នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលអនុក្រឹត្យ ស្តីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្កិ មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់។
នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះ ដើម្បីពិនិត្យ និងពិភាក្សាកែសម្រួលនូវមាត្រា៤, មាត្រា៦, មាត្រា៨ នៃអនុក្រឹត្យ ស្តីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្កិ មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ។
សូមជម្រាបជូនដែរ អនុក្រឹត្យលេខ ២០១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្កិ មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃនេះ មានចំនួន ១២មាត្រាផងដែរ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា