ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការរៀបចំមន្ត្រី បុគ្គលិកនៅក្នុងរចនាសម័ន្ធនៃរដ្ឋបាលក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី
January 25, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការរៀបចំមន្ត្រី បុគ្គលិកនៅក្នុងរចនាសម័ន្ធនៃរដ្ឋបាលក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងអភិបាលខេត្ត នាយករដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។

នាឱកានោះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍ចំពោះសមាជិកអង្គប្រជុំដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ជាមួយគ្នានោះដែរ ឯកឧត្តម បានណែនាំដល់អភិបាលខេត្តដែលមានក្រុង ស្រុកទើបបំបែក និងបង្កើតថ្មី ស្តីអំពីតួនាទី ភារកិច្ចដែលត្រូវរៀបចំ ដែលឯកឧត្តម បានបញ្ជាក់ថា អភិបាលខេត្តនីមួយៗត្រូវសិក្សា និងកំណត់ទីតាំងជាក់ស្តែងនៃសាលាក្រុង ស្រុកនីមួយៗ ក្នុងនោះត្រូវសិក្សា និងសហការរៀបចំគម្រោងផែនការ និងថវិកាសម្រាប់ការសាងសង់សំណង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទន្ទឹមនេះ ក៏ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ដែលកើតមានឡើងពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។ ជាងនេះទៀត អភិបាលខេត្តនីមួយៗ ក៏ត្រូវសម្របសម្រួល និងគាំទ្រការអនុវត្តការងាររៀបចំបញ្ជីការ បញ្ជីឯកសារ បញ្ជីមន្ត្រី បុគ្គលិក បញ្ជីមន្ត្រីកិច្ចសន្យា បញ្ជីថវិកា និងសាច់ប្រាក់ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិផ្សេងៗដែលផ្ទេរសិទ្ធិ និងការទទួលខុសត្រូវពីរដ្ឋបាលស្រុកបច្ចុប្បន្នទៅឱ្យរដ្ឋបាលក្រុង ស្រុកបំបែក និងបង្កើតថ្មី។ ក្នុងនោះរដ្ឋបាលខេត្ត ត្រូវធ្វើឱ្យរដ្ឋបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី អាចដំណើរការការងាររបស់ខ្លួនស្របតាមច្បាប់ និងត្រូវរៀបចំអង្គការចាត់តាំង និងលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ បន្ទាប់មកត្រូវសហការសម្របសម្រួល និងបញ្ហាដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដើម្បីធានាដល់ការចាប់ផ្តើមដំណើរការនៃរដ្ឋបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី ឱ្យមានភាពរលូន និងទទួលបានជោគជ័យ។

អង្គប្រជុំបានពិភាក្សាពីទិសដៅ និងគម្រោងផែកការបន្ត ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្តកំពុងជួបប្រទះ ជាមួយគ្នានោះ អង្គប្រជុំបានពិភាក្សាគ្នាលម្អិតសំខាន់ៗលើការងាររៀបចំមន្ត្រី បុគ្គលិក រចនាសម័្ពន្ធគ្រប់គ្រង និងទីតាំង ក៏ដូចជាថវិកាគាំទ្រ និងបញ្ហាផ្សេងៗទៀត ដើម្បីឱ្យការដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី មានភាពរលូន និងមានវឌ្ឍនភាពបានលឿនបំផុត។

សូមបញ្ជាក់ថា អនុក្រឹត្យស្តីពី ការកំណត់ចំនួនគណៈអភិបាលក្រុង ស្រុកដែលបំបែក និងបង្កើតថ្មី មានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដោយនៅក្នុងខេត្តកណ្តាលមានក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ចំពោះខេត្តកំពង់ស្ពឺ មានសក្រុងឧត្តុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ហើយខេត្តក្រចេះ មានស្រុក អូរគៀងសែនជ័យ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ