សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
March 16, 2023    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គនាយកដ្ឋាននានា ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើសេចក្តីរាយការណ៍គោរពជូន សម្តេចក្រឡាហោម និងអង្គប្រជុំជ្រាប ពីដំណើរការនៃការរៀបចំផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ គឺស្របតាមផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការយុទ្ធសាស្រ្តបណ្តាឆ្នាំកន្លងទៅរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។

ផ្អែកលើការរៀបចំផែនការនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បញ្ជាក់ថា មានសកម្មភាពលម្អិតចំនួន ១៤១សកម្មភាព ដែលមានសង្គតិភាពទៅនឹងចង្កោមសកម្មភាពចំនួន ៣១ និងយុទ្ធសាស្ត្រចំនួន១១ ដែលបានកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ការអនុវត្តតាមអង្គភាពចំណុះ។ ផែនការនេះដែរ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងលើកកម្ពស់សមត្ថភាព បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យក្លាយជាស្ថាប័នដែលមានលក្ខណៈសម្បត្តិសមស្របតាមស្តង់ដាគុណភាព លើកកម្ពស់ គុណភាពការស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងលើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារឱ្យក្លាយជាកងកម្លាំងសហការ និងកម្លាំងស្នូល ដែលមានចំណេះដឹងជំនាញវិជ្ជាជីវៈពិតប្រាកដ គោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស មានស្មារតីទទួលខុសត្រូវលើការងារ ចេះប្រើប្រាស់ឧបករណ៍ និងសម្ភារៈបច្ចេកទេសទំនើប ព្រមទាំងបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិបានល្អប្រសើរ ក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្ថែមថា រាល់គ្រប់សកម្មភាពនីមួយៗត្រូវបានកំណត់ដោយអង្គភាពទទួលខុសត្រូវ និងពេលវេលាអនុវត្តច្បាស់លាស់ បែងចែកជាត្រីមាស ព្រមទាំងមានភស្តុតាងផ្សេងៗជាមូលដ្ឋានពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តសកម្មភាព ដើម្បីឆ្លុះបញ្ជាំងទៅលើការអនុវត្តជាក់ស្តែង។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាល និងមន្ដ្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងបំពេញភារៈកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ទាក់ទងទៅនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិជាឧត្តមប្រយោជន៍សម្រាប់ប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានឯកភាព ទៅលើផែនការសកម្មភាពឆ្នាំ២០២៣របស់បណ្ឌិត្យសភានគរបាលកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម បានធ្វើការណែនាំដល់ បណ្ឌិត្យសភានគរបាលកម្ពុជាពាក់ព័ន្ធនឹងការងារសមភាពយេនឌ័រ ដោយសម្តេចក្រឡាហោម បានណែនាំឱ្យបង្កើនសមាសភាពមន្ត្រីជាស្ត្រីយ៉ាងតិច២នាក់ នៅក្នុងអង្គភាពក្រោមចំណុះរបស់ខ្លួន ដោយសារតែមកដល់ពេលនេះសូម្បីតែអភិបាលរងខេត្ត ក៏ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានយ៉ាងតិច២នាក់ផងដែរ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បានបង្ហាញ ការជឿជាក់ទៅលើការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ ថាបណ្ឌិត្យសភានគរបាលកម្ពុជា អាចសម្រេចបានជោគជ័យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការសកម្មភាពនេះ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ