ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា
March 07, 2023    អ្នកទស្សនា :

(ទីស្តីការក្រសួងមហាផ្ទៃ)៖ នារសៀលថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារអន្តរក្រសួង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើឯកសណ្ឋាន សញ្ញាស័ក្តិ និងមេដាយគោរមងារផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងព្រះរាជ្យក្រឹត្យនេះ នៅសល់តែចំណុចជំពូកទី៦ ស្តីពីឯកសណ្ឋានគោរមងារផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ទៀតតែប៉ុណ្ណោះ ដែលក្រុមការងារត្រូវពិនិត្យ និងពិភាក្សា។ ទន្ទឹមនេះ ឯកឧត្តម ប៊ុន ហុន ក៏បានថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានជួយជ្រោមជ្រែង និងរៀបចំនូវជំពូកទី៦នេះឱ្យកាន់តែល្អប្រសើរឡើង ព្រោះថាព្រះរាជ្យក្រឹត្យនេះរៀបចំធ្វើឡើងដើម្បីផលប្រយោជន៍ជាតិរួម។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា មានចំនួន ១០ជំពូក និង ២៦មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកជូនដែរថា ក្រុមការងារអន្តរក្រសួងនេះត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និង ផ្តួចផ្តើមសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា នេះឱ្យកើតមានឡើង  ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ ក្នុងនោះមានឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងអនុប្រធានចំនួន ១រូប ព្រមទាំងសមាជិកចំនួន ១០រូបដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ