សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជូនដំណើរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីចូលរួមមហាសន្និបាត UN លើកទី៧៧ នៅសហរដ្ឋអាមេរិក
September 21, 2022    អ្នកទស្សនា :

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជូនដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណចក្រកម្ពុជា ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមមហាសន្និបាត  អង្គការសហប្រជាជាតិ (UN) លើកទី៧៧ នៅសហរដ្ឋអាមេរិក ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងឱកាស ក៏មានការអញ្ជើញចូលរួមជូនដំណើរពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ,ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត ផងដែរ។

សូមជម្រាបជូនដែរថា មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ (មសអសប) សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។ លើសពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់ «មសអសប» ផងដែរ។

ដោយឡែក ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២ វិញ សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ប្រធានាធិបតីសាធារណរដ្ឋគុណបា។

ចំពោះ ពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បី ចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ