សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី២០ របស់គណៈកម្មាធិការជាតិ (គ.ជ.អ.ប)
December 08, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទពីសំណាក់ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនរូបផងដែរ។

នាឱកាសនោះសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ សម្តេចក៏បានគូសបញ្ជាក់ថា រយៈពេល៣ឆ្នាំកន្លងមកនេះប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងសកលលោកដែលតម្រូវឱ្យមានការផ្លាស់ប្តូរនូវរបៀបនៃការរស់នៅ និងការបំពេញការងារ។ សម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ដែលអាចរក្សាបាននូវស្ថានភាពដ៏ល្អប្រសើរ និងបង្កលក្ខណៈឱ្យស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមសហការគ្នារៀបចំអនុវត្តការងារចាំបាច់នានាផ្សារភ្ជាប់ទៅនឹងកំណែទម្រង់ពាក់ព័ន្ធដើម្បីធានាបាននូវនិរន្តរភាពជូនប្រជាពលរដ្ឋ។ នាពេលថ្មីៗនេះអ្វីដែលកម្ពុជាកាន់តែមានមោទនភាពទៀតនោះ គឺការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយកិច្ចប្រជុំនេះគឺកម្ពុជាទទួលជោគជ័យដ៏ត្រចះត្រចង់ក្រោមការដឹកនាំ និងសម្របសម្រួលដោយសម្តេចតេជោផងដែរ។ សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា កិច្ចប្រជុំនាពេលនេះ គឺពិនិត្យ ពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម និងពិភាក្សាលើសេចក្តីព្រាងសំខាន់ៗរួមមាន៖ ១-ការពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.អ.ប លើកទី១៩, ២-ពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារស្តីពីផែនការអនុវត្តរយៈពេលប្រាំឆ្នាំដំណាក់កាលទី១ (២០២១-២០២៥), និង ៣-ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ទៀតរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ, សេចក្តីព្រាងច្បាប់ស្តីពីជលផល, សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ និងការងារពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយគ្នានោះក៏និងពិនិត្យមើលឡើងវិញពីរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង ការបែងចែកមុខងារ និងសិទ្ធអំណាច តួនាទី ភារកិច្ច រវាងក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យការប្រគល់មុខងារនេះស្របតាមគោលនយោបាយអភិវឌ្ឍន៍ និងលើកកម្ពស់គោលនយោបាយមុខងាសារធារណៈសំដៅចូលរួមចំណែកលុបបំបាត់ភាពក្រីក្រ លើកកម្ពស់គុណភាពសិទ្ធិរបស់ប្រជាពលរដ្ឋ។ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា ក្នុងការអនុវត្តគោលនយោបាយថ្នាក់ជាតិ២០១០-២០២០ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងនានា ព្រមទាំងក្រសួងមហាផ្ទៃផងដែរ បានផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានមួយចំនួនធំទៅថ្នាក់ក្រោមជាតិ ហើយកិច្ចការនេះត្រូវបានរៀបចំជាជំហាន និងជាដំណាក់កាលដោយមានការពិភាក្សា និងពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។ សម្ដេចបានបញ្ជាក់ជូនកិច្ចប្រជុំទៀតថា ក្នុងដំណើរការធ្វើវិមជ្ឈការ និងវិសហមជ្ឈការកន្លងមកនេះ ក្រសួងមហាផ្ទៃ បានផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវជាច្រើនរួចមកហើយទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានដូចជា ការផ្ទេរសិទ្ធិអំណាច ធនធាន និងការទទួលខុសត្រូវលើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ការផ្ទេរបុគ្គលិកក្របខណ្ឌក្រសួងមហាផ្ទៃប្រមាណជាង ៧.០០០នាក់ ទៅស្ថិតក្រោមការគ្រប់ គ្រងដោយផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីសេចក្តីព្រាងផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី១ (២០២១-២០២៥)នៃកម្មវិធីជាតិដំណាក់កាលទី២ គោរពជូនសម្តេចក្រឡាហោម និងអង្គប្រជុំជ្រាបថា រាជរដ្ឋាភិបាល បានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏ចាំបាច់ និងមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចបានឱ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បាន នឹងកំពុងធ្វើទំនើបកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធអភិបាលកិច្ចតាមរយៈកម្មវិធីកំណែទម្រង់នានា រួមមានកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឬហៅថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, និងកំណែទម្រង់តាមវិស័យនានា ដើម្បីឱ្យការធ្វើកំណែទម្រង់ខាងលើមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាដំណាក់កាលៗ ដើម្បីផ្សារភ្ជាប់ជាមួយនឹងកម្មវិធីកំណែទម្រង់ស្នូល និងកំណែទម្រង់តាមវិស័យនានារបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំនូវសេចក្តីព្រាងផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី១ គឺបានផ្តោតលើមូលដ្ឋានសំខាន់ៗមួយចំនួនរួមមាន៖ កម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០), ឯកសារស្តីពីកិច្ចការអន្តរវិស័យនានាដែលបានកំណត់ក្នុងកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) ក្នុងនោះរួមមាន៖ ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងនានា និងកម្មវិធីកំណែទម្រង់ស្នូលនានា និងគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានបន្ថែមថា សេចក្តីព្រាងបឋមនៃផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី១ នេះត្រូវបានរៀបចំដោយក្រុមទីប្រឹក្សាបច្ចេកទេស និងបានប្រជុំពិនិត្យកែសម្រួលដោយលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងបានរៀបចំកិច្ចប្រជុំ ដើម្បីពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៊ីវិលនានាជាច្រើនលើកផងដែរ។ ឯកឧត្តមបានបន្តថា សេចក្តីព្រាងផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី១ (២០២១-២០២៥)នេះ មាន០៥ជំពូក និង១១៧ទំព័រ។

លើសពីនេះទៀត ឯកឧត្តមបានបញ្ជាក់បន្ថែមថា ផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី១ (២០២១-២០២៥)នេះ មានគោលបំណង ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាបន្ន យុត្តិធម៌ និងសមធម៌សង្គម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងដើម្បីប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើសេចក្តីរាយការណ៍ថា កត្តាសំខាន់ៗជាមូលដ្ឋាន ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ គឺផ្អែកលើការរីកចម្រើនរបស់ប្រទេស និងជីវភាពប្រជាជននៅទូទាំងប្រទេស ដែលទាមទារឱ្យមានការថែក្សាការពារតំបន់ធនធានធម្មជាតិនានាគ្រប់ប្រភេទនៅក្នុងប្រទេស រួមមាន ព្រៃឈើ ទន្លេ បឹងបួរ ភ្នំ និងសម្បត្តិធម្មជាតិមួយចំនួនទៀត សម្រាប់តម្កល់ជាសម្បត្តិជាតិដែលមានរយៈពេលយូរអង្វែង និងអាចទាញយកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជនត្រឡប់មកវិញ ដែលឯកឧត្តម បានចាត់ទុកថា នេះក៏ជាការត្រៀមខ្លួន ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈរបស់ពិភពលោកឱ្យបានល្អប្រសើរផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងបន្តថា បច្ចុប្បន្នប្រជាជនមានការយល់ដឹងច្រើន និងមានស្មារតីចូលរួមក្នុងកិច្ចការការពារធនធានធម្មជាតិនេះ ជាមួយរាជរដ្ឋាភិបាលយ៉ាងច្រើនផុសផុល។ ទន្ទឹមនឹងនេះ ក្នុងនាមក្រសួងបរិស្ថាន ដែលជាសេនាធិការលើការងារពាក់ព័ន្ធទាំងនេះ ឯកឧត្តមយល់ឃើញថាត្រូវមានច្បាប់ថ្មីមួយ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់អនុវត្តលើកិច្ចការងារនេះឱ្យបានស្របជាមួយការវិវត្តរបស់សង្គមនាពេលបច្ចុប្បន្ននោះគឺច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ច្បាប់ស្តីពីតំបន់ការពារធម្មជាតិនេះ មានគោលបំណងដើម្បីកំណត់អំពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព ដើម្បីធ្វើការការពារ និងអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី បេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ព្រមទាំងលើកកម្ពស់សេវាកម្មប្រព័ន្ធអេកូឡូស៊ី ជីវភាពសហគមន៍មូលដ្ឋាន អភិវឌ្ឍន៍ និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព នៅក្នុងតំបន់ការពារធម្មជាតិ។ លើសពីនេះ ច្បាប់ស្តីពីព្រៃឈើ គឺមានគោលបំណងកំណត់អំពីការគ្រប់គ្រង ការអភិរក្ស ការអភិវឌ្ឍ ការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់ព្រៃឈើប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន។

ពាក់ព័ន្ធនិងសេចក្តីព្រាងច្បាប់ស្តីពីជលផល ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើសេចក្តីរាយការណ៍ថា ឯកឧត្តម បានជម្រុញដល់ដំណើរការនៃការរៀបចំក្រុមការងារក្រសួងនៅក្នុងការធ្វើការពិនិត្យរៀបចំកែសម្រួលយ៉ាងយកចិត្តទុកដាក់ និងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម ព្រុំ សុផា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានធ្វើសេចក្តីរាយការណ៍លម្អិតអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីជលផល ដែលច្បាប់នេះមានគោលបំណងដើម្បីឆ្លើយតបទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍបច្ចេកវិទ្យា សេដ្ឋកិច្ចសង្គម ការធ្វើសមាហរណកម្មវិស័យជលផលកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ ក្នុងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅវិស័យជលផលរបស់រាជរដ្ឋាភិបាល ជាពិសេសផ្តោតសំខាន់ទៅលើបទបញ្ញត្តិមួយចំនួន ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងនេសាទសមុទ្រ។ ឯកឧត្តម បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីជលផល បានពិនិត្យពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់នានាជាសាធារណៈជាមួយអ្នកពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធសម្រេចបានជាសេចក្តីសម្រេចចុងក្រោយ មាន១៧ជំពូក និង១២៩មាត្រា។

គួរបញ្ជាក់បន្ថែមដែរថា  កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺជាកំណែទម្រង់អភិបាលកិច្ចដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងគោលនយោបាយជាតិ និងយុទ្ធសាស្ត្រចតុកោណតាមដំណាក់កាលនីមួយៗជាបន្តបន្ទាប់។ កំណែទម្រង់នេះផ្ដោតទៅលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិដោយឈរលើគោលការណ៍គន្លឹះនានានៃអភិបាលកិច្ចល្អ គឺភាពជាតំណាង ការចូលរួម ការឆ្លើយតប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព នីតិរដ្ឋ បរិយាប័ន្ន និងសមធម៌សង្គម។  គោលបំណងដ៏ទូលំទូលាយនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺការបង្កើតនូវវប្បធម៌ប្រជាធិបតេយ្យនៅមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋ ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ លើកស្ទួយគុណភាពជីវិត និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ