ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការពង្រឹងវិធានការជាក់ស្តែងសំដៅទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធក្នុងលំហអាកាស
November 23, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើរបស់ស្ថានទូតរុស្សីប្រចាំនៅកម្ពុជា ស្នើសុំភាគីកម្ពុជាចូលរួមគាំទ្រ និងស្នើកម្ពុជាចូលរួមជាសហស្ថាបនិក (co-sponsor) លើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការពង្រឹងវិធានការជាក់ស្តែងសំដៅទប់ស្កាត់ការប្រណាំងប្រជែងអាវុធក្នុងលំហអាកាស នៅក្នុងមហាសន្និបាទអង្គការសហប្រជាជាតិ លើកទី៧៧ ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ តំណាងអគ្គនាយកដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឡាំ ជា បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបើកអង្គប្រជុំ និងបានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីជួបពិភាក្សាពិគ្រោះយោបល់លើសំណើរបស់ស្ថានទូតរុស្សីប្រចាំនៅកម្ពុជា ស្នើសុំភាគីកម្ពុជាជួយចូលរួមគាំទ្រ និងស្នើកម្ពុជាចូលរួមជាសហស្ថាបនិក (co-sponsor) ចំពោះគំនិតផ្តួចផ្តើមរៀបចំសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការពង្រឹងវិធានការជាក់ស្តែងសំដៅទប់ស្កាត់ការប្រណាំងប្រជែងអាវុធក្នុងលំហអាកាស ដែលនឹងត្រូវដាក់ជូនមហាសន្និបាទអង្គការសហប្រជាជាតិ លើកទី៧៧ នាពេលខាងមុខ។

ឯកឧត្តម បានបន្តថា ក្នុងពេលបច្ចុប្បន្នប្រទេសជឿនលឿនមួយចំនួន បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន ជាពិសេសប្រព័ន្ធសព្វាវុធទំនើបៗដែលអាចរក្សាទុកនៅក្នុងលំហអាកាស ហើយការដែលមានប្រព័ន្ធសព្វាវុធនៅក្នុងលំហអាកាសនេះ គឺជាការបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា សេចក្ដីព្រាងសេចក្ដីសម្រេចចិត្តនេះគឺជាគំនិតផ្តួចផ្តើមដ៏មានសារសំខាន់មួយក្នុងគោលបំណងទប់ស្កាត់ការគំរាមកំហែងនៃការប្រកួតប្រជែងសព្វាវុធក្នុងលំហអាកាស ដើម្បីសន្តិភាព ធានាការពារផលប្រយោជន៍រួមរបស់ពិភពលោក និងមនុស្សជាតិ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ