សម្ដេចក្រឡាហោម ស ខេង ៖ ការផ្ទេរថវិកាជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បានកើនឡើងដល់ជាង ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២
February 22, 2023    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «គិតត្រឹមឆ្នាំ២០២២ តាមរយៈកំណែទម្រង់នេះ មានមុខងារជិត ៦០ ត្រូវបាន ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង ៨០០ប្រភេទ ត្រូវបានប្រគល់ និងធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។ រយៈ ពេល៥ឆ្នាំ (២០១៨-២០២២) ចុងក្រោយនេះ ការផ្ទេរថវិកាជាតិទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណ ២,៧ដង គឺកើនឡើងពី ៤១៦ លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១.១១៦លានដុល្លារ ក្នុងឆ្នាំ២០២២»។

នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បន្ទាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នាអំឡុងខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុង ការបន្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យទៅជាស្ថាប័នកាន់តែរឹងមាំ មានសមត្ថភាព មានសិទ្ធិអំណាច មានមុខងារ និងធនធាន និងការទទួល ខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាព និងនវានុវត្តន៍។ សម្ដេចក្រឡាហោម បន្ថែមថា ក្រៅពីនេះរដ្ឋបាលថ្នាក់ក្រោមជាតិ បានទទួលថវិកាដែលភ្ជាប់ជាមួយនឹងការផ្ទេរមុខងារ និងថវិកាអន្ដរាគមន៍ជាច្រើនទៀត ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័ននានា បានលើកកម្ពស់ការផ្ដល់សេវាយ៉ាងមានសារៈសំខាន់។ សម្ដេច បន្ដថា រដ្ឋបាលថ្នាក់ក្រោមជាតិបានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្នាតតូច និងអនុវត្តគម្រោងសេវាសង្គមប្រមាណជាង ២ពាន់គម្រោង ក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងនៅក្នុងមូលដ្ឋាន ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងទៀត ក្រៅពីសមិទ្ធផលខាងលើនេះ ក៏មានសមិទ្ធផលនានាជាច្រើនទៀត ដែលក្រសួងមហាផ្ទៃខិតខំអនុវត្តសម្រេចបានក្នុងការងារបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស ទាំងនគរបាលជាតិ រដ្ឋបាលស៊ីវិល និង ពន្ធនាគារ ការងារភស្ដុភារ និងហិរញ្ញវត្ថុ ការងារធ្វើសវនកម្ម អធិការកិច្ច និង ការដោះស្រាយពាក្យបណ្តឹង សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ការងារកែទម្រង់ពន្ធនាគារ ការងារអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល កិច្ចសហប្រតិបត្តិការ អន្តរស្ថាប័នរវាងក្រសួងមហាផ្ទៃជាមួយក្រសួង ស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជាជាដើម៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ