សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង ៦ពាន់គ្រួសារ នៅខេត្តព្រៃវែង
October 30, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករ ចំនួន ៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ នៅខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានឱ្យដឹងថា នៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២២នេះ ស្ថានភាពទឹកភ្លៀងមានចំនួនច្រើន និងទឹកទន្លេមេគង្គកើនឡើង គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថានីយជលសាស្ត្រព្រែកតាតាំ (មុខផ្សាក្រុង ព្រៃវែង) ឡើងដល់កម្ពស់អតិបរិមា ៦,៤៧ម៉ែត្រ (កម្រិតកម្ពស់ប្រកាសអាសន្ន ៧,៥០ម៉ែត្រ) បានធ្វើឱ្យប៉ះពាល់ និងខូចខាតដល់ដំណាំរបស់ប្រជាកសិករមានដូចជា៖ ស្រូវ បន្លែ និងដំណាំរួមផ្សំ ក្នុងស្រុកចំនួន១១ ស្មើនឹង ៤៩ឃុំ និង ២៤៥ភូមិ មានផ្ទៃដីប៉ះពាល់ចំនួន ៦,៩៧០ហិកតា ស្មើនឹង ៧០៨៣គ្រួសារ ក្នុងនោះ ផ្ទៃដីខូច ខាតខូចខាតសរុបចំនួន ៥,៦៧០ហិកតា ស្មើនឹង ៦,២១៧គ្រួសារ ក្នុងនោះផ្ទៃដីដែលមានលទ្ធភាចអាចស្តារ ការដាំដុះស្រូវឡើងវិញបានមានចំនួន០៩ស្រុក លើផ្ទៃដី ៥,៤៣៥ហិកតា ស្មើនឹង ៦,១១២គ្រួសារ ត្រូវបាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្ដល់ជូន នាឱកាសថ្ងៃនេះ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមសោកស្តាយ និងចែករំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងជំនន់ទឹកទន្លេ នាពេលកន្លងទៅនេះ។ សម្តេចតេជោ បានថ្លែងកោតសរសើរដល់អាជ្ញាធរ បានរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ។

លើសពីនេះ សម្តេចតេជោ នាយករដ្ឋមន្ដ្រី បានថ្លែងកោតសរសើរអាជ្ញាធរ និងក្រុមគ្រូពេទ្យនៅខេត្តព្រៃវែង ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងអរគុណប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តន៍វិធានការនានា រួមទាំងការទៅទទួលយកវ៉ាក់សាំងកូវីដ-១៩។ សម្ដេចតេជោ បន្ដថា មិនមែនជារឿងតូចតាចទេ សម្រាប់កម្ពុជា ពលរដ្ឋមានត្រឹមជាង ១៦លាននាក់ តែពលរដ្ឋស្លាប់ជាង ៣ពាន់នាក់ ក្នុងរយៈពេលខ្លី ដោយតែជំងឺកូវីដ-១៩ ទាំងនេះដោយសារតែវិធានការដ៏មានប្រសិទ្ធភាព នៃការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ