សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ
August 09, 2022    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយមានការអញ្ជើញចូលរួមពី ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ពិតជាមានសារៈសំខាន់ ដើម្បីការពារសិទ្ធិមនុស្ស ព្រមទាំងទាក់ទងទៅនឹងការងារអំពើប្រយុទ្ធប្រឆាំង និងទប់ស្កាត់អាវុធមហាប្រល័យ។ សម្ដេច បន្ដថា ការងារទាំងនេះ ក្រុមការងារធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលជាបន្ដបន្ទាប់ ទោះបីជួបបញ្ហាមួយចំនួនក៏ដោយ។

សម្ដេចក្រឡាហោម បានបន្ថែមថា តាមការវាយតម្លៃរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នាពេលកន្លងទៅនេះ បានទម្លាក់ប្រទេសកម្ពុជាដល់ចំណាត់ថ្នាក់លេខ៣ ទាក់ទងទៅនឹងអំពើជួញដូរមនុស្ស។ សម្ដេច ក៏ចាតុទុកថា ទាំងនេះក៏ជាមូលដ្ឋានមួយសម្រាប់កម្ពុជា បន្ដប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

នាឱកាសនោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តប្រវេសន៍ បានអានសេចក្ដីព្រាង ស្ដីពីផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធ ប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ថា រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ប្រកបដោយឆន្ទៈមោះមុត ក្នុងការតស៊ូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មភទ ជាពិសេសលើស្រ្តី និងកុមារ ដើម្បីការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាជនបរទេសដែលរស់នៅព្រះរាជាណាចក្រកម្ពុជា មិនឱ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយដោយអំពើទាសភាពសម័យ ថ្មីនេះបានឡើយ។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជាសេនាធិការ បានដាក់ចេញនូវបណ្តាគោលការណ៍ ផែនការ និងវិធានការជាអាទិភាព ព្រមទាំងដឹកនាំអនុវត្ត កិច្ចការនេះទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើន គួរជាទីមោទនៈ ដែលក្នុងនោះបានលើកកម្ពស់ការយល់ដឹង របស់សាធារណជនគ្រប់ស្រទាប់ ឱ្យបានជ្រួតជ្រាបអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស កលល្បិចជនល្មើស ព្រមទាំងបានបើកកិច្ចប្រតិបត្តិការយ៉ាងសកម្មក្នុងការបង្ក្រាបអំពើជួញដូរមនុស្សជាច្រើនករណី រំដោះជនរង គ្រោះច្រើនពាន់នាក់ និងបានឧបត្ថម្ភ គាំទ្រក្នុងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដោយជោគជ័យ។

លើសពីនេះ ឯកឧត្ដម អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានលើកឡើងទៀតថា ផ្ដើមពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការធ្វើពលិកម្មយ៉ាងសកម្មរបស់ក្រសួង/ស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ បានញ៉ាំងឱ្យអំពើល្មើសទាំងនេះ ត្រូវបានកាត់បន្ថយ និងធ្វើឱ្យសង្គមកម្ពុជា មានសុខសុវត្ថិភាព សន្តិសុខ មានការវិវត្តរីកចម្រើន មានភាពស៊ីវិល័យសមស្របតាមគន្លងប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្នូររបស់ជាតិខ្មែរ ប្រជាពលរដ្ឋមានជីវភាពសមរម្យ ដោយបានចៀសផុតពីហានិភ័យ និងគ្រោះថ្នាក់ ដែលបង្កដោយអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងជួញដូរផ្លូវភេទជាបន្តបន្ទាប់៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ