រាជធានីភ្នំពេញ៖នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១នៅសណ្ឋាគាររ៉ែស៊ីដង់សុខាភ្នំពេញ ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវអភិបាលរាជធានី-ខេត្ត ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំព្រះរាជាណាចក្រ កម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ទៅលើលទ្ធផលជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១។ លោកស្រីបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីថ្នាក់ក្រោមជាតិដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អរហូតទទួលបានជ័យលាភីនៅថ្ងៃនេះ លោកស្រីសង្ឃឹម និងជឿជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិនឹងបន្តពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់មន្រ្តីថ្នាក់ក្រោមជាតិដែលបានបំពេញការងារផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិគឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ ដូច្នេះយើងត្រូវតែបន្តខិតខំប្រឹងប្រែងបន្តទៀតក្នុងការពង្រីកសេវានេះឱ្យបានកាន់តែច្រើន។
សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ការផ្តល់សេវាសាធារណៈ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗនោះ ប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការពិតជាមានគុណសម្បត្តិល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះបានផ្តល់ការទទួលខុសត្រូវ និងភាពជាម្ចាស់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅកៀកប្រជាពលរដ្ឋធ្វើសេចក្តីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានា ដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងពិធីប្រកាសពានរង្វាន់ជើងឯកសេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម មានប្រសាសន៍លើកឡើងថា កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ចែកចេញជា២ប្រភេទ គឺពានរង្វាន់ ផ្កាយសេវាសង្គម និងពានរង្វាន់ជើងឯកសេវាសង្គម ដែលត្រូវធ្វើការវាយ តម្លៃដាក់ពិន្ទុតាមសូចនាករដែលបានកំណត់។ ជាលទ្ធផល រដ្ឋបាលខេត្តដែលទទួលបានចំណាត់ថ្នាក់ជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គម មានដូចខាងក្រោម៖ ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ១, ខេត្តកណ្តាលលេខ២ ។
សម្រាប់ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង ស្រុក ខណ្ឌបានទៅលើ រដ្ឋបាលក្រុងតាខ្មៅ នៃខេតត្តកណ្តាលចំណាត់ថ្នាក់លេខ១ ,ខណ្ឌមានជ័យនៃរាជធានីភ្នំពេញ លេខ២និងរដ្ឋបាលខណ្ឌកំបូលនៃរាជធានីភ្នំពេញចំណាត់ថ្នាក់លេខ៣។ ដោយឡែក ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលឃុំ សង្កាត់បានទៅលើ រដ្ឋបាលសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញចំណាត់ថ្នាក់លេខ១ ,រដ្ឋបាលឃុំបាគង ខេត្តសៀមរាបណាត់ថ្នាក់លេខ២ រដ្ឋបាល ឃុំបន្សាយត្រែងនៃស្រុកថ្មគោល ខេត្តបាត់ដំបងចំណាត់ថ្នាក់លេខ៣ រដ្ឋបាលសង្កាត់ បឹងកេងក ងទី២ នៃខ ណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ទទួលបានចំណាត់ ថ្នាក់លេខ៤៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា