ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២
October 31, 2022    អ្នកទស្សនា :

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ នៅទីលាន នៃកីឡដ្ឋានបាល់ទះព្រីនស៍។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាសហព័ន្ធកីឡាបាល់ទះកម្ពុជា និងទស្សនិកជនចូលរួមយ៉ាងច្រើនកុះករទៀតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា តាងនាមឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទ «ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២» នាពេលនេះ។

ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងអស់លោកលោកស្រីជាថ្នាក់ដឹកនាំសហព័ន្ធ គណៈកម្មាធិការប្រតិបត្តិ អគ្គលេខាធិការ អគ្គលេខាធិការរង ពិសេសសមាជិកសមាជិកាគណៈកម្មការរៀបចំការប្រកួត ដៃគូសហការ អ្នកសារព័ត៌មាន និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅរយៈពេល ១៦ថ្ងៃ បញ្ចប់ដោយរលូន និងជោគជ័យ។ ការខិតខំទាំងនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវការចូលរួមគាំទ្រលើកទឹកចិត្តដល់វិស័យកីឡាបាល់ទះកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះ ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា ទទួលបន្ទុកទ្រទ្រង់កៀរគរមូលនិធិកីឡាបាល់ទះកម្ពុជា ព្រមទាំងអនុប្រធាន សមាជិកកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជាទាំងអស់ ជានិច្ចកាលតែងតែឧបត្ថម្ភគាំទ្រទាំងផ្នែកសម្ភារៈ និងថវិកាដល់សហព័ន្ធក្នុងការរៀបចំការប្រកួតដណ្តើមពានរង្វាន់នាពេលកន្លងមក ជាពិសេសសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បានដាក់ចេញនូវយុទ្ធសាស្ត្រដ៏មុតស្រួចសំដៅធានាបាននូវសុខសន្ដិភាព សុខដុមរមនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសទទួលបានការកោតសរសើរពីបណ្ដាប្រទេសជាច្រើនក្នុងសកលលោក និងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ដោយបានបង្កើតភាពសាំខ្ពស់ក្នុងសហគមន៍តាមរយៈយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងកូវីដ១៩។ ជាងនេះទៅទៀតក៏ជាកិត្តិយសដ៏ធំធេងរបស់កម្ពុជាផងដែរ ដែលរយៈពេលដ៏ខ្លីខាងមុខនេះ យើងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ដោយមានវត្តមានប្រមុខដឹកនាំកំពូលនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងមេដឹកនាំប្រទេសមហាអំណាចជាដៃគូ ដូចជាចិន និងសហរដ្ឋអាមេរិកចូលរួមផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ ដែលយើងបានរៀបចំឡើងនៅពេលនេះក្នុងគោលបំណងសំខាន់៖

*ទី១-ជាផែនការមួយក្នុងការធ្វើឲ្យកីឡាបាល់ទះកម្ពុជា កាន់តែមានគុណភាពខ្ពស់ ដើម្បីឈានទៅរកស្តង់ដារកម្រិតពិភពលោកទី។

*ទី២-ពង្រឹងវិស័យកីឡាបាល់ទះឲ្យមានសក្ដានុពល និងធ្វើឲ្យបាល់ទះជ្រាបចូលក្នុងក្រអៅបេះដូងរបស់យុវជនយើង រួមចំណែកធ្វើឲ្យប្រជាជនមានសុខភាពល្អ និងកុំឲ្យពួកគេប្រព្រឹត្តអំពើអបាយមុខ ឬអំពើខុសច្បាប់នៅក្នុងសង្គម។

*ទី៣-បង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមការប្រកួតសំខាន់ៗនាពេលខាងមុខ ជាពិសេសការជ្រើសរើសកីឡាករឲ្យចូលជាជម្រើសជាតិ សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

*ទី៤-ពង្រឹងក្រុមជម្រើសជាតិ ឆ្ពោះទៅការឈ្នះមេដាយនៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងប្រកួតអន្តរជាតិនានា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បន្តថា ថ្ងៃនេះក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយជាមួយលទ្ធផលរបស់យើងក្នុងថ្ងៃនេះ ទី១-សូមអបអរសាទរចំពោះក្រុមកីឡាករទទួលជ័យលាភី និងទី២-គឺក្រុមកីឡាករជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមកីឡាករប្រទេសគុយបា និងសិង្ហបុរី ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ដែលលទ្ធផលនេះបង្ហាញឲ្យឃើញអំពីសមត្ថភាពរបស់កីឡាករជម្រើសជាតិកម្ពុជា ធ្វើឲ្យខ្ញុំមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងធ្វើបានល្អអាចជាឱកាសឈានទៅដណ្តើមយកមេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានជម្រាបដល់អង្គវិធីជ្រាបផងដែរ កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅនេះ ឯកឧត្តម បានជួបប្រជុំជាមួយឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះ នៃសាធារណរដ្ឋបារាំង តាមប្រព័ន្ធហ្សូម។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានបង្ហាញនូវឆន្ទៈជួយលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការផ្លាស់ប្តូរប្រតិភូ ការផ្ដល់បច្ចេកទេស និងឈានទៅដល់ការចុះ MOU នាពេលអនាគតផងដែរ។ ដើម្បីឆ្លើយតបទៅនឹងការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើក៣២ រខាងមុខនេះ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានទទួលយកសំណើរបស់ប្រទេសកម្ពុជា រៀបចំការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមកីឡាករជម្រើសជាតិបារាំង ឬក្រុមកីឡាករយុវជនអាយុក្រោម២១ឆ្នាំ របស់បារាំង ដើម្បីដកពិសោធន៍ និងបច្ចេកទេសល្អៗ។ ការប្រកួតលក្ខណៈអន្តរជាតិនេះ គ្រោងធ្វើឡើងក្នុងជម្រើស២ ជម្រើសទី១ គឺប្រតិភូកីឡាករជម្រើសជាតិបារាំង នឹងមកចូលរួមប្រកួតនៅប្រទេសកម្ពុជា ជម្រើសទី២ យើងនឹងបញ្ជូនកីឡាករក្រុមជម្រើសជាតិកម្ពុជា ទៅចូលរួមប្រកួតនៅប្រទេសបារាំងតែម្ដង។ បច្ចុប្បន្ននេះក្រុមការងារអគ្គលេខាធិការដ្ឋានកីឡាបាល់ទះប្រទេសទាំងពីរ បាននិងកំពុងពិភាក្សារៀបចំការប្រកួតនេះ។

ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទះនៅកម្ពុជា ឲ្យកាន់តែមានគុណភាពខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសង្កត់ធ្ងន់នូវការងារសំខាន់សំខាន់មួយចំនួនដូចខាងក្រោម៖

*១-សូមក្រុមការងារទាំងអស់ពិនិត្យមើល និងកែលម្អចំណុចខ្វះខាត ដែលបានកើតមានក្នុងអំឡុងពេលរៀបចំការប្រកួតនេះ ឬបញ្ហាផ្សេងៗ ដើម្បីឆ្ពោះទៅការប្រកួតអន្តរជាតិនៅពេលបន្តបន្ទាប់។

*២-ក្រុមកីឡាករ ដែលទទួលបានជ័យលាភីត្រូវបន្តពង្រឹងការហ្វឹកហាត់បន្ថែមទៀត ចំពោះក្រុមកីឡាករមិនទាន់ទទួលបានជ័យលាភី សូមកុំទាន់បាក់ទឹកចិត្តត្រូវប្រឹងប្រែងបន្ថែមទៀត ត្រូវយកចំណុចខ្វះខាតរបស់យើងនាពេលនេះ ទៅកែលម្អដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតពេលក្រោយ។

*៣-គ្រូបង្វឹកត្រូវយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំស្រាវជ្រាវនូវបច្ចេកទេស និងបទពិសោធន៍ល្អៗពីបណ្ដាប្រទេសដែលខ្លាំងផ្នែកវិស័យកីឡាបាល់ទះ ដើម្បីចែករំលែកដល់កីឡាករកីឡាការិនីរបស់យើងឲ្យកាន់តែមានសមត្ថភាពខ្ពស់។ ជាមួយគ្នានេះ កីឡាករ កីឡាការិនី ត្រូវគោរពវិន័យក្នុងការហ្វឹកហាត់សំដៅលើកកម្ពស់គុណភាពកីឡាបាល់ទះរបស់យើងបន្ថែមទៀត។

*៤-កីឡាករ ដែលទទួលបានជ័យលាភីក៏មិនត្រូវភ្លេចខ្លួន ពោលគឺត្រូវអភិវឌ្ឍខ្លួនបន្ថែមដើម្បីទទួលលទ្ធផលក្នុងការប្រកួតក្នុង និងក្រៅប្រទេស។

*៥-សូមស្នើដល់ស្នងការរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ខិតខំកៀរគររកដៃគូសហការជួយឧបត្ថម្ភ គាំទ្រទាំងសម្ភារៈ ថវិកា ដើម្បីបម្រើឲ្យការហ្វឹកហាត់ដល់ក្រុមកីឡាករបាល់ទះជាប់ជាប្រចាំ និងសូមស្នើឲ្យគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា តាមដានក្លិប ឬសមាគមបាល់ទះ ដែលបានចុះឈ្មោះលេងពានរង្វាន់ធំៗក្នុងស្រុកជាប្រចាំ។

ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន តាងនាមឲ្យសហព័ន្ធកីឡាបាល់ទះ ក៏ដូចជាគណៈកម្មការរៀបចំការប្រកួត សូមប្រកាសបិទពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា អង្គពិធីទាំងមូលសូមប្រកបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ក្នុងព្រឹត្តិការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅរយៈពេល ១៦ថ្ងៃ ក្រុមកីឡាបាល់ទះ វិសាខា ទទួលបានចំណាត់ថ្នាក់លេខ ១ និងថវិកាចំនួន ៤០លានរៀល, ក្រុមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ ទទួលបានចំណាត់ថ្នាក់លេខ ២ និងថវិកាចំនួន ២០លានរៀល, ក្រុមកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ទទួលបានចំណាត់ថ្នាក់លេខ ៣ និងថវិកាចំនួន ១២លានរៀល៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ