អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បេីកកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល និងនាយកដ្ឋានទទួលពាក្យបណ្តឹង​ និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល
August 04, 2022    អ្នកទស្សនា :

ទីស្តីការក្រសួងមហាផ្ទៃ​ ៖​ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២​ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល និងនាយកដ្ឋានទទួលពាក្យបណ្តឹង​ និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ដោយមានការចូលរួមពី អគ្គាធិការរងទទួលបន្ទុកនាយកដ្ឋាន ប្រធាននាយករដ្ឋបាលសរុប ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យទាំងអស់នៃនាយកដ្ឋានទាំងពីរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គាធិការ បានចូលរួមអបអរសារទរជាមួយមន្ត្រីដែលទើបទទួលបានការតែងតាំងជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃនាយកដ្ឋានទាំងពីរ។​ ការតែងតាំងនេះ ជាការលើកទឹកចិត្តចំពោះមន្ត្រីសកម្ម និងមានសមត្ថភាព ទៀតសោត ការវាយតម្លៃតែងតាំងនេះជាសេចក្តីស្នើសុំផ្ទាល់ពីនាយកដ្ឋានសាមី ដោយបានឆ្លងកាត់ប្រជុំផ្ទៃក្នុងរបស់ខ្លួនស្របទៅតាមនីតិវិធី។ការទទួលបានតែងតាំង សរបញ្ជាក់ថា នេះហើយជាកិត្តិយសក្នុងនាមជាមន្ត្រីរាជការគ្រប់រូបដែលស្តែងឡើងតាមរយៈការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ហើយនេះក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដែរ តែទន្ទឹមនឹង ក៏ជាកិត្តិយស និងក៏ជាអំរែកផងដែរ និងសង្ឃឹមថាមន្ត្រីដែលទទួលបានការលើកទឹកចិត្តពេលនេះ នឹងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយសាមគ្គីភាពស្មោះត្រង់ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាកិច្ចតបស្នងជូនថ្នាក់ដឹកនាំវិញ ក៏ដូចជាអង្គភាពផងដែរ។

ជាការផ្តាំផ្ញើ ឯកឧត្តម អគ្គាធិការ បានណែនាំមន្ត្រីទើបទទួលបានការតែងតាំងថ្មីនេះ ត្រូវខិតខំស្វែងយល់ពីតួនាទីភារកិច្ចរបស់ខ្លួនឱ្យច្បាស់ សូមប្រធាននាយកដ្ឋាន អតីតប្រធានការិយាល័យ ជួយគាំទ្រ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារកន្លងមកជូនផងដែរ។​ ទន្ទឹមនឹងនេះដែរ សូមមន្ត្រីគ្រប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងស្រាវជ្រាវដើម្បីបង្កើនចំណេះដឹងជំនាញនិងទូទៅ ពាក់ព័ន្ធនឹងការងាររបស់ខ្លួន។​ ពាក់ព័ន្ធការចុះធ្វើអធិការកិច្ចបន្ទាប់ពីបានបញ្ចប់ ត្រូវមានរបាយការណ៍បឋម មួយជំហានសិន ក្នុងនោះនាយកដ្ឋានរដ្ឋបាល-សរុប ពិនិត្យតាមដានកិច្ចការនេះ ការធ្វើបែបនេះ ក្នុងគោលបំណងបង្កើនល្បឿនលទ្ធផល ដើម្បីឆ្លើយតបកាន់តែឆាប់ទៅនឹងជនឬមន្ត្រីរងគ្រោះដែលបានប្តឹងមកក្រសួង ដែលកំពុងតែរង់ចាំនូវលទ្ធផលដោះស្រាយឬជួបការលំបាកនោះ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អគ្គាធិការ បានកោតសរសើរនាយកដ្ឋានទាំងពីរផងដែរ ចំពោះសកម្មភាពការងារមានភាពល្អប្រសើរ លឿនជាងមុន តែក៏សូមបង្កើនការពិនិត្យការងារឱ្យម៉ត់ចត់ថែមទៀត ទន្ទឹមនឹងនេះក៏បានក្រើនរំលឹកមន្ត្រីទាំងអស់ឱ្យតាមដានព័ត៌មានក្នុងផេក​ សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចក្រឡាហោម​ ស​ ខេង​ ដែលលោកអាចផ្តល់ជាអនុសាសន៍ ដើម្បីបានជាមូលដ្ឋានអនុវត្តភ្លាមៗ រួមទាំងផេកក្រសួងមហាផ្ទៃ​ និងអគ្គាធិការដ្ឋាន។

ដោយឡែកសម្រាប់ការិយាល័យនៃនាយកដ្ឋានទាំងពីរ ដែលមានតួនាទីដកស្រង់ តាមដានការចុះផ្សាយនានាពាក់ព័ន្ធនឹងមន្ត្រីនៃក្រសួងមហាផ្ទៃ ត្រូវពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត ប្រធាននាយកដ្ឋាន ពិនិត្យ និងជំរុញការងារនេះឱ្យកាន់តែសកម្ម ព្រោះការចុះផ្សាយមានច្រើនណាស់នាសម័យនេះតាំងពីសារព័ត៌មាន ជាពិសេសបណ្ដាញសង្គមតែម្តង៕

ប្រភព៖​ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ