ក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យ ឌីជីថល”
March 12, 2023    អ្នកទស្សនា :

នារសៀលថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានរៀបចំពិធីសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យ ឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អង្គភាពពាក់ព័ន្ធ និងមន្រ្តីរាជការជានារី ក្រោមចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចក្រឡាហោម ដែលបានសម្រេចអនុញ្ញាតឱ្យក្រសួងមហាផ្ទៃប្រារព្ធពិធីជួបជុំដ៏វិសេសវិសាលនេះ ដោយមានវត្តមានមន្ត្រីរាជការជានារីគ្រប់លំដាប់ថ្នាក់ ដែលស្ថិតក្រោមឱវាទក្រសួងមហាផ្ទៃ ប្រមាណ ២.៨៩៩នាក់ មានឱកាសបានជួបជុំគ្នា ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣។ ទន្ទឹមនេះ លោកជំទាវ ក៏បានធ្វើសេចក្តីរាយការណ៍គោរពជូនសម្តេចក្រឡាហោម និង អង្គពិធីជ្រាបថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម បានផ្តល់ឱកាសដល់ស្រ្តីជាមន្រ្តីរាជការនៅក្នុងក្រសួងមហាផ្ទៃ ដើម្បីទទួលបានឱកាសការងារ និងតួនាទីសំខាន់ៗជាច្រើន នៅតាមបណ្តាអគ្គនាយកដ្ឋាន ក៏ដូចជាអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ។ លោកជំទាវ បន្តថា ជាក់ស្តែងស្ថានភាពក្របខណ្ឌក្នុងក្រសួងមហាផ្ទៃ ដែលរួមមាន៖ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ មានសរុបចំនួន ៧៨.៧៣២រូប ដោយក្នុងនោះស្ត្រីមាន៩.៨០៣រូប។ លោកជំទាវ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែដាក់ចេញនូវអនុសាសន៍ណែនាំ ដើម្បីតម្រង់ទិសការងារដល់ស្ត្រី និងថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នឱ្យរួមគ្នាលើកម្ពស់សមភាពយេនឌ័រនៅក្នុងស្ថាប័ន និងសង្គម ប្រកបដោយបរិយាប័ន្ន និងយុត្តិធម៌។ លោកជំទាវ បានបញ្ជាក់ជូនទៀតថា ផ្អែកលើគោលការណ៍ខាងលើ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ តែងតែទទួលបាននូវការលើកទឹកចិត្ត និងគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ដែលជានិច្ច ជាកាល សម្តេច តែងទទួលស្គាល់ កោតសសើរ និងវាយតម្លៃខ្ពស់ដល់ការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជានារីគ្រប់ផ្នែក គ្រប់កម្រិត ដែលតែងតែបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ទទួលបានលទ្ធផលល្អ ទោះបីជាមានឧបសគ្គ បញ្ហាប្រឈម ច្រើនយ៉ាងណាក៏ដោយ។

នៅក្នុងពិធីនេះដែរ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ដែលបានអនុញ្ញាតឱ្យក្រសួងកិច្ចការនារី បានធ្វើការងារជាមួយក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារបញ្ជ្រាប និងផ្សព្វផ្សាយសមភាពយេនឌ័រ នៅតាមបណ្តាអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាបន្ន និងយុត្តិធម៌។ បន្ថែមពីនេះទៀត លោកជំទាវកិត្តិបណ្ឌិត ក៏បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។

លោកជំទាវកិត្តិបណ្ឌិត បានបន្តថា ឆ្លើយតបនឹងមូលបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យ ឌីជីថល”នេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ហើយក៏ជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ទន្ទឹមនឹងនេះដែរ លោកជំទាវកិត្តិបណ្ឌិត ក៏បានស្នើដល់ក្រសួងមហាផ្ទៃ សូមបន្តអនុញ្ញាតផ្តល់ការចូលរួម និងគាំទ្រលើការងារពាក់ព័ន្ធសមភាពយេនឌ័រនេះឱ្យរឹតតែស៊ីជម្រៅ និងប្រកបដោយភាពល្អប្រសើរ។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងដាស់តឿនក្រើនរំលឹកជាប្រចាំ អំពីសារៈសំខាន់នៃសមភាពយេនឌ័រ ដោយលើកពាក្យស្លោកថា “ជួយស្រ្តី គឺជួយខ្លួនឯង” និងបានដាក់បញ្ចូលយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមយុទ្ធសាស្រ្តដទៃទៀត នៃគោលនយោបាយជាតិ ចតុកោណ គោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព គោលនយោបាយអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងច្បាប់ និងបទដ្ឋាននានាដែលត្រូវបានបង្កើតឡើង ដើម្បីកំណែទម្រង់ជាតិគ្រប់វិស័យ។

សម្តេចក្រឡាហោម បានបន្តថា សមភាពយេនឌ័រ កើតឡើងបាន គឺចេញពីការគោរព ឱ្យតម្លៃ និងទទួលស្គាល់នូវចំណុចល្អ និងចំណុចខ្វះខាត ដែលកើតមានលើខ្លួនឯង និងអ្នកជុំវិញខ្លួន ទាំងបុរស និងស្រ្តី ទាំងដៃគូក្នុងគ្រួសារ ទាំងអ្នករួមអាជីពការងារ និងជួយកែលម្អគ្នាទៅវិញទៅមក ហើយហ៊ានទទួលយក និងខិតខំលុបបំបាត់នូវចំណុចខ្វះខាតទាំងនោះ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ដោយគ្មានការរើសអើង។

លើសពីនេះ សម្តេចក្រឡាហោម បានបន្ថែមថា ក្រសួងមហាផ្ទៃ បានខិតខំធ្វើឱ្យប្រសើរឡើងនូវសមធម៌យេនឌ័រ និងបរិយាប័ន្ន ដោយព្យាយាមដាក់បញ្ចូល និងតាមដានត្រួតពិនិត្យ វាយតម្លៃរាល់សកម្មភាពដែលឆ្លើយតបទៅនឹងការផ្តល់ឱកាស និងផលប្រយោជន៍ដល់នារី និងបុរស ប្រកបដោយសមធម៌ ទាំងនៅក្នុងជួរមន្រ្តីរាជការ និងកងកម្លាំងក្រោមឱវាទ គ្រប់កម្រិត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជានៅក្នុងចំណោមប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលប្រយោជន៍ពីសេវាសាធារណៈ ដែលបានផ្តល់ជូនដោយក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា តួនាទីស្រ្តីក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ ពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន ដោយសម្តេចបាន លើកឡើងថា ស្រ្តីមានភាពអំណត់ អត់ធ្មត់ មុះមុតក្នុងការងារ គោរពការចាត់តាំង និងមានវិន័យល្អ។ លើសពីនេះ ស្រ្តីត្រូវរ៉ាប់រងបន្ទុកគ្រួសារ និងមានការទទួលខុសត្រូវជាច្រើនទៀត បន្ថែមលើការងារក្នុងអង្គភាព។ ក្នុងន័យនេះ សម្តេចក្រឡាហោម បានលើកឡើងបន្ថែមថា ស្រ្តី គួរត្រូវបានទទួលការយកចិត្តទុកដាក់ ក្នុងការជ្រើសរើសឱ្យកាន់មុខតំណែងសំខាន់ៗ បន្ថែមទៀត រួមទាំងតួនាទីជាអភិបាលខេត្ត ស្រុក ក្រុង ខណ្ឌ និងជាបេក្ខជនតំណាងរាស្រ្ត និងចូលរួមវិស័យនយោបាយនៅមូលដ្ឋានផងដែរ។ ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម ក៏បានណែនាំដល់ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ឱ្យព្យាយាមផ្តល់ឱកាស និងទទួលស្គាល់នូវគុណសម្បត្តិរបស់មន្រ្តីជាស្រ្តី ដើម្បីពិនិត្យលទ្ធភាពចាត់តាំងឱ្យបានសមស្រប។

ដោយ៖ នាយកដ្ឋានព័ត៌មានវីទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ