ក្រសួងមហាផ្ទៃ៖ ការផ្ទេរថវិកាពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើន ជិត ១០ដង គឺពី ៤១៦លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ៣.៦៧៦លានដុល្លារ ក្នុងឆ្នាំ២០២២
October 14, 2022    អ្នកទស្សនា :

ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា ការផ្ទេរថវិកាពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនជិត១០ដង គឺពី៤១៦លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ៣.៦៧៦លានដុល្លារ ក្នុងឆ្នាំ២០២២ នេះ។ ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម សន្ដិបណ្ឌិត មានប្រសាសន៍បន្ថែមថាក្នុងរយៈពេល ៥ឆ្នាំនេះក្រសួងមហាផ្ទៃបានធ្វើការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានយកចិត្តទុកដាក់ជាសំខាន់ទៅលើអភិបាលកិច្ចល្អ ដែលជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកំណែទម្រង់នេះមានមុខងារជិត៦០មុខងារ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារ ផ្តល់សេវាប្រមាណជាង ៨០០ប្រភេទ ត្រូវបានធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។

ក្នុងនោះ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានយកចិត្តទុកដាក់ជាសំខាន់ទៅលើអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោត លើសកម្មភាពអាទិភាព រួមមាន៖ ១.ការពង្រឹងការគ្រប់គ្រងការងារកំណែទម្រង់ ២.ការពង្រឹង និងការកែសម្រួល រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៣.ការលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៤.ការជំរុញការផ្ទេរមុខងារក្នុងវិស័យ អាទិភាពនានាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដោយភ្ជាប់ជាមួយនឹងធនធានហិរញ្ញវត្ថុ និងធនធានមនុស្សដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និង ៥.ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ។

ក្រៅពីនេះ ឯកឧត្តម សន្ដិបណ្ឌិត បានបញ្ជាក់ឱ្យដឹងទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានទទួលថវិកាដែលភ្ជាប់ជាមួយការផ្ទេរមុខងារ និងថវិកាអន្តរាគមន៍ជាច្រើនទៀត ពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានផងដែរ។ ក្នុងក្របខ័ណ្ឌនៃការអនុវត្តមុខងារជាអាណត្តិទូទៅ និងមុខងារជាជម្រើសរបស់ខ្លួន រដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី-ខេត្ត ក្រុង និងឃុំ សង្កាត់) បានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងអនុវត្តគម្រោងសេវា សង្គមប្រមាណជាង ២.០០០គម្រោង ក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ដែល ជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ