សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅជប៉ុន ចូលជួបសម្ដែងការគួរសម
August 10, 2022    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម ដើម្បីទទួលបាននូវអនុសាសន៍ណែនាំ ជាពុទ្ធិក្នុងការតម្រង់ទិស និងត្រៀមលក្ខណៈឱ្យបានល្អប្រសើរ មុនពេលចាកចេញបន្ដការសិក្សា។

នាឱកាសនោះ តំណាងនិស្សិតកម្ពុជា បានលើកឡើងថា កម្មវិធីអាហាររូបករណ៍ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហៅកាត់ IDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសម្ថតភាព និងមានស្មារតីក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើង នាពេលអនាគត។ កម្មវិធីអាហាររូបករណ៍នេះ មានគោលបំណងចូលរួមចំណែកក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពរវាង កម្ពុជា-ជប៉ុន តាមរយៈការផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា។

តំណាងនិស្សិត បន្ដទៀតថា ជាក់ស្ដែង កម្មវិធីអាហាររូបករណ៍ JDS នឹងផ្តល់នូវចំណេះដឹង ជំនាញស្រាវជ្រាវ ការបង្កើតបណ្តាញទំនាក់ទំនង និងជំនាញផ្សេងៗដល់និស្សិត ដែលនឹងត្រូវទៅបន្តការសិក្សា នៅតាមសាកលវិទ្យាល័យនានានៅប្រទេសជប៉ុន។ គិតមកដល់បច្ចុប្បន្ន មន្ត្រីរាជការវ័យក្មេងប្រមាណជាង ៥០០នាក់ បានទទួលអាហាររូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ទៅសិក្សានៅប្រទេសជប៉ុន។

ដោយឡែកនៅក្នុងឆ្នាំ២០២២នេះវិញ ដោយបានឆ្លងកាត់ការជ្រើសរើសដ៏សម្រិតសម្រាំង បេក្ខជនជ័យលាភីអាហារូបករណ៍មកពីក្រសួង-ស្ថាប័ន ចំនួន១២ សរុបចំនួន ២៤រូប ក្នុងនោះ ស្ត្រីចំនួន ០៨រូប ត្រូវបានជ្រើសរើសឱ្យទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន នាខែសីហា ឆ្នាំ២០២២នេះ នៅតាមសាកលវិទ្យាល័យនានា ទៅតាមមុខវិជ្ជា រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍវិស័យឯកជន, ការលើកកម្ពស់គុណភាពអប់រំ, កសិកម្ម និងការអភិវឌ្ឍជនបទ, ការធ្វើឱ្យប្រសើរឡើងបរិស្ថានទីក្រុង, ការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព និងធានារ៉ាប់រងសង្គម, ការពង្រឹងរដ្ឋបាលសាធារណៈ, ការកសាងទំនាក់ទំនងអន្តរជាតិ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានក្ដីសង្ឃឹមថា ក្រោយបញ្ចប់ការសិក្សានៅប្រទេសជប៉ុន និស្សិតទាំងអស់ នឹងក្លាយជាដឹកថ្នាក់នាំដ៏ល្អ ព្រមទាំងយកចំណេះដឹង មកអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនបន្ថែមទៀត ដោយផ្អែកទៅលើបទពិសោធន៍ និងដឹងចំណេះថ្មីៗ តាមរយៈការសិក្សានៅប្រទេសជប៉ុន។

សម្ដេចក្រឡាហោម ក៏បានណែនាំដល់និស្សិតទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការសិក្សារៀនសូត្រ ដែលចាត់ទុកថា «ជាការប្រយុទ្ធ និងតស៊ូ ក្នុងការសិក្សា»។ សម្ដេច បានផ្ដាំផ្ញើដល់និស្សិតត្រូវផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដល់ប្រជាជនជប៉ុន។ លើសពីនេះ និស្សិតទាំងអស់ ត្រូវគោរពវិន័យសាលារៀនឱ្យបានល្អប្រសើរ ដើម្បីជៀសវាងការវាយតម្លៃមិនត្រឹមត្រូវ ឬវាយតម្លៃប្រកបដោយ អវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម បានចាត់ទុកវត្តមានទៅសិក្សានៅប្រទេសជប៉ុនរបស់ក្រុមនិស្សិតនាឱកាសនេះ ថា ជាការរួមចំណែកបង្ហាញឱ្យឃើញថ្មីមួយទៀតនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន និងថានិស្សិតអាហារូបករណ៍ទាំងអស់ក៏អាចបង្កើតទំនាក់ទំនងថ្មីៗបន្ថែមទៀតជាមួយសាស្រ្តាចារ្យជប៉ុននិងបរទេស និស្សិតសជប៉ុន និងនិស្សិតមកពីប្រទេសផ្សេងៗទៀត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ