្ចប់ សម្តេចក្រឡាហោម បានជម្រុញលើកទឹកចិត្ត និងសង្ឃឹមថាទិសដៅការងារសម្រាប់ឆ្នាំ២០១៨ ដែលមាននៅក្នុងផែនការ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទាំងអស់ ត្រូវពង្រឹងខិតខំប្រឹងប្រែងបន្ថែមលើការងារគ្រប់គ្រងជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការទទួលខុសត្រូវ និងពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីអន្តោប្រវេសន៍ ច្បាប់ស្តីពីសញ្ជាតិ ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីជនភៀសខ្លួន នៃព្រះរាជណាចក្រកម្ពុជា ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា និងមានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ