ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការចុះត្រួតពិនិត្យរបស់ក្រុមការងារ ត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ
March 07, 2023    អ្នកទស្សនា :

(ទីស្តីការក្រសួងមហាផ្ទៃ)៖ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការចុះត្រួតពិនិត្យរបស់ក្រុមការងារ ត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ដែលក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្រៃ្តយ៍ អនុប្រធាន សមាជិកនៃក្រុមប្រឹក្សាប្រឡងប្រណាំង, លេខាធិការដ្ឋាន, និងក្រុមការងារត្រូតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិប្រមាណ៥០រូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានរំលឹកឡើងថា ផ្អែកតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានបង្កើតលេខាធិការដ្ឋានសម្រាប់ធ្វើជាសេនាធិការ ក្នុងការសហការសម្របសម្រួលជាមួយក្រសួងស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្នុងការតាមដាន ត្រួតពិនិត្យវាយតម្លៃ និងបូកសរុបរាយការណ៍អំពីលទ្ធផលនៃការងារនេះជូនរាជរដ្ឋាភិបាល។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏បានពិនិត្យកែសម្រួលសមាសភាពក្រុមប្រឹក្សាប្រឡងប្រណាំង និង បានចាត់តាំងក្រុមការងារត្រូតពិនិត្យនិងជំរុញអនុវត្តការងារនេះ ដែលត្រូវបានធ្វើការផ្សព្វផ្សាយនាពេលកន្លងមករួចហើយ សំដៅជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម បន្ថែមទៀតថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺជាគោលនយោបាយមួយដ៏មានសារៈសំខាន់ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន។ ព្រមជាមួយគ្នានេះ ក្នុងឆ្នាំ២០២៣ នេះ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗ រួមមាន៖ ការធានាលើការងាររៀបចំការបោះឆ្នោតជាតិ លើកទី៧ ឱ្យប្រព្រឹត្តិទៅប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព និងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលមិនត្រឹមតែរៀបចំនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺថែំមទាំងរៀបចំនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ អាស្រ័យហេតុនេះ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅតាមរាជធានី-ខេត្ត គឺពិតជាសារៈសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម សម្រាប់ការរៀបចំព្រឹត្តិការណ៍ទាំងនេះសំដៅលើកកម្ពស់កិត្យានុភាពរបស់ប្រទេសយើង។

ឯកឧត្តម សក់ សេដ្ឋា បានគូសបញ្ជាក់ដល់ក្រុមការងារថា ក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តការងារខាងលើនេះ ត្រូវធ្វើឡើងដោយរក្សា ភាពជាម្ចាស់ការនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តនីមួយៗ សំដៅ ពង្រឹងភាពធន់របស់មូលដ្ឋានឆ្លើយតបទៅនឹងវិបត្តិ និងបញ្ហាប្រឈមនៅមូលដ្ឋាននីមួយៗ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានបន្ថែមថា ក្រុមការងារត្រូវណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តពិនិត្យកែសម្រួល និងរៀបចំលេខាធិការដ្ឋានដើម្បីធ្វើជាជំនួយការ និងផែនការសកម្មភាពអ នុវត្តការងារប្រចាំឆ្នាំ។ ជាមួយគ្នានេះដែរ ក្រុមការងារត្រូវណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តក្នុងការ អនុវត្តគោលនយោបាយខាងលើនេះ ដោយផ្តោតសំខាន់ទៅលើការងារនគរបាលនិងសហគមន៍ សំដៅពង្រឹង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់អនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានចំនួន០៧ យ៉ាង រួមមាន៖ ទី១-ផ្ដល់សេវាធាណរណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ទី៣-មានសណ្ដាប់ធ្នាប់សាសធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ