សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យនាយិកាធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ប្រចាំប្រទេសកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
October 04, 2022    អ្នកទស្សនា :

នារសៀលថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកស្រី Lyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា ទើបតែងតាំងថ្មី និងសហការី ចូលជួបសម្តែងការគួរសម។

សម្តេចក្រឡាហោម បានសម្តែងការស្វាគមន៍យ៉ាងកកក្តៅចំពោះលោកស្រីនាយិកា ទន្ទឹមនេះដែរ សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានធ្វើបេសកកម្មនាពេលកន្លងមកនៅព្រះរាជាណាចក្រកម្ពុជា ហើយបានក្លាយជាដៃគូអភិវឌ្ឍដ៏សំខាន់ដែលមិនអាចខ្វះបាន។  ជាមួយគ្នានោះសម្តេចបានលើកឡើងថា ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយគាំទ្រលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ដុជា ដែលជាបញ្ហាមួយដ៏ស្មុគស្មាញ រហូតធ្វើឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យមកដល់បច្ចុប្បន្ន មិនតែប៉ុណ្ណោះ​ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានចូលរួមគាំទ្រជាមួយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការចាប់តាំងពីឆ្នាំ២០០២ ព្រមទាំងគម្រោងមួយចំនួនទៀតតាមដងទន្លេមេគង្គផងដែរ។  
សម្តេច្រឡាហោម ក៏បានជម្រាបជូនទៅលោកស្រីនាយិកាបន្ថែមទៀតថា ចំពោះការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ បើផ្អែកតាមប្រវត្តិសាស្ត្រ ការងារកំណែទម្រង់នេះ គឺជាការងារថ្មីសម្រាប់កម្ពុជា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ ហើយស្របជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា​ ក៏បានទទួលជោគជ័យជាបន្តបន្ទាប់តាមរយៈការធ្វើកំណេទម្រង់នេះផងដែរ។  ដែលនេះបានរួមចំណែកដល់ការលើកកម្ពស់ស្ថេរភាពសង្គម ភាពជាម្ចាស់ ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ដល់ការចូលរួមរបស់ស្ត្រីនៅថ្នាក់ក្រោមជាតិផងដែរ។

ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ក៏បានជម្រាបជូនអំពីបញ្ហាប្រឈមសំខាន់ៗចំនួន ៤ ដែលត្រូវដោះស្រាយលើការងារកំណែទម្រង់ ក្នុងនោះសម្តេចបានគូសបញ្ជាក់ថា ទី១៖ការងារកំណែទម្រង់គឺជាគោលនយោបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យអនុវត្តន៍រយៈពេលជិត២ទស្សវត្សន៍កន្លងមក ប៉ុន្តែចំពោះការយល់ដឹងរបស់អ្នកពាក់ព័ន្ធនានា ទាំងស្ថាប័នសាធារណៈ និងសង្គមស៊ីវិល ព្រមទាងសាធារណជនទូទៅនៅមានកម្រិត និងមានការបកស្រាយ និងយល់ឃើញផ្សេងៗគ្នា។ ទី២៖ គឺរចនាសម្ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗមិនទាន់មានលក្ខណៈពេញលេញសមស្រប និងតាមលក្ខណៈចរិកផ្សេងៗគ្នានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយ ដែលមានលក្ខណៈទីក្រុងធំ ទីប្រជុំជន និងលក្ខណៈតំបន់ជនបទ។ ទី៣៖ គឺបញ្ហាប្រឈម លើការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។  ដោយសម្តេចបាន​បញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលបានផ្ទេរមុខងារបាន៥៥ក្នុងវិស័យចំនួន២០ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ប៉ុន្តែទោះជាយ៉ាងណាចំពោះការផ្ទេរនូវមុខងារនានា ដែលរួមមាន ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងធនធានទ្រព្យសម្បត្តិសម្រាប់ការអនុវត្តនូវមុខងារទាំងនេះ ពុំទាន់មានលក្ខណៈសមស្របតាមចំនួនមុខងារ និងទំហំមុខងារនីមួយៗដែលបានផ្ទេរ​ ព្រមទាំងពុំទាន់មានដំណើរការរលូននៅឡើយ ដែលជាក់ស្តែងថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ព្រមជាមួយអនុក្រឹត្យនៃការវិនិយោគ ដែលបានអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ​សម្រេចលើគម្រោងដែលមានទឹកប្រាក់ត្រឹម៥លានដុល្លារអាមេរិច ដោយមិនចាំបាច់ការឆ្លងការសម្រេចពីរដ្ឋបាលថ្នាក់ជាតិ។ សម្តេចក្រឡាហោម ក៏បានបញ្ជក់បន្ថែមលើចំណុចនេះថា មកដល់ពេលនេះ ពុំមានរដ្ឋបាលថ្នាក់ក្រោមជាតិណាមួយបានចិត្តសម្រេចលើគម្រោងទឹកប្រាក់ខាងលើនេះបាននៅឡើយទេ ដែលអាចមកពីកត្តាសមត្ថភាពរបស់ថ្នាក់ក្រោមជាតិ ដូច្នេះទាមទារឱ្យមានការសម្រេច និងដឹកនាំពីថ្នាក់ជាតិនៅឡើយ។ ទី៤៖ គឺការគ្រប់គ្រងបុគ្គលិក និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានដាក់ឱ្យអនុវត្តជាបណ្តើរៗក៏ដោយ ក៏ការអនុវត្តជាក់ស្តែងនៅមិនទានមានប្រសិទ្ធភាព និងពេញលេញតាមប្រព័ន្ធនោះនៅឡើយ។ ដោយឡែក ចំពោះបញ្ហាប្រឈមសំខាន់ៗដែលមានលក្ខណៈជាអន្តរវិស័យមួយចំនួន ក៏រាជរដ្ឋាភិបាល កំពុងរៀបចំ ដែលរួមមាន ការរៀបចំប្រព័ន្ធអភិបាលកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សមភាពយេនឌើ បរិយាបន្ន និងសមធម៌សង្គមផងដែរ។

ផ្អែកតាមការលើកឡើងខាងលើនេះ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ដោយមានក្តីសង្ឃឹមថា ADB នឹងបន្តការគាំទ្រដល់កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាកម្មវិធីជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលពី២ ក្នុងនេះ សម្តេចក្រឡាហោម ក៏បានស្នើដល់ភាគី ADB ឱ្យជួយគាំទ្រជាបន្តទៀតដែលរួមមាន ទី១៖ គឺបន្តស្វែងរកនូវអ្នកជំនាញបច្ចេកទេសបន្ថែម​ ដើម្បីគាំទ្រលើការងារអន្តរវិស័យមួយចំនួន ដូចជា ការរៀបចំប្រព័ន្ធអភិបាលកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុ។ ទី២៖ ស្នើADBឱ្យគាំទ្របន្ថែមលើថវិកាខ្វះខាតសម្រាប់គម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន។ ទី៣៖ ស្នើដល់ADBឱ្យជួយគាំទ្រសាងសងនូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងទៀត ក្រៅពីសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលមានដូចជា សួនច្បារ ទីធ្លាកីឡា ស្រះទឺកជាដើម ក្នុងបរិវេណសាលាជាតិរដ្ឋបាលមូលដ្ឋាន។ ទី៤៖ ព្រមទាំងស្នើដល់ការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារៈសម្រាប់ការងារស្រាវជ្រាវនៅសាលាជាតិរដ្ឋបាលមូលដ្ឋាន រួមទាំងការងារកសាងប្រព័ន្ធរដ្ឋបាល មូលដ្ឋាន ដោយឡែកសំណើរចុងក្រោយសម្តេចស្នើឱ្យADBគាំទ្រលើគម្រោងពង្រឹងសមត្ថភាពរដល់ដ្ឋបាល ស្រុកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ជាការឆ្លើយតប លោកស្រីនាយិការ ADB បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ដែលអនុញ្ញាតទទួលលោកស្រី និងសហការី ហើយADBជាដៃគូដ៏រឹងមាំសម្រាប់រដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃ ជាមួយគ្នានេះលោកស្រីសូមថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់សម្តេច ក្នុងគម្រោងរបស់ADB លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ទន្ទឹមនឹងនេះលោកស្រី បានលើកឡើងពីគម្រោងតាមដងទន្លេរមេគង្គរបស់ADBដោយគម្រោងទី១បានបញ្ចប់ខណៈគម្រោងទី២ ADBកំពុងតែធ្វើការសិក្សាបន្ត។

 លោកស្រីបង្ហាញក្តីរីករាយក្រោយបានដឹងថារាជរដ្ឋាភិបាលលើកកម្ពស់សមភាពយេនឌ័រនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ដោយឡែកចំពោះសំណើររបស់សម្តេច លោកស្រីសូមទទួលយកសំណើរទាំងនេះដើម្បីបន្តធ្វើការសិក្សាជាមួយក្រុមការងារក្រសួមហាផ្ទៃ​ ដើម្បីធានាបាននូវប្រសិទ្ធភាព។ លោកស្រីបន្តថា សម្រាប់ការងារពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុADBក៏កំពុងតែរៀបចំគម្រោង ក្នុងតម្លៃរហូតដល់ទៅ ១០០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០៣០ ក្នុងនោះលោកស្រីក៏ស្នើសុំការគាំទ្រផងដែរពីសម្តេចក្រឡាហោមផ្តល់ការគាំទ្រដើម្បីរួមគ្នាឱ្យគម្រោងនេះអាចទទួលបានប្រសិទ្ធភាពទៅថ្ងៃអនាគត។

ជាការឆ្លើយតបសម្តេចក្រឡាហោម បានសម្តែងការគាំទ្រក្នុងកិច្ចសហការរួមគ្នាជាមួយADBដើម្បីសម្រេចគម្រោងនេះឱ្យទទួលបានជោគជ័យជាពិសេសក្នុងអាណត្តិការងាររបស់លោកស្រីនាយិការផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ