អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣
March 08, 2023    អ្នកទស្សនា :

ភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោកជំទាវ និងវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរ: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរ: បានអញ្ជើញអានព្រះរាជសារជូនពររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជូនអង្គពិធី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការជូនពររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់លោកស្រី អ្នកនាងកញ្ញា វរសេនីយ៍ អនុសេនីយ៍ ដែលជាកងកម្លាំងនារី នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ផងដែរ។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម គណៈធិបតី ក៏បានចែករំលែកនូវប្រវត្តិ នៃការកកើតទិវាអន្តរជាតិនារី ៨មីនា ដែលត្រូវបានប្រទេសជាច្រើននៅលើពិភពលោកតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ។ ឯកឧត្តម បានមានប្រសាសន៍ទៀតថា ថ្ងៃទី៨មីនា គឺជាទិវាអន្តរជាតិនារី ដែលទិវានេះ គឺជានិម្មិតរូបនៃការតស៊ូទាមទារ សិទ្ធិសេរីភាពរបស់ស្ត្រី ប្រឆាំងនឹងការរើសអើងគ្រប់ទម្រង់ ព្រមទាំងអសមភាពរវាងបុរសនិងស្ត្រី។ មុននឹងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ រហូតដល់សព្វថ្ងៃនេះ គឺមានការតស៊ូប្រឹងប្រែង អស់ប្រមាណមួយសតវត្ស ពីសំណាក់សកម្មជនជាស្រ្តីដើម្បីឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងសង្គម ឱ្យងាកមកទទួលស្គាល់សិទ្ធិរបស់ស្ត្រី។

ឯកឧត្តម បានជំរុញឱ្យកងកម្លាំងនគរបាលជាតិដែលជានារី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បន្តភាពរឹងមាំ និងរៀនប្រលងប្រណាំងជាមួយនឹងជីវិតខ្លួន ដ្បិតការប្រលងប្រណាំងជីវិតខ្លួនឯង នឹងជួយឱ្យស្ត្រីទាំងអស់ អាចរស់នៅបានប្រកបដោយក្តីសុខសុភមង្គល សេចក្តីថ្លៃថ្នូរ និងមានតម្លៃក្នុងសង្គម។ ជាពិសេសស្ត្រីទាំងឡាយ ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ដើម្បីឈានទៅអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្តម គណៈធិបតី បានសង្កត់ធ្ងន់ទៀតថា ក្នុងយុគសម័យឌីជីថល និងយុគ្គសម័យAI ស្ត្រីមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រឡូកលើគ្រប់វិស័យ និងជួយអភិវឌ្ឈការងារទាំងសង្គម ក៏ដូចជាគ្រួសារ។ ក្នុងបរិបទនេះ ស្ត្រីចាំបាច់ ត្រូវបន្ត និងខិតខំប្រឹងប្រែង ក្នុងការរៀនសូត្រនូវចំណេះដឹងថ្មីៗបន្ថែមទៀត ដែលសង្គមបច្ចុប្បន្នកំពុងត្រូវការ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានជំរុញឱ្យស្ត្រីទាំងអស់ ត្រូវស្វែងយល់ពីតម្លៃរបស់ខ្លួនឯង និងតម្លៃរបស់គ្រួសារ។ ការស្គាល់នូវតម្លៃនេះហើយ នឹងជួយឱ្យស្ត្រីកាន់តែមានសារសំខាន់ និងសេចក្តីថ្លៃថ្នូរ ដែលសង្គមត្រូវការ។

ជាចុងក្រោយ ឯកឧត្តមគណៈធិបតី ក៏បានអានសារ ទិសដៅទាំង៨ចំណុច ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ ក្នុងទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣ ជូនអង្គពិធីទាំងមូលបានជ្រាបផងដែរ៕

ប្រភព ៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ