ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី
October 19, 2022    អ្នកទស្សនា :

រតនគិរី ៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

មានប្រសាសន៍នៅក្នុងពិធីតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំនួសមុខឱ្យយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរជូនចំពោះឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដែលបានដឹកនាំធ្វើឱ្យខេត្តរតនគិរីទាំងមូលមានការរីកចម្រើនគ្រប់វិស័យ ព្រមទាំងបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិ មកធ្វើការទេសចរណ៍ ដែលនាំឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ។ ឯកឧត្តម ក៏បានកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលកន្លងមកបានដឹកនាំកងកម្លាំងទាំងអស់នៅក្នុងខេត្តមានភាពជោគជ័យ។ ជាពិសេសកងកម្លាំងទាំង៣ប្រភេទ បានសហការគ្នាល្អជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការដោះស្រាយបញ្ហានានាបានទាន់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងពីស្ថានភាពទូទៅដែលកំពុងកើតមានទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលក្នុងនាមជាកងកម្លាំងប្រដាប់អាវុធត្រូវយល់ដឹង៖

ទី១-សង្គ្រាមដែលកំពុងកើតមានរវាង រុស្សី និងអ៊ុយក្រែន ដែលធ្វើឱ្យប្រទេសកម្ពុជាក៏បានរងនូវសម្ពាធ ជាពិសេសតម្លៃប្រេង និងឧស្ម័នមានការឡើងថ្លៃផងដែរ។

ទី២-ស្ថានភាពជំងឺកូវីដ១៩ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ត្រូវខិតខំពង្រឹងបន្ថែមទៀតតាមរយៈការជំរុញឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា និងត្រូវបន្តអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន «៣កុំ ៣ការពារ»។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានបន្តលើកឡើងអំពីចំណុចវិជ្ជមាន ៥ចំណុច ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២នេះ៖

ទី១-កម្ពុជាទទួលបានជោគជ័យក្នុងកិច្ចការពារការបោះឆ្នោតដែលប្រព្រឹត្តទៅយ៉ាងរលូន គ្មានអំពើហឹង្សាកើតឡើង និងមិនបណ្តាលឱ្យមានមនុស្សស្លាប់ឬរបួស។

ទី២-កម្ពុជាទទួលបានជោគជ័យ ខណៈធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលក្នុងនោះនគរបាលជាតិកម្ពុជាបានបំពេញភារកិច្ចក្នុងការការពារគណៈប្រតិភូ និងថ្នាក់ដឹកនាំមកចូលរួមប្រជុំប្រកបដោយសុខសុវត្ថិភាពមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់។

ទី៣-ការពារបានព្រឹត្តិការណ៍ និងកិច្ចប្រជុំធំៗជាងមួយម៉ឺនលើកទទួលបានជោគជ័យទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពថ្នាក់ដឹកនាំ ធ្វើឱ្យកិច្ចប្រជុំដំណើរការយ៉ាងរលូន។

ទី៤-កសិផលរួមមាន ស្រូវ ពោត សណ្តែកការនាំចេញមានការកើនឡើងប្រមាណជិត១១ភាគរយ ដែលនេះជាជោគជ័យមួយខាងផ្នែកសេដ្ឋកិច្ច។

ទី៥-ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងបទល្មើសផ្សេងៗទូទាំងប្រទេស ដែលធ្វើឱ្យបទល្មើសមានការថយចុះ៧ភាគរយ និងបង្ក្រាបបទល្មើសបានជាង៩០ភាគរយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើឱ្យគណៈបញ្ជាការឯកភាពខេត្តរតនគិរី ត្រូវត្រៀម និងព្យាករណ៍ចំពោះស្ថានការដែលកើតឡើងនៅពេលខាងមុខ៖

ទី១-កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានកំពូលក្នុងខែវិច្ឆិកាខាងមុខនេះដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចនិងបណ្តាប្រទេសសមាជិកអាស៊ាននឹងចូលរួមប្រជុំនៅកម្ពុជា ដូច្នេះក្នុងនាមគណៈបញ្ជាការឯកភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាប់ផ្តើមធ្វើផែនការការពារសន្តិសុខ និងសុវត្ថិភាពថ្នាក់ដឹកនាំកំពូលឱ្យបានដាច់ខាត។

ទី២-ត្រៀមខ្លួនទប់ទល់បញ្ហាបទឧក្រិដ្ឋ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដែលឃើញថា៨ខែ ដើមឆ្នាំ២០២២នេះ ចំនួនបទល្មើសមានការថយចុះ ទោះបីជាសមត្ថកិច្ចធ្វើការបង្ក្រាបមុខសញ្ញាបានជាង៩២ភាគរយ ប៉ុន្តែត្រូវតែប្រឹងប្រែងបន្តទៀតឲ្យបាន១០០ភាគរយ។

ទី៣-ចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែការពារឱ្យបានដាច់ខាត ដើម្បីសន្តិភាព និងស្ថិរភាពជា ពិសេសសេចក្តីសុខរបស់ប្រជាជនកម្ពុជា។

ទី៤-ក្នុងនាមជាសក្នងការនគរបាលខេត្ត ទើបតែងតាំងថ្មី ត្រូវដោះស្រាយនូវអ្វីៗដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ កង្វល់និងក្តីបារម្មណ៍របស់ប្រជាពលរដ្ឋមានបទល្មើសឆក់ ប្លន់ ហឹង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀនសំយោគដែលមិនមានថ្នាំអាចព្យាបាលជាសះស្បើយបាន ប៉ុន្តែមានវិធីបន្សាប។ អ្វីដែលជាក្តីបារម្មណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋខ្លួនឯងផង ពីអាជ្ញាធរមានសមត្ថកិច្ចផង ព្រមទាំងការគោរពច្បាប់និងការយោគយល់គ្នាទៅវិញទៅមកផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល យើងត្រូវមានរបបប្រជុំទៀងទាត់ និងលើកយកបញ្ហាដែលត្រូវដោះស្រាយមកដាក់ជារបៀបវារៈប្រជុំ។ រួមគ្នា និងចលនាបំផុសឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តល់អនុសាសន៍ដឹកនាំដល់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ចំនួន៦ចំណុចរួមមាន៖

ទី១-ត្រូវពង្រឹងតួនាទីក្នុងការដឹកនាំ ដោយចាត់ទុកកូនចៅជាបងជាប្អូន មានមនោសញ្ចេតនាក្នុងការជួយគ្នាទៅវិញទៅមក ជាពិសេសត្រូវទទួលខុសត្រូវមុនគេ និងទទួលយកទាំងគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីភាពជោគជ័យនៅក្នុងអង្គភាពទាំងមូល។

ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

ទី៣-ពង្រឹងរបៀបរបបធ្វើការដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីជួយដល់នគរបាលប៉ុស្តិ៍រដ្ឋបាល និងជំរុញឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលខិតខំបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងមានទំនាក់ទំនងល្អជាមួយព្រជាពលរដ្ឋ ជាពិសេសកែសម្រួលឥរិយាបថ អាកប្បកិរិយា និងពាក្យសំដី ធ្វើយ៉ាងណាឱ្យប្រជាលរដ្ឋទុកចិត្ត និងជឿជាក់មកលើនគរបាលប៉ុស្តិ៍។ ក្នុងនោះ ក្នុងនាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវពិនិត្យរបៀបរបបអនាម័យបរិស្ថានស្អាតនៅក្នុងទីតាំងកន្លែងធ្វើការផងដែរ។

ទី៤-ត្រូវពង្រឹងគុណភាពមន្ត្រីនគរបាលទាំងសមត្ថភាព ដោយធ្វើការបើកវគ្គបណ្តុះបណ្តាលនៅក្នុងអង្គភាពដោយផ្ទាល់។ គ្រប់គ្រងវត្តមានកម្លាំង និងអារម្មណ៍ ពិសេសពង្រឹងវិនយ័ សេចក្តីថ្លៃថ្នូរ និងសីលធម៌ក្នុងជួរកងកម្លាំង។ ត្រូវបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋ ចំពោះកម្លាំងនគរបាលចរាចរណ៍លើដងផ្លូវត្រូវជួយសម្រួល ក៏ដូចជាជូនក្មេង និងចាស់ជរាឆ្លងផ្លូវជាដើម ដែលនេះជាកាយវិការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។

ទី៥-លើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងទាំងក្នុងអង្គភាព និងជាមួយអាជ្ញាធរពាក់ព័ន្ធរហូតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសត្រូវលុបចោលនូវជំងឺតួឯក។

ទី៦-ស្នើឱ្យឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តរតនគិរី ធ្វើជាអាណាព្យាបាលក្នុងការដឹកនាំ គាំទ្រ ដើម្បីសម្រេចបាននូវបេសកកម្មរបស់លោកស្នងការថ្មី។ ការិយាល័យបុគ្គលិក និងការិយាល័យផ្សព្វផ្សាយអប់រំ ត្រូវបង្កើតក្រុមថ្មីមួយដែលមានសមាសភាពពាក់ព័ន្ធដើម្បីតាមដាន និងពិនិត្យមើលតាមបណ្តាញសង្គម ដើម្បីទទួលយកភាពអសកម្មផ្សេងៗព្រមទាំងការរិះគន់ដែលកេីតមាននៅក្នុងមូលដ្ឋានខេត្តរតនគិរី ដើម្បីធ្វើការស្រាវជ្រាវ ដោះស្រាយ និងបំភ្លឺឆ្លេីយតប។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ