អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តពោធិ៍សាត់
March 02, 2023    អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គិត សុផា អភិបាលរងខេត្ត ឯកឧត្តម អគ្គនាយករង គណៈប្រតិភូអមដំណើរអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោក លោកស្រី នាយក/នាយករងរដ្ឋបាល រដ្ឋបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានការិយាល័យ ប្រធានផ្នែក និងឃុំ/សង្កាត់ ក្រោមចំណុះរដ្ឋបាលខេត្តពោធិ៍សាត់ជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ បានមានមតិស្វាគមន៍យ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលដ៏មានតម្លៃ និងបានសម្របសម្រួលក្នុងកិច្ចពិធីបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ។

ជាកិច្ចបន្ត ឯកឧត្តម អគ្គនាយក បានលើកឡើងពីតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាព មាន៣ចំណុចសំខាន់រួមមាន៖១.ការគ្រប់គ្រងបុគ្គលិក ២.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៣.ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ណែនាំ និងជំរុញដល់រដ្ឋបាលខេត្តពោធិ៍សាត់ លើកិច្ចការហិរញ្ញវត្ថុ សូមឱ្យមានការចាយវាយលើថវិការដ្ឋ ស្របតាមនីតិវិធី និងច្បាប់បានកំណត់ ជៀសវាងការបាត់បង់ថវិការដ្ឋផងដែរ។

បន្ថែមពីនេះទៀត ឯកឧត្តម បានសំណូមពរដល់រដ្ឋបាលខេត្ត ត្រូវពិនិត្យមើលផ្នែកធនធានមនុស្ស ដូចជាការបណ្តុះបណ្តាតាមជំនាញ ដើម្បីបំពេញបន្ថែមលើសមត្ថភាពដល់មន្រ្តី និងការរៀបចំរចនាសម្ព័ន្ធក្នុងអង្គភាពឱ្យបានពេញលេញសមស្របតាមការងារចាំបាច់ និងបំពេញសេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អគ្គនាយក បានលើកឡើងអំពីការត្រួតពិនិត្យលើការតម្លើងឋានន្តរស័ក្តិ ឋានៈ តួនាទីភារកិច្ច ដោយមានការបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យសមស្របតាមគោលការណ៍ច្បាប់ បង្កើនការលើកទឹកចិត្តមន្រ្តីមានស្នាដៃល្អ ដាក់វិន័យដល់មន្ត្រីដែលអសកម្ម ផ្តល់ភាពយុត្តិធម៌ដល់មន្ត្រីក្រោមឱវាទ ទាំងមន្រ្តីសន្តិសុខសាធារណៈ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ។

ជាថ្មីម្តងទៀត ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាន៍ណែនាំមន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងក្នុងមូលដ្ឋាន អនុវត្តឱ្យបានគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារបង្ក្រាបល្បែងស៊ីសង គ្រឿងញៀន ក្នុងមូលដ្ឋានរបស់ខ្លួន។ មន្ថែមពីនេះទៀតក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានដាក់ចេញចលនាប្រឡងប្រណាំងគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព តាមមូលដ្ឋានទូទាំងប្រទេស ជាពិសេសអនុវត្តនូវអភិក្រមទាំង៥ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមមាន៖ ១.ឆ្លុះកញ្ចក់ ២.ងូតទឹក ៣.ដុះក្អែល ៤.ព្យាលបាល ៥.វះកាត់៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ