កិច្ចពិភាក្សាជាក្រុម នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
February 22, 2023    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ បានបែងចែកក្រុមពិភាក្សាជា ៦ក្រុម ដើម្បីពិភាក្សា អំពីសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម ព្រមទាំងសំណូមពរនានា ដើម្បីយកមកពិភាក្សាដោះស្រាយ ដែលក្រុមពិភាក្សានីមួយៗ បានរួមគ្នាផ្តល់យោបល់លើរបាយការណ៍ និងទិសដៅ ដើម្បីស្វែងរកចំណុចដែលត្រូវកែសម្រួល ឬបំពេញបន្ថែម។

ការពិភាក្សាជាក្រុមនេះ គឺធ្វើឡើងតាមការបែងចែក និងណែនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងនោះ ក្រុមពិភាក្សានីមួយៗ បានពិភាក្សាលើប្រធានបទដែលអង្គសន្និបាតបានកំណត់ជូនតាមក្រុមនីមួយ ជាមួយគ្នានេះដែរ សមាជិកម្នាក់ៗក្នុងក្រុមពិភាក្សា មានរយៈពេល ១០នាទី ដើម្បីចូលរួមពិភាក្សា និងបញ្ចេញមតិយោបល់លើប្រធានបទ ដែលក្រុមនីមួយៗ មានសមាសភាពប្រធាន អនុប្រធាន និងលេខាធិការ សម្រាប់ដឹកនាំសម្របសម្រួល និងចាត់ចែងលេខាធិការដើម្បីកត់ត្រា និងធ្វើរបាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាទាំងនោះ។

ក្រុមពិភាក្សានៃអង្គសន្និបាតទាំង៦ រួមមាន៖

-ក្រុមពិភាក្សាទី១ ដឹកនាំដោយ ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ ពិភាក្សាលើប្រធានបទ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការពង្រឹងការងារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ដែលមានខ្លឹមសារ រួមមាន៖ ការងារសន្តិសុខ, ការងារប្រយុទ្ធប្រឆាំងបទល្មើស, ការងារសណ្ដាប់ធ្នាប់សាធារណៈ និងការងារពង្រឹងគុណភាពការងារនគរបាល និងសហគមន៍។

-ក្រុមពិភាក្សាទី២ ដឹកនាំដោយឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ ពិភាក្សាលើប្រធានបទ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សក្នុងទីស្ដីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដែលមានខ្លឹមសារ រួមមាន៖ វាយតម្លៃសមិទ្ធផល បញ្ហាប្រឈម ក្នុងការបំពេញការងារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅតាមអគ្គនាយកដ្ឋាន អង្គភាពនានាក្នុងទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ, វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយក្នុងការពង្រឹងប្រសិទ្ធភាពអនុវត្តការងារនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តមុខងារវិស័យសុខាភិបាល ដែលបានប្រគល់ឱ្យរដ្ឋបាលរាជធានី ខេត្ត, បញ្ហា និងដំណោះស្រាយនៃការអនុវត្តមុខងារសេវាសង្គមនៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់, វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយរបស់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការសម្របសម្រួល និងការលើកកម្ពស់ភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

-ក្រុមពិភាក្សាទី៣ ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ ពិភាក្សាលើប្រធានបទ ការផ្ដល់សេវារដ្ឋបាល ការដោះស្រាយសំណើ សំណូមពរប្រជាពលរដ្ឋ។ ដែលមានខ្លឹមសារ រួមមាន៖ វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការចក្រចេញចូលតែមួយ, វឌ្ឍនភាព បញ្ហាប្រឈម និងការដោះស្រាយបណ្តឹង សំណើ សំណូមពររបស់ប្រជាពលរដ្ឋតាមការិយាល័យប្រជាពលរដ្ឋ, ការដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋាន, វឌ្ឍនភាព បញ្ហាប្រឈមក្នុងការដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

-ក្រុមពិភាក្សាទី៤ ដឹកនាំដោយឯកឧត្តម សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ ពិភាក្សាលើប្រធានបទ ការងារអន្ដោប្រវេសន៍។ ដែលមានខ្លឹមសារ រួមមាន៖ ការគ្រប់គ្រងដំណើរចេញ-ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិ និងវិធានការទប់ស្កាត់ការជ្រៀតចូលខុសច្បាប់របស់ជនបរទេស, បទពិសោធន៍នៃការអនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងកិច្ចសហការក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស។

-ក្រុមពិភាក្សាទី៥ ដឹកនាំដោយឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ពិភាក្សាលើប្រធានបទ ការងារអត្តសញ្ញាណកម្ម។ ដែលមានខ្លឹមសារ រួមមាន៖ តើការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ក្នុងរយៈពេលកន្លងមក មានការប្រឈមអ្វីខ្លះ?, តើការចុះបញ្ជីមរណភាព ជាកាតព្វកិច្ច ជាសកល ជាប់លាប់ និងអចិន្ត្រៃយ៍?, បញ្ហាប្រឈម និងដំណោះស្រាយក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណទុតិយតា។

-ក្រុមពិភាក្សាទី៦ ដឹកនាំដោយឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ ពិភាក្សាលើប្រធានបទ ការងារពន្ធនាគារ។ ដែលមានខ្លឹមសារ រួមមាន៖ វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងពន្ធនាគារ, ការគ្រប់គ្រងជនជាប់ឃុំតាមចំណាត់ថ្នាក់សន្តិសុខ និងប្រភេទជនជាប់ឃុំ ការគ្រប់គ្រងជនជាប់ឃុំបទល្មើសគ្រឿងញៀន និងជនជាប់ឃុំដែលមានជំងឺឆ្លង ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព សុខភាពពន្ធនាគារ និងដំណើរការធ្វើសមាហរណកម្មជនជាប់ឃុំទៅក្នុងសហគមន៍វិញ។

សូមជម្រាបជូនថា ក្នុងការពិភាក្សាក្រុមនីមួយៗត្រូវចូលរួមពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។ បន្ទាប់មក បន្តការពិភាក្សាលើប្រធានបទដែលបានកំណត់សម្រាប់ក្រុមពិភាក្សានីមួយៗ ដែលលើកឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ រួមទាំងសំណូមពរនានាផងដែរ។

លើសពីនេះទៀត ក្រុមការងារ នឹងបន្តធ្វើជារបាយការណ៍លម្អិតពីលទ្ធផលនៃកិច្ចពិភាក្សាតាមក្រុមនីមួយៗ ដើម្បីធ្វើសេចក្តីរាយការណ៍គោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់មតិបូកសរុប និងមានមតិផ្តាំផ្ញើសម្រាប់ដឹកនាំជាទិសដៅសម្រាប់អនុវត្តការងារបន្ត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ