សម្ដេចក្រឡាហោម ស ខេង ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការប្រមូលសំរាម និងសម្អាតទីក្រុង ឱ្យស្របតាមកំណើនពលរដ្ឋ
March 10, 2023    អ្នកទស្សនា :

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំថា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវខិតខំពង្រឹងការគ្រប់គ្រងប្រមូលសំរាម និងសំណល់រឹង ព្រមទាំងសម្អាតទីក្រុង ឱ្យស្របតាមកំណើនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «ត្រូវបន្តលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងទីក្រុង ដោយខិតខំពង្រឹងការគ្រប់គ្រងការប្រមូលសំរាម និងសំណល់រឹង និងការសម្អាតទីក្រុង ឱ្យស្របតាមកំណើនប្រជាពលរដ្ឋ និងការរីកចម្រើនផ្នែកនគររូបនីយកម្ម ដែលមានការកើនឡើងយ៉ាងឆាប់រហ័ស»។

សម្ដេចក្រឡាហោម បន្ដថា ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ថែទាំ និងដាំដើមឈើនៅតាមដងផ្លូវសាធារណៈ ការរៀបចំសួនច្បារសាធារណៈ ព្រមទាំងខិតខំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការចូលរួម រៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ទីផ្សារ និងទីកន្លែងសាធារណៈឱ្យមានរបៀបរៀបរយល្អបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង បានរំលឹកថា រាជធានីភ្នំពេញ បានចូលជាសមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ានតាំងពី ឆ្នាំ២០១៨មក។ ការគ្រប់គ្រងអភិវឌ្ឍទីក្រុងតាមប្រព័ន្ធទីក្រុងវៃឆ្លាត កំពុងត្រូវបានអនុវត្តនៅទីក្រុងនៃប្រទេសនានាជាច្រើន រួមទាំងតំបន់អាស៊ាន សំដៅប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល សម្រាប់លើកកម្ពស់ការផ្តល់សេវា នានាជូនប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការងារផ្សេងៗទៀត ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងការអភិវឌ្ឍទីក្រុង៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ