សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទអញ្ជើញកាន់បិណ្ឌវេន ទី១០នៅវត្តមុន្នីប្រសិទ្ធិវង្ស ​
September 20, 2022    អ្នកទស្សនា :

បន្ទាប់ពីកិច្ចប្រារព្ធធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ជាជ័យមង្គលដ៏ឧត្តុងឧត្តម នារសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២រួចមក ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវ​នឹងបិណ្ឌវេនទី១០នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និង​ន​គរ​បាលជាតិគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃបានថ្វាយនូវគ្រឿងសក្ការៈបូជា ទៀនធូប ផ្កាភ្ញី និង​ថ្វាយ​ដង្វាយចំពោះព្រះសម្មាសម្ពុទ្ធ និងសមាទានសីល និមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសល និងសុំ​នូវ​សេចក្តីសុខ សេចក្តីចម្រើន។

ក្រោយពីធ្វើពិធីបង្សុកូលរួច សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការស៊ីវិល ក៏បាន​អញ្ជើញរាប់បាត្រ និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំងទេយ្យវត្ថុផ្សេងៗប្រគេនដល់ព្រះសង្ឃ ដើម្បីជា​កិច្ចដា​រឆ្លងបញ្ចប់នូវពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូន​ដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធ​នារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោកផងដែរ។

នាឱកាសនោះ សម្តេចក្រឡាហោម និងលោកជំទាវ ក៏បានមានសទ្ធាជ្រះថ្លានាំយកបច្ច័យផ្ទាល់ខ្លួន រួម​ជា​​មួ​យបច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត សម្រាប់ប្រគេនដល់វត្តមុន្នីប្រសិទ្ធិវង្ស ដើម្បីទំ​នុកបំរុង​ដល់​ព្រះសង្ឃក្នុងរដូវវស្សា និងចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានា នៅក្នុងវត្តផងដែរ។

សូមជម្រាបថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យ​ទាំ​ងឡាយក្នុងព្រះពុទ្ធសាសនា ដែលថ្នាក់ដឹកនាំនានា ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនា​​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែដឹកនាំមន្រ្តីរាជការក្រោមឱវាទ ប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមវត្តអារាមនានាជារៀងរាល់ឆ្នាំ។ ស្របពេលជាមួយនិងប្រជាពលរដ្ឋជាពុទ្ធសា​សនិក​ជន​ទូទាំ​​​ងប្រទេសកម្ពុជា កំពុងចូលរួម រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និង​គ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេនព្រះសង្ឃដែលគង់នៅទីអារាមទូទាំងប្រទេស ដើម្បី​ឧទ្ទិ​ស​កុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ ជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបាន​ចែក​ឋានទៅកាន់បរលោក៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ