សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ អ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
January 18, 2023    អ្នកទស្សនា :

នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិ ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម។

ក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោម ស ខេង បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏សូមអរគុណចំពោះអង្គការសហប្រជាជាតិ ព្រមទាំងបណ្ដាអង្គការជាក្រុមគ្រួសាររបស់អង្គការសហប្រជាជាតិ ដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា។ ទន្ទឹមនេះដែរ ចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា សម្ដេចក្រឡាហោម​ បានចាត់ទុកថា អង្គការសហប្រជាជាតិ ក៏ដូចជាបណ្ដាក្រុមគ្រួសារនៃអង្គការសហប្រជាជាតិទាំងអស់គឺជាដៃគូមួយដ៏មានសារៈសំខាន់របស់ក្រសួងមហាផ្ទៃ ខណៈដែលសម្ដេច សង្ឃឹមជឿជាក់ថា តាមរយៈអាណតិ្តបេសកម្មការងារនេះនឹងបន្ដរួមចំណែក ធ្វើយ៉ាងណាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនូវភាពជាដៃគូជាមួយក្រសួងមហាផ្ទៃកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម Joseph Scheuer​ បានថ្លែងអំណរគុណដល់ សម្ដេចក្រឡាហោម ចំពោះការវាយតម្លៃលើកិច្ចសហប្រតិបត្តិការរវាង បណ្ដាអង្គការជាក្រុមគ្រួសាររបស់អង្គការសហប្រជាជាតិ ជាពិសេស UNDP, UNICEF និងអង្គការ IOM។ ជាមួយគ្នានោះ ឯកឧត្តម បានជម្រាបជូន សម្ដេចក្រឡាហោម ផងដែរថា នេះជាការទទួលដំណែងលើកទីពីរ​ នៅប្រទេសកម្ពុជា ហេីយឯកឧត្តមពិតជាមានការរីករាយដែលបានបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ជាមួយក្រសួងមហាផ្ទៃផងដែរ។

លើសពីនេះ ឯកឧត្តម ពិតជាមានសេចក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អប្រសើរ ដែលភាគីកម្ពុជាបានផ្ដល់ជូនទៅដល់បណ្ដាភ្នាក់ងារ ដែលស្ថិតនៅក្រោមអង្គការសហប្រជាជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានធ្វើឱ្យអង្គការសហប្រជាជាតិ បានអនុវត្តនូវបេសកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាពផងដែរ។​ ជាងនេះទៅទៀត ឯកឧត្តម Joseph Scheuer​ ក៏បានជម្រាបជូន សម្ដេចក្រឡាហោម ដោយសង្ខេបអំពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធមួយចំនួនរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផែនការសកម្មភាពនានាដែលអង្គការសហប្រជាជាតិបានដាក់ចេញ នឹងត្រៀមអនុវត្តជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា បណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ ទៅតាមវិស័យនានាដែលទីភ្នាក់ងារស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ជាមួយស្ថាប័នទាំងនោះ។​ ដោយឡែកចំពោះក្រសួងមហាផ្ទៃ ឯកឧត្តម ក៏បានលើកឡើងនូវកិច្ចការសំខាន់ៗចំនួន៣ រួមមាន៖ ទី១-ការចូលរួមក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ទី២-ពាក់ព័ន្ធទៅនឹងភាពជាដៃគូរជាមួយអង្គការសង្គមស៊ីវិល និងទី៣-ពាក់ព័ន្ធទៅនឹងបញ្ហាជួញដូរមនុស្ស។

ចំពោះបញ្ហាទី១ ឯកឧត្តម បានជម្រាបជូន សម្ដេចក្រឡាហោម ថាទីភ្នាក់ងារដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ មានកិច្ចសហប្រតិបត្តិការលើគម្រោងមួយចំនួននៅក្នុងក្របខណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។

ចំពោះបញ្ហាទី២ ឯកឧត្តម បានលេីកឡេីងថា​ ឯកឧត្តម​ក៏បានដឹងអំពីការបន្ដនូវកិច្ចសន្ទនារវាងដៃគូរអង្គការសង្គមស៊ីវិលជាមួយ​ និងក្រសួងមហាផ្ទៃ ដែលថ្មីៗនេះក៏មានការបើកនូវវេទិកាភាពជាដៃគូររវាងរាជរដ្ឋាភិបាលជាមួយ​ និងអង្គការសង្គមស៊ីវិលនេះផងដែរ។

ចំពោះបញ្ហាទី៣ ឯកឧត្តម បានជម្រាបជូនថា ឯកឧត្តម បានដឹងអំពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស។ ឯកឧត្តម បន្ដថា នៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក៏មានទីភ្នាក់ងារពាក់ព័ន្ធ ដូចជា UNDP និងអង្គការ IOM ដែលធ្វើកិច្ចការងារនេះ ជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ។

ជាការឆ្លើយតបទៅនឹងចំណុចទាំង៣ ខាងលើ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនថា ទី១-ពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺរាជរដ្ឋាភិបាលកម្ពុជា​ បានកំពុងអនុវត្ត ដែលមកដល់ពេលនេះគឺឈានចូលដល់កម្មវិធីជាតិដំណាក់កាលទី២ហើយ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតទៅលើបញ្ហា ៣សំខាន់ រួមមាន៖ ការបន្ដផ្ទេរនូវសិទ្ធិអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ, ផ្ទេរធនធានថវិកាទៅដល់ថ្នាក់ក្រោមជាតិ, បន្ដអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ទទួលនូវការអនុវត្តកិច្ចការដែលបានផ្ទេរទៅ។

ចំពោះបញ្ហាទី២ គឺពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយនឹងអង្គការសង្គមស៊ីវិល សម្ដេចក្រឡាហោម បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការទៅលើកិច្ចការងារនេះ គឺតែងតែយកចិត្តទុកដាក់ពង្រឹងនូវការផ្សារភ្ជាប់នូវទំនាក់ទំនង ក៏ដូចជាកិច្ចសន្ទនាជាមួយនឹងអង្គការសង្គមស៊ីវិល ដែលក្រសួងមានយុទ្ធនាការ ដើម្បីធ្វើការងារជាមួយគ្នា ហើយថ្មីៗនេះ សម្ដេចក្រឡាហោមបានដឹកនាំកម្មវិធី វេទិកាកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ សម្ដេច ក៏បានលើកទឹកចិត្តឱ្យបន្ដជួបជជែងពិភាក្សាគ្នា ទៅលើកិច្ចការងារផ្សេងៗ ដែលនៅសេសសល់ ដែលយើងខកខានមិនបានអនុវត្តនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។

ចំពោះបញ្ហាទី៣ ពាក់ព័ន្ធទៅនឹងបទល្មើសជួញដូរមនុស្ស សម្ដេចក្រឡាហោម បានជម្រាបជូនថា បញ្ហានេះជាបទល្មើសមិនប្រពៃណី ដែលរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចផ្ទាល់ បានទទួលភារកិច្ចដឹកនាំកិច្ចការងារនេះ និងបន្ដយកចិត្តទុកដាក់អនុវត្តកិច្ចការងារនេះ ដោយពុំទាន់បិទបញ្ចប់នោះទេ គឺនៅតែបន្ដធ្វើរហូតមកដល់បច្ចុប្បន្ននេះ ខណៈបញ្ហានេះ គឺជាបញ្ហាមួយស្មុកស្មាញ មិនមែនមានតែកម្ពុជាមួយទេ គឺនៅសកលលោកទាំងមូល ហើយទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូន ឯកឧត្តមអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិអំពីស្ថានភាពបច្ចុប្បន្ននៃបទល្មើសគ្រឿងញៀននៅកម្ពុជា ហើយក៏បានជម្រាបជូនអំពីការដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនក្នុងការប្រយុទ្ធប្រឆាំង និងបង្ការបទល្មើសគ្រឿងញៀន ដើម្បីធានាដល់ការសម្រេចបាននូវលទ្ធផលក្នុងរយៈពេលមួយយូរអង្វែងនៅក្នុងបេសកកម្ម នៃការប្រយុទ្ធប្រឆាំងនិងបង្ក្រាប ក៏ដូចជាបង្ការបទល្មើសគ្រឿងញៀន។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អជាមួយអង្គការ IOM កន្លងមក និងបានបន្តថា ក្រសួងមហាផ្ទៃបន្តស្នើ ក៏ដូចជាលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រជាបន្តទៀតទៅលើកិច្ចការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ IOM និងក្រសួងមហាផ្ទៃ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ