ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ
November 23, 2022    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ, អនុប្រធានអចិន្ដ្រៃយ៍ និងសមាជិក-សមាជិកា នៃក្រុមការងាររដ្ឋាភិបាលឌីជីថល ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានប្រសាសន៍បើកអង្គប្រជុំថា តាមគោលការណ៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យរៀបចំយុទ្ធសាស្ដ្ររួមមួយ ដើម្បីដំណើរការនូវការងាររដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មានក្រសួងមហាផ្ទៃ។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររដ្ឋាភិបាលឌីជីថលទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការងារ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានល្អប្រសើរ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេប ស្ដីពីដំណើរការ និងវឌ្ឍនភាពការងារនៃការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃជូន ឯកឧត្តម រដ្ឋលេខាធិការប្រចាំ និងអង្គពិធីថា ក្រុមការងារលេខាធិការដ្ឋាន ដែលមានតំណាងមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធ បានដំណើរការការងារជាអាទិភាព ដែលជាផែនទីបង្ហាញផ្លូវពាក់ព័ន្ធនឹងបច្ចេកវិទ្យាជូន អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ យកទៅអនុវត្តស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហ៍កម្ម ៤.០ ក្នុងគោលបំណងដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលអាចវាស់វែងបាននូវសូចនាករ និងពេលវេលា ដើម្បីឱ្យទទួលបានជោគជ័យ ស្របតាមផែនការដែលបានដាក់ចេញ ព្រមទាំងជួយជំរុញការអភិវឌ្ឍវិស័យឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ដថា ដំណើរការនៃការរៀបចំកសាងសេចក្តីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍  និងព័ត៌មានក្រសួងមហាផ្ទៃ (ប.គ.ព) បានធ្វើការសិក្សាស្រាវជ្រាវឯកសារគតិយុត្ត ជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ជាពិសេសគោលនយោបាយពាក់ព័ន្ធបច្ចេកវិទ្យា ដែលអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានជួបប្រជុំពិភាក្សាជាមួយអ្នកជំនាញ ទីប្រឹក្សាជាតិ-អន្តរជាតិ ចាប់តាំងពីដំណាក់កាលសិក្សាស្រាវជ្រាវ រហូតដល់សម្រេសបានសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ប.គ.ព ក្រសួងមហាផ្ទៃ សរុបចំនួន ១៣លើក រួមមានអ្នកជំនាញអន្តរជាតិ, បណ្តាក្រុមហ៊ុនឯកជនធំៗ, តំណាងអង្គការ JICA និងតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាដើម។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃកិច្ចដំណើរការការងារខាងលើ ក្រុមការងារលេខាធិការដ្ឋានសម្រេចបាននូវសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ០៥ឆ្នាំ (២០២២-២០២៦)។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ជាមួយគ្នានោះដែរ លេខាធិការដ្ឋាន បានកំណត់យកយុទ្ធសាស្រ្តគន្លឹះសំខាន់ៗ នៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ (២០២២-២០២៧) ដោយផ្តោតលើយន្តការសំខាន់ៗចំនួន ៦ រួមមាន ៖ ១-យន្តការបណ្តុះបណ្តាលធនធានមនុស្ស និងការបញ្ជ្រាបចំណេះដឹង ,២-យន្តការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្រសួងមហាផ្ទៃ (ICT Network Infrastructure), ៣-យន្តការសន្តិសុខ និងបទល្មើសបច្ចេកវិទ្យា (Cyber Security and Cybercrime), ៤-យន្តការស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ (ICT Research, Development and Innovation), ៥-យន្តការពង្រឹងគុណភាពការងារ និងសេវាសាធារណៈ (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ), ៦- យន្តការអភិបាលកិច្ចបច្ចេកវិទ្យា (ICT Governance)។

ដោយឡែក ក្រុមការងារបច្ចេកទេស នៃលេខាធិការដ្ឋាន ICT ក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញលម្អិត ស្ដីពីការរៀបចំនូវសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ថា គោលនយោបាយថ្នាក់ជាតិពាក់ព័ន្ធបច្ចេកវិទ្យានេះ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជំរុញសន្ទុះកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផងដែរ។

ព្រមជាមួយគ្នានោះ ក្រុមការងារបច្ចេកទេស ក៏បានបង្ហាញការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបដិវត្តកម្មឌីជីថលនៅគ្រប់តួរអង្គសង្គម ទាំងវិស័យរដ្ឋ វិស័យឯកជន ប្រជាពលរដ្ឋ និងធុរជន ជាពិសេស ជំរុញគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ លើយន្ដការកសាងប្រសិទ្ធភាពសេវាបច្ចេកវិទ្យា និងនវានុវត្តន៍។

ជាមួយគ្នានោះដែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានណែនាំដល់ក្រុមការងារទាំងអស់ ឱ្យពិនិត្យបានល្អិតល្អនលើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ ដើម្បីអគ្គលេខាធិការដ្ឋានមានមូលដ្ឋានរៀបចំឯកសារទាំងនេះបន្តដាក់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រឹមចុងឆ្នាំ២០២២ ដើម្បីពិនិត្យ និងសម្រេច សម្រាប់ជាផែនទីបង្ហាញផ្លូវ ក្នុងរយៈពេល៥ ចាប់ឆ្នាំ២០២៣ ទៅដល់ឆ្នាំ២០២៧ ខាងមុខនេះ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានគូសបញ្ជាក់ថា ពាក្យរដ្ឋាភិបាលឌីជីថល បានត្រូវលើកឡើងគ្រប់ទីកន្លែង ទាំងនៅក្នុងកិច្ចប្រជុំអាស៊ាននៅកម្ពុជានាពេលកន្លងទៅនេះ តាមរយៈសេចក្ដីថ្លែងការណ៍នានារបស់ថ្នាក់ដឹកនាំ។ ឯកឧត្តម បន្ដថា ចាប់ពេលនេះតទៅការងារពាក់ព័ន្ធទៅនឹង រដ្ឋាភិបាលឌីជីថល គឺជារបៀបរបបដឹកនាំថ្មីមួយ មិនមែនសម្រាប់តែកម្ពុជាមួយទេ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ហើយក៏ជាបដិវត្តន៍ថ្មីមួយ ក្នុងក្របខណ្ឌសង្គមសម័យទំនើបផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ