សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាមហាសាមគ្គីកសាង​សាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី
March 12, 2023    អ្នកទស្សនា :

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យផ្កាមហាសាមគ្គីកសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើសេចក្តីរាយការណ៍គោរពជូន​ សម្ដេចក្រឡាហោម ស​ ខេង​ និងអង្គពិធីថា​ អគារសិក្សាកំពុងសាងសង់​ ១ខ្ន​ងនេះមានកម្ពស់​ ៧ជាន់ មានទំហំ១៤.៦៦៧ម៉ែត្រការ៉េ លើផ្ទៃដី១៤.៣៦៦ម៉ែត្រការ៉េ គ្រោងចំណាយទឹកប្រាក់អស់ជាង​ ៤លានដុល្លារអាមេរិក ដោយមិនទាន់គិតពីសម្ភារៈបំពាក់ ដោយបច្ចុប្បន្នកំពុងដំណើរការចាក់ជើងតាង និងធ្នឹម ដែលប្រភពថវិកាបានមកពីការចូលរួមបរិច្ចាគរបស់គណៈសង្ឃ ការប្រារព្ធពិធីបុណ្យផ្កា៣ខែម្ដង និងបានមកពីការនិមន្តសម្ដែងព្រះធម៌ទេសនា បិណ្ឌបាត្ររបស់សម្ដេចព្រះសាកលវិទ្យាធិការ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានទូលប្រគេន និងជម្រាបជូនអង្គពិធីថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍ បើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងក្តី និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។

សម្ដេចក្រឡាហោម​ ក៏បានកត់សម្គាល់ថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំ ក្នុងនោះពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ» ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម​ ស​ ខេង​ ក៏បានមានប្រសាសន៍បន្ថែមទៀតថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានបម្រើផ្នែកជំនឿដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ មិនតែប៉ុណ្ណោះក៏ជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការចូលរួមរក្សាការពារ សន្តិភាពនៅកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងបានចូលរួមក្នុងសកម្មភាពជាតិសំខាន់ៗ ជាអាទិ៍ ការទប់ស្កាត់ការជួញដូរមនុស្ស ធ្វើជាទាសភាពក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទឱ្យលើកកំពស់តម្លៃរបស់មនុស្សជាតិ ការពារ និងរក្សា សន្តិភាពជាតិ មិនបង្កអសន្តិសុខដល់សង្គមជាតិ និងធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ។

សម្ដេចក្រឡាហោម​ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែក ក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឱ្យក្លាយទៅជាកម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងខិតខំណែនាំ និងជំរុញប្រជាពលរដ្ឋពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងត្រៀមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឱ្យបានគ្រប់ៗគ្នានាពេលខាងមុខផងដែរ៕

ដោយ​ ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ