សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងវេទិកាជាតិ អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦
September 29, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញចូលរួមក្នុងវេទិកាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្សលើកទី៦ ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។

វេទិកាជាតិអន្តរសាសនា លើកទី៦ ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប្រមាណ ១,៥០០អង្គ/នាក់។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន (គ.ជ.ប.ជ) បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូន សម្ដេចតេជោ ហ៊ុន សែន និងអង្គពិធីទាំងមូល ថា វេទិការនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូស្តរ៉ាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្ដថា ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតីមនុស្សគ្រប់រូបឱ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។

សម្ដេចក្រឡាហោម បន្ថែមថា វេទិកាជាតិអន្តរសាសនានេះ តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ ដោយមានថ្នាក់ដឹកនាំនិកាយសាសនាទាំងឡាយ ចូលរួមប្រារព្ធពិធីតាមបែបសាសនានីមួយៗ ក្នុងពេលតែមួយ ទីកន្លែងតែមួយ គោលដៅតែមួយ ដោយឯកភាពគ្នា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើនកុះករ។

សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំ២០២០-២០២១ គឺជាពេលវេលាដ៏លំបាក ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ បាន និងកំពុងតស៊ូ ទប់ទល់នឹងបញ្ហាប្រឈម ដែលបង្កឡើងដោយការរាតត្បាត នៃជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនបានរៀបចំកម្មវិធីទ្រង់ទ្រាយធំឡើយ។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ នាយរដ្ឋមន្ដ្រី ពិតជារីករាយ បានអញ្ជើញចូលរួមក្នុងវេទិកាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី០៦ នាពេលនេះ។ សម្ដេចតេជោ ក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរចំពោះសាសនាទាំងបី ដែលបានចូលរួមនៅក្នុងវេទិកាដ៏មានសារៈសំខាន់នាថ្ងៃនេះផងដែរ។

សម្ដេចតេជោ ក៏បានប្រកាសយកថ្ងៃទី២០ ខែសីហា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធធ្វើនៅទិវាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្ស។ សម្ដេចតេជោ បន្ដថា ទិវានេះ មិនធ្វើតែមួយថ្ងៃ២០ សីហា នោះទេ គឺត្រូវធ្វើជារៀងរាល់ថ្ងៃតែម្ដង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។

លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក៏បានថ្លែងការកោតសរសើរចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រាប់កិច្ចខិតខំប្រឹងប្រែងបង្ក្រាបការជួញដូរមនុស្ស នៅប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើសកម្មភាពព្រមៗគ្នា ទៅលើការបង្រ្កាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាស់ នាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ