ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំនួន ៦៥២.៨៤៣នាក់
February 22, 2023    អ្នកទស្សនា :

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ក្រសួងមហាផ្អៃ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋអាយុចាប់ពី ១៥ឆ្នាំឡើងបានចំនួន ៦៥២.៨៤៣នាក់។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍ក្នុង វិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” នាព្រឹកថ្ងៃពុធទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានឱ្យដឹងបន្ថែមទៀតថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាសម្រេចបានចំនួន ៤៤៩.៣៩០នាក់ នៅសល់ ១.២៧៧.៧០៤នាក់ ដែលត្រូវបន្តផ្ដល់ជូនដល់ប្រជាពលរដ្ឋ ។ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ បានផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋបាន ២១២.៨៣៥ក្បាលនិងផ្តល់លិខិតធ្វើដំណើរដល់ពលករកម្ពុជាធ្វើការនៅបរទេសបាន ៩២.០០៣៩ក្បាល។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ មានប្រសាសន៍លើកឡើងនូវទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ដោយក្រសួងមហាផ្ទៃនឹងបន្ដខិតខំជំរុញបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តថ្មីៗពិសេសសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងពិនិត្យឡើងវិញនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ដើម្បីធ្វើវិសោធនកម្មឱ្យស្របតាមទស្សនាទាននានាដែលមានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម (២០១៧-២០២៦)។

ទន្ទឹមនឹងនេះក្រសួងមហាផ្ទៃ នឹងបន្តជំរុញអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅពង្រឹងសមត្ថភាព និង ការយល់ដឹងពីគោលការណ៍ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ព្រមទាំងបន្តតាមដាន ត្រួតពិនិត្យ និងជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមបណ្តារាជធានី ខេត្ត ជាពិសេសការផ្តល់អត្តសញ្ញាណប័ណ្ណដែលត្រូវផុតសុពលភាព ដើម្បីបំពេញសិទ្ធិដល់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ