ក្រសួងមហាផ្ទៃ បន្ដចូលរួមចំណែកសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់អនីតិជនជាមួយសង្គមស៊ីវិលនៅកម្ពុជា
March 03, 2023    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ.) បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិកុមារកម្ពុជា (CPU) រឹតតែមានភាពជិតស្និទ្ធ ព្រមទាំងឆ្លើយតបបានលឿន ចំពោះបទល្មើសដែលកើតមានឡើងនៅកម្ពុជា ព្រមទាំងបន្តគាំទ្រចំពោះសកម្មភាពរបស់អង្គភាព CPU ដើម្បីកុមារផងដែរ។

នៅព្រឹកសុក្រថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ(CPU) នៃអង្គការមូលនិធិកុមារកម្ពុជា ស្ដីពីការរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់អនីតិជននៅកម្ពុជា ២០២២-២០២៤ លោកជំទាវ ជូ ប៊ុនអេង បានសម្តែងសេចក្ដីរីករាយ ក្នុងនាមក្រសួងមហាផ្ទៃ សម្រាប់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាថ្មីម្ដងទៀត ជាមួយអង្គភាព CPU ដែលបានធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយក៏ទទួលបានលទ្ធផលល្អប្រសើរ ទាក់ទងទៅនឹងការបង្ក្រាបបទល្មើសនានា ជាពិសេស បទល្មើសព្រហ្មទណ្ឌ ដែលពាក់ព័ន្ធទៅនឹងកុមារ។

ជាមួយគ្នានោះ លោកជំទាវ មានប្រសាសន៍ថា លោកជំទាវ បានសង្កេតឃើញថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ការអនុវត្តបង្រ្កាបបទល្មើសនានា អង្គភាព CPU បានស្គាល់បទពិសោធន៍កាន់តែច្បាស់ ក្នុងទម្រង់បទល្មើសដែលមានទៅលើកុមារនៅកម្ពុជា។

ទន្ទឹមនេះ លោក James McCabe នាយកទទួលបន្ទុកប្រតិបត្តិការ របស់អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា បានថ្លែងអំណរគុណចំពោះ លោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែគាំទ្រចំពោះសកម្មភាពរបស់អង្គភាពCPU។ លើសពីនេះ លោកក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋានគរបាលជាតិ ដែលតែងតែជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសនានាពាក់ព័ន្ធទៅនឹងកុមារ។ ជាងនេះទៅទៀត លោក James McCabe បានរំលឹកថាដែរថា អង្គភាពបានធ្វើកិច្ចសហប្រតិបត្តិការអស់រយៈពេល១០ឆ្នាំកន្លងមកហើយជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋានគរបាលជាតិ លើការងារដើម្បីកុមារនៅកម្ពុជានេះ។

សូមជម្រាបជូនដែរ ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្ដីពីការចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្រាប់អនីតិជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២-២០២៤ នាពេលនេះ គឺលើកទី០៤ ហើយ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ