ក្រសួងមហាផ្ទៃ ៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ទូទាំងប្រទេស ផ្ដល់សេវាបានជាង ២លានសេវា
October 14, 2022    អ្នកទស្សនា :

ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា គិតចាប់ពីពេលដាក់ឱ្យដំណើរការ រហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញ ចូលតែមួយរាជធានី-ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានផ្តល់សេវាបានចំនួន ២.១០០.៨៤៤សេវា លើ ១៤វិស័យ និងទទួលបានចំណូលសរុបចំនួន ៣០៣.០៣៤.៨២៤.១០៩រៀល។

នាឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត នេះ ត្រូវបានដាក់ឱ្យដំណើរការនៅពាក់កណ្តាល ឆ្នាំ២០១៨។

ឯកឧត្តម សន្តិបណ្ឌិត មានប្រសាសន៍ថា «គិតចាប់ពីពេលដាក់ឱ្យដំណើរការរហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញ ចូលតែមួយរាជធានី ខេត្តទាំង ២៥ ផ្តល់សេវាបានចំនួន ២.១០០.៨៤៤សេវា លើ ១៤វិស័យ ទទួលបាន ចំណូលសរុប ៣០៣.០៣៤.៨២៤.១០៩រៀល»។

ឯកឧត្តម សន្តិបណ្ឌិត បន្ថែមថា ដោយឡែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ៖ បច្ចុប្បន្នមានចំនួន ២០៤ការិយាល័យ ក្នុងនោះ គិតពីឆ្នាំ២០១៨ ដល់ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យទាំងនេះ បានផ្តល់សេវាបាន ៧.៦៧០.៤៨៣ សេវា លើ ១៧វិស័យ ទទួលបានចំណូលសរុប ៧៨.៩២២.៦៨៥.០៥៨រៀល។

ជាមួយគ្នានេះដែរ ឯកឧត្តម អ្នកនាំពាក្យ បានលើកឡើងថា ក្រសួងមហាផ្ទៃ ក៏បានពិនិត្យ និងផ្តល់អនុលោមភាពលើគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត សរុបចំនួន ១.៨៨៦គម្រោង ដែលភាគច្រើនជាគម្រោងជួសជុល-សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ សួនច្បារសាធារណៈ អគាររដ្ឋបាល បណ្តាញអគ្គិសនី គំនូសចរាចរណ៍ និងសំណង់សិល្បការនានា។

ឯកឧត្តម បន្ថែមទៀតថា ក្រោមការសម្របសម្រួលពីក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប រដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេសបានអនុវត្តគម្រោងមូលនិធិក្រុង ស្រុកចំនួន ២.៣៦១គម្រោង និងគម្រោងមូលនិធិ ឃុំ សង្កាត់ចំនួន ៩.៤៤៣គម្រោង។ លើសពីនេះ ក្រោមក្របខ័ណ្ឌមូលនិធិទ្រទ្រង់ថវិកាឆ្នាំ២០១៦-២០១៩ ពី ADB ក្រសួងមហាផ្ទៃ បានសម្របសម្រួល និងគាំទ្រការកសាងអគាររដ្ឋបាល និងអគារសាលប្រជុំសាលាស្រុកចំនួន ៧ និងអគាររដ្ឋបាលឃុំ សង្កាត់ចំនួន ១២៥ ដោយចំណាយថវិកាសរុបអស់ ១០លានដុល្លារ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ