សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជន ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម
August 01, 2022    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់ របស់មហាជន ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការ, អគ្គនាយកដ្ឋានរដ្ឋបាល, អង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំង សមាជិក-សមាជិកា នៃក្រុមការងារដោះស្រាយ សំណូមពរ របស់មហាជនជាច្រើនរូបទៀត។

ក្នុងពិធីនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជន ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម បានធ្វើសេក្ដីរាយការណ៍អំពីការងារតាមដាន ការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជន នាពេលកន្លងមក ជូន សម្ដេចក្រឡាហោម ថា ដោយពិនិត្យឃើញថា ការងារដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម គឺពិតជាមានសារៈសំខាន់ខ្លាំងចំពោះរាល់បញ្ហារបស់មហាជនទូទៅក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ឯកឧត្តមបានជម្រាបជូនសម្តេចក្រឡាហោមដែរថា ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាពថែមទៀត និងជាការជឿជាក់ ព្រមទាំងទទួលបានទំនុកចិត្តរបស់មហាជន ក៏ដូចជាប្រជាពលរដ្ឋ មកលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រុមការងារ ត្រូវបានបន្ថែមសមាសភាពមួយចំនួន ដែលមានតំណាងពីគ្រប់អគ្គនាយកដ្ឋានទាំងអស់ របស់ក្រសួងមហាផ្ទៃ។

សម្រាប់ទិសដៅបន្ដទៀត ឯកឧត្តម ប្រធានក្រុមការងារ ក៏បានប្ដេជ្ញាចិត្តថា បន្តធ្វើការផ្សព្វផ្សាយផ្ទាល់នូវសកម្មភាពការងាររបស់ សម្ដេចក្រឡាហោម និងផ្សព្វផ្សាយអត្ថបទ រូបភាព និងវីដេអូ ពាក់ព័ន្ធនឹងកិច្ចការរបស់ សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង, បន្ដធ្វើការដកស្រង់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង, បន្តតាមដាន និងជំរុញការដោះស្រាយ រាល់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន និងទទួលរបាយការណ៍អំពីលទ្ធផល នៃការដោះស្រាយពីបណ្ដាល អគ្គនាយកដ្ឋាន ឬអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអានសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតក្រុមការងារតាមដាន ការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំផងដែរថា ក្រុមការងារទាំងអស់ត្រូវដោះស្រាយបញ្ហាអោយមានប្រសិទ្ធភាពបំផុត ហើយចំពោះរាល់បញ្ហាដែលក្រុមការងារពិបាកក្នុងការរកដំណោះស្រាយនោះ ក្រុមការងារត្រូវចាត់បញ្ជូនសមាជិករបស់ខ្លួនចុះទៅដល់មូលដ្ឋានដោយផ្ទាល់ ដើម្បីសិក្សារកមូលហេតុជាក់ស្តែង។ សម្ដេចបានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ មិនត្រូវទុករាល់បញ្ហានិងសំណូមពររបស់ប្រជាពលរដ្ឋ ជារឿងតូចតាចឡើយ ត្រូវរួមគ្នាដោះស្រាយភ្លាមៗ។

សម្ដេចក្រឡាហោម បន្ដទៀតថា ក្រុមការងារទាំងអស់ ត្រូវខិតខំប្រមូលព័ត៌មាន និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដើម្បីយកមកពិនិត្យ និងដោះស្រាយ ដោយមិនត្រូវទុកឲ្យនៅសេសសល់នោះឡើយ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ការតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជន ឬប្រជាពលរដ្ឋក្នុងបណ្ដាញសង្គមនេះ ប្រៀបបាននឹងការឆ្លុះកញ្ចក់មួយដូច្នេះដែរ។ សម្ដេច បន្ថែមថា ការខិតខំប្រមូលសំណើ សំណូមពរ និងមតិយោបល់តាមបណ្ដាញសង្គមនេះ ក៏ជាការឆ្លើយតបតាមសេចក្ដីប្រាថ្នារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលសម្ដេច បានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ តាមដានបញ្ហាប្រជាពលរដ្ឋលើបណ្ដាញសង្គម ហើយខិតខំដោះស្រាយឱ្យបានទាន់ពេលវេលា។

សូមជម្រាបជូនដែរថា ក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់ របស់មហាជនក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ បានបង្កើតឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ តាមសេចក្តីសម្រចរបស់ក្រសួងមហាផ្ទៃ ក្រោមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង គិតរហូតមកដល់ពេលនេះ មានរយៈពេល ២ឆ្នាំ ២ខែមកហើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ