អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅមណ្ឌលអប់រំកែប្រែទី១
December 03, 2022    អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅមណ្ឌលអប់រំកែប្រែទី១ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធានមណ្ឌលអប់រំកែប្រែទី១ អនុប្រធានមណ្ឌល ប្រធានការិយាល័យចំណុៈមណ្ឌលអប់រំកែប្រែទី១ និងសមាជិកគណៈប្រតិភូសវនកម្មផ្ទៃក្នុងផងដែរ។

ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ទោ តោ មណ្ឌល នាយរងការិយាល័យ និងជាសមាជិកគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអានរបាយការណ៍អំពីលទ្ធផលនៃការចុះធ្វើសវនកម្ម និងអនុសាសន៍ណែនាំរបស់ប្រធានគណៈប្រតិភូ ជូនសវនដ្ឋាន និងអង្គពិធីទាំងមូលជ្រាប។

ជាកិច្ចបន្តលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី និងប្រធានគណៈប្រតិភូ ហើយក៏សូមឯកភាពទាំងស្រុងនូវរបាយការណ៍របស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង និងបានជំរុញដល់ផ្នែកជំនាញពាក់ព័ន្ធឱ្យយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានវឌ្ឍនភាពប្រសើរឡើងនៅឆ្នាំ បន្តបន្ទាប់ខាងមុខទៀត។

បន្តទៅទៀតនោះឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានសម្តែងការស្វាគមន៍យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចូលរួមក្នុងពិធីប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅមណ្ឌលអប់រំកែប្រែទី១ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង យោងតាមលិខិតបង្គាប់ការលេខ០៧៤ របក ចុះថ្ងៃចន្ទ ១២កើត ខែផល្គុន ត្រូវនឹងថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ។

ឯកឧត្តម ក៏បានថ្លែងអំណរអគុណដល់ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ប្រធានមណ្ឌលអប់រំកែប្រែទី១ អស់លោក លោកស្រី ជាមន្រ្តីទាំងអស់ រួមទាំងប្រតិភូអមដំណើរ ដែលបានសហការនិងអនុវត្តការងារសវនកម្មផ្ទៃក្នុង សម្រេចបានជាលទ្ធផល និងបានបិទការងារសវនកម្មនាពេលនេះប្រកបដោយភាពស្និទស្នាល និងមានមោទនភាពខ្ពស់បំផុត។ ក្នុងឱកាសនោះដែរឯកឧត្តមបានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតែងតែដាក់ចេញនៅយន្តការកែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងនោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ប្រព័ន្ធលលើកទឹកចិត្តនានា។

ឯកឧត្តមក៏មានប្រសាសន៍បន្តទៀតថា ការចុះធ្វើសវនកម្មគឺផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ បន្ថែមលើនេះ ឯកឧត្តម អគ្គនាយក ក៏បានមានប្រសាសន៍ណែនាំដល់សវនដ្ឋានទាំងអស់ រាល់អនុសាសន៍កែលម្អចំណុចខ្វះខាតជាក់ស្ដែងដែលកើតមាននៅសវនដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូននៅពេលចុះធ្វើសវនកម្ម សវនដ្ឋានត្រូវមានរបាយការណ៍ឆ្លើយតបនិងលទ្ធផលសម្រចបានក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ ជូនមកសវនកម្មផ្ទៃក្នុង។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់មណ្ឌលអប់រំកែប្រែទី១ ដែលបានរៀបចំសម្របសម្រួលក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍និងបិទសវនកម្មផ្ទៃក្នុង នៅមណ្ឌលអប់រំកែប្រែទី១ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នាវេលានេះប្រកបដោយសេចក្តីសោមនស្សរីករាយស្និទស្នាល ប្រព្រឹត្តទៅដោយរលូន និងសូមប្រសិទ្ធពរជ័យចំពោះអង្គពិធីទាំងមូល និងមន្រ្តីគ្រប់ជាន់ថ្នាក់ សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ព្រមទាំងទទួលពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុង ចាប់ពីពេលនេះតទៅ៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ