សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិកបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់
November 21, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិកបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅទូទាំងខេត្តពោធិ៍សាត់ ជាច្រើននាក់ផងដែរ។

ពិធីនេះបានរៀបចំឡើងក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ដើម្បីប្រកាសផ្ទេរ និងប្រគល់ភារៈកិច្ចជូនឯកឧត្តម ខូយ រីដា ពីអភិបាលរងខេត្តបាត់ដំបង មកជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ជាវ តាយ ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឯកឧត្តម ខូយ រីដា អភិបាលថ្មីនៃគណៈអភិបាលខេត្តពោធិ៍សាត់ ធ្វើការប្តេចជ្ញាថា នឹងខិតខំអនុវត្តតាមរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោរពតាមគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឱ្យបាននូវការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ផលប្រយោជន៍ជាតិ និងថែរក្សាសន្តិភាព ពង្រឹងថែរក្សាស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងសហការជាមួយភាគីពាក់ព័ន្ធ។

ឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីភាពជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន។ សម្ដេចមានប្រសាសន៍ថា ជោគជ័យនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថាកម្ពុជាពិតជាមានសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងដោះស្រាយកិច្ចការនាទាំងក្នុងតំបន់ និងពិភពលោក ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន និងពុំធ្លាប់មានក្នុងរយៈពេលកន្លងមក។ សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធដែលបានចូលរួមគាំទ្រឱ្យកិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយជោគជ័យ។

ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខណ្ឌខេត្តទាំងមូលបានយ៉ាងល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀងថ្មីៗនេះ។

ពីវេទិកានៃពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីថា ដោយផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍បំពេញការងារកន្លងមក រាជរដ្ឋាភិបាលបានលើកសំណើរ ទូលថ្វាយព្រះមហាក្សត្រ ស្នើសុំតែងតាំងឯកឧត្តម ខូយ រីដា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ឱ្យមកកាន់តំណែងជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ជាវ តាយ ដែលមានបញ្ហាសុខភាព និងបានស្នើសុំតែងតាំងឯកឧត្តម ជាវ តាយ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយផ្អែកលើគុណសម្បត្តិ លក្ខណៈសម្បត្តិក្នុងការបម្រើជាតិ និងប្រជាជនរបស់ឯកឧត្តម។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ឯកឧត្តម ជាវ តាយ ដែលក្នុងរយៈពេលបំពេញការងារកន្លងមក បានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងគណៈអភិបាលខេត្តពោធិ៍សាត់ និងបានកោតសរសើរ ព្រមទាំងតម្លៃខ្ពស់ ចំពោះឯកឧត្តម ខូយ រីដា ដែលមានបទពិសោធន៍ការងារ ធ្លាប់កាន់មុខតំណែងជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ ជាអភិបាលរងខេត្តពោធិ៍សាត់ និងបាត់ដំបង មុនទទួលមុខតំណែងជាអភិបាលខេត្តពោធិ៍សាត់។ សម្ដេចក៏សង្ឃឹមថាឯកឧត្តមអភិបាលខេត្តថ្មី នឹងខិតខំកសាងសមិទ្ធផលថ្មីៗ និងពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត បន្តពីឯកឧត្តម ជាវ តាយ និងបានស្នើសុំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋសហការគាំទ្រឯកឧត្តម ខូយ រីដា៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ