ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ រវាងកងកម្លាំងនគរបាល នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
October 13, 2022    អ្នកទស្សនា :

តៃនិញ(វៀតណាម) ៖ អនុវត្តផែនការសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០២២ នៅព្រឹកថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯកបំរ៉ុង លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ រវាងកងកម្លាំងនគរបាល នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅសណ្ឋាគារ Melia Vinpearl ខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំបានដំណើរការតាមកម្មវិធី និងរបៀបវារៈដែលបានគ្រោងទុក ដោយភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារ និងបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាល នៃខេត្តជាប់ព្រំដែនប្រទេសទាំងពីរ ចូលរួមចំណែកជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការគ្រប់វិស័យបន្ថែមទៀតរវាង កម្ពុជា-វៀតណាម និយាយជារួម និងនិយាយដោយឡែក រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសការធានាសន្តិសុខ សណ្តាប់ធ្នាប់តំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំភាគីទាំងពីរ បានឯកភាពគ្នាតាមខ្លឹមសារដូចខាងក្រោម៖

១. បន្តរួមចំណែកលេីកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី ដោយផ្តោតលើកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

២. បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ ការបំពុលសភាពការណ៍ ក្នុងឧបាយកលញុះញង់​ បំផុសបំផុល​ បោកបញ្ឆោតប្រជាពលរដ្ឋនៅភូមិសាស្រ្តបណ្តាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ។

៣. បង្កើនការល្បាត ត្រួតពិនិត្យ ផ្សព្វផ្សាយ​ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនឱ្យគោរពឯករាជ្យ អធិបតេយ្យជាតិ ច្បាប់ ទំនៀមទម្លាប់ប្រពៃណីនៃប្រទេសនីមួយៗ គោរពប្រតិបត្តិលក្ខន្តិកៈគ្រប់គ្រងព្រំដែន ឱ្យបានហ្មឺងម៉ាត់ រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

៤.ជម្រុញសកម្មភាពឃោសនាបំផុសប្រជាពលរដ្ឋនៅតំបន់ព្រំដែនឱ្យចូលរួមក្នុងចលនាបង្ការ ប្រឆាំងបទល្មើសឆ្លងដែន សំដៅធានាសុវត្ថិភាព សន្តិសុខតាមបណ្តាភូមិ ឃុំ ស្រុកនៃខេត្តជាប់ព្រំដែនទាំងសង្ខាង។

៥. ជម្រុញ និងបង្កើនកិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចនៅតំបន់ព្រំដែន នៃប្រទេសទាំងពីរក្នុងការស្វែង និងទប់ស្កាត់មុខសញ្ញាបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មុខសញ្ញា បទល្មើសគ្រឿងញៀន បណ្តាសកម្មភាពចាត់តាំង មេខ្យល់ និងខ្សែរយៈពួកឧក្រិដ្ឋជនលួចនាំមនុស្សឆ្លងដែន ខុសច្បាប់ បណ្តាសកម្មភាពល្បែងស៊ីសងខុសច្បាប់ ជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។ល។

៥. បន្តពង្រឹងយន្តការដែលមានស្រាប់ និងបង្កើតប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ រវាងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរ ឬទទួលព័ត៌មានដោះស្រាយហេតុការណ៍យថាហេតុប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

៦. បន្តរៀបចំកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន រវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលប្រជាជនវៀតណាមតាមរបៀបប្តូរវេន​ និងតាមការសម្រេចរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ។

ចុងក្រោយប្រធានគណៈប្រតិភូនៃភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ជាភាសាខ្មែរ និងភាសាវៀតណាម។ កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសសោមនស្សរីករាយ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ